តើអ្វីទៅគឺជា Subjunctive mood ក្នុងភាសាអង់គ្លេស?
នៅក្នុងវេយ្យាករណ៍ភាសាអង់គ្លេសតើអ្វីទៅគឺជា Subjunctive mood ? តើគេប្រើប្រាស់ទម្រង់វេយ្យាករណ៍នេះនៅពេលណាខ្លះ ? Subjunctive mood គឺជាទម្រង់វេយ្យាករណ៍មួយដែលយើងប្រើប្រាស់វាសម្រាប់និយាយពីអ្វីដែលនរណាម្នាក់ប្រាថ្នាចង់ឲ្យអ្វីមួយកើតឡើង ការស្នើសុំ ការបង្គាប់បញ្ជា ដែលទាំងនេះសុទ្ធតែស្ថិតក្នុងភាពមិនពិតនៅឡើយ។
ទម្រង់ទី១របស់ Subjunctive mood គឺមាន (That+) noun clause នៅពីក្រោយកិរិយាសព្ទចង្អុលបញ្ជាក់ (Indicative verb)។ កិរិយាសព្ទដែលមានលក្ខណៈចង្អុលបញ្ជាក់មានដូចជា Suggest, Recommend, Ask, Insist, Demand, Command, Order, Wish, Propose និង Urge។
ឧទាហរណ៍: His advisor suggests that he stick to the simplicity in his method. (អ្នកប្រឹក្សាយោបល់របស់គាត់បានណែនាំគាត់ឲ្យប្រកាន់ខ្ជាប់នូវភាពសាមញ្ញនៅក្នុងវិធីសាស្ត្រដោះស្រាយបញ្ហារបស់គាត់។)
ក្នុងល្បះនេះអ្នកប្រាកដជាប្រកែកថា Stick ត្រូវសរសេរថា Sticks វិញនោះទើបល្បះនេះត្រឹមត្រូវពេញលេញ។ យ៉ាងណាមិញ បើអ្នកថែម s ទៅលើកិរិយាសព្ទ stick ដោយសារតែសព្វនាមរបស់វាគឺជា he ដែលជាសព្វនាមបុរសទី៣ និងដោយសារតែវាស្ថិតក្នុងទម្រង់ Present simple នោះអ្នកបង្កើតកំហុសហើយ។ មូលហេតុគឺដោយសារតែវាគឺជា Subjunctive mood ដែលល្បះនេះមានលក្ខណៈជាការស្នើសុំ។
ចំពោះទម្រង់ទី១របស់ Subjunctive mood នេះ អ្នកត្រូវចាំថាកិរិយាសព្ទដែលប្រែប្រួលពេលវេលាគឺជាកិរិយាសព្ទចង្អុលបញ្ជាក់ (Indicative verb) រីឯកិរិយាសព្ទដែលស្ថិតក្នុង (That+) noun clause មិនមានពេលវេលានោះឡើយ ឬនិយាយម្យ៉ាងទៀតថា កិរិយាសព្ទនេះតែងស្ថិតក្នុងទម្រង់ដើម (Base form) របស់វាជានិច្ច។
ឧទាហរណ៍: Linda insisted that Jane come early for tomorrow's party. (លីនដាទទូចឲ្យជេនមកឲ្យបានលឿននៅថ្ងៃស្អែក។)
បើនៅពេលដែលកិរិយាសព្ទមានទម្រង់អវិជ្ជមាន នោះយើងគ្រាន់តែប្រើ not និងកិរិយាសព្ទដែលស្ថិតក្នុងទម្រង់ដើមរបស់វា ហើយមិនចាំបាច់ដាក់កិរិយាសព្ទជំនួយ (Auxiliary verb) នោះឡើយ។
ឧទាហរណ៍: Her doctor advised that she not take the sleeping pill regularly. (គ្រូពេទ្យរបស់គាត់បានណែនាំគាត់មិនឲ្យទទួលទានថ្នាំងងុយគេងជាប្រចាំនោះទេ។)
បើកិរិយាសព្ទនៅក្នុង (That+) noun clause មានទម្រង់ជា Passive form នោះយើងមិនត្រូវការប្រើកិរិយាសព្ទជំនួយ (Auxiliary verb) នោះឡើយ យើងត្រូវការដាក់តែ be និងកិរិយាសព្ទដែលស្ថិតក្នុងទម្រង់ Past participle តែប៉ុណ្ណោះ។
ឧទាហរណ៍: My professor demanded that the assignment be finished by this Wednesday. (លោកគ្រូរបស់ខ្ញុំទាមទារឲ្យកិច្ចការផ្ទះត្រូវបានបញ្ចប់រួចរាល់នៅថ្ងៃសុក្រនេះ។)
ចំពោះទម្រង់ទី២របស់ Subjunctive mood មាន It is ប្រើជាមួយនឹងគុណនាមជាក់លាក់មួយចំនួនបន្ទាប់មកមាន (That+) noun clause។ គុណនាមដែលគេចំណាំប្រើប្រាស់នៅក្នុងស្ថានភាពនេះមានដូចជា Vital, Essential, Important, Crucial, Imperative, Necessary, Best, Desirable, Urgent, Recommended, A good idea និង A bad idea។
ឧទាហរណ៍:
១) It is essential that the research about this matter be conducted as soon as possible. (វាគឺជារឿងចាំបាច់ដែលការស្រាវជ្រាវអំពីបញ្ហានេះត្រូវរៀបចំធ្វើឲ្យបានកាន់តែឆាប់កាន់តែប្រសើរ។)
២) It is crucial that everyone here pay attention to their own safety. (វាគឺជារឿងសំខាន់ដែលពួកយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ទៅលើសុវត្ថិភាពរបស់យើងរៀងៗខ្លួន។)
ទម្រង់១ទៀតរបស់ Subjunctive mood មានលក្ខណៈផ្ទុយពីការពិត គឺ If + subject + were… , subject + would… សម្រាប់និយាយអំពីអតីតកាល If + subject + were to + verb… , subject + would... ឬ Were + subject + to verb... , subject + would... សម្រាប់និយាយពីអនាគតកាល។
ឧទាហរណ៍:
១) If I were you, I wouldn't lie to my father that I didn't break his phone when in reality I was the one that did it. (បើខ្ញុំជាអ្នក ខ្ញុំនឹងមិនកុហកប៉ារបស់ខ្ញុំថាមិនបានធ្វើបែកទូរស័ព្ទរបស់គាត់ ដែលតាមការពិតគឺខ្ញុំនេះឯងជាអ្នកធ្វើធ្លាក់របស់គាត់នោះ។)
២) If I were to become an astronaut, I would die peacefully. (បើខ្ញុំបានក្លាយជាតារាវិទូ ខ្ញុំនឹងស្លាប់ដោយបិទភ្នែកជិតហើយ។)
៣) Were she to become a manager in this company, everything would be changed for the better. (បើនាងបានក្លាយជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុននេះ នោះអ្វីៗនឹងបានប្រសើរឡើងមិនខាន។)
ទម្រង់ចុងក្រោយរបស់ Subjunctive mood គឺ Subject + wish + subject + were... ដើម្បីនិយាយពីការប្រាថ្នាអ្វីមួយចង់ឲ្យអ្វីមួយកើតឡើង។ ចំពោះកិរិយាសព្ទ were មិនថាជាសព្វនាម (Subject) របស់វាជាអ្វីក៏ដោយ វាមិនផ្លាស់ប្ដូរទៅជាអ្វីផ្សេងនោះឡើយ។
ឧទាហរណ៍:
១) I wish I were at the farming field with this nice weather. (ខ្ញុំប្រាថ្នាចង់នៅវាលស្រែជាមួយនឹងអាកាសធាតុដ៏ល្អបែបនេះ។)
២) He wished he weren't fired. (គាត់សង្ឃឹមថាគាត់នឹងមិនត្រូវបានគេបណ្ដេញចេញពីការងារ។)
ដោយ៖ ស្រីពៅ