ប្រភេទឃ្លាកិរិយាសព្ទ (Phrasal verb) ក្នុងភាសាអង់គ្លេស​



ឃ្លា​កិរិយាសព្ទ (Phrasal verb) គឺជា​ការ​ផ្សំផ្គុំ​គ្នា​នៃ​កិរិយាសព្ទ (Verb) និង​ធ្នាក់ (Preposition) ឬ​គុណកិរិយា (Adverb) ឬ​មាន​ពេល​ខ្លះ​ទាំង​ធ្នាក់​និង​គុណកិរិយា។ ឃ្លា​កិរិយាសព្ទ​ខ្លះ​មិន​ត្រូវការ​កម្មបទ ដែល​ក្នុង​ភាសា​អង់គ្លេស​ហៅថា Intransitive phrasal verb ឯ​ឃ្លា​កិរិយាសព្ទ​ខ្លះ​ទៀត​ត្រូវការ​កម្មបទ​ហៅថា Transitive phrasal verb

ចំពោះ​ឃ្លា​ដែល​ត្រូវការ​កម្មបទ បើ​កម្មបទ​របស់​វា​ជា​នាម (Noun) នោះ​កម្មបទ​របស់​វា​អាច​ដាក់​នៅ​ញែក​ចន្លោះ​រវាង​កិរិយាសព្ទ​និង​ធ្នាក់ ឬ​ដាក់​នៅ​ខាង​ចុង​ឃ្លា​កិរិយាសព្ទ​ទាំងមូល​តែម្ដង។ ដោយឡែក បើ​ឃ្លា​កិរិយាសព្ទ​នោះ​មាន​សព្វនាម​ជា​កម្មបទ (Object pronoun) នោះ​កម្មបទ​នេះ​អាច​ត្រឹមតែ​ដាក់​នៅ​ចន្លោះ​រវាង​កិរិយាសព្ទ​និង​ធ្នាក់​ប៉ុណ្ណោះ។

ប៉ុន្តែ​គោលការណ៍​នេះ​ប្រើ​បាន​តែ​នៅ​ពេល​ឃ្លា​កិរិយាសព្ទ​នេះ​គឺជា​ឃ្លា​កិរិយាសព្ទ​ដែល​អាច​ញែក​បាន (Separable verb) ប៉ុណ្ណោះ។ បើ​ក្នុង​ករណី​ដែល​ឃ្លា​កិរិយាសព្ទ​ណាមួយ​នោះ​គឺជា​ឃ្លា​កិរិយាសព្ទ​ដែល​មិន​អាច​ញែក​បាន (Inseparable verb) នោះ​បើ​ទោះ​ជា​កម្មបទ​របស់​វា​ជា​សព្វនាម​ក៏​ដោយ ឬ​ជា​នាម​ក៏​ដោយ កម្មបទ​នេះ​មិន​អាច​ញែក​ឃ្លា​កិរិយាសព្ទ​នោះ​បាន​ឡើយ វា​ត្រូវ​ដាក់​នៅ​ខាង​ចុង​ឃ្លា​កិរិយាសព្ទ​ទាំងមូល។

នៅ​ពេល​អ្នក​សិក្សា​ពី​ឃ្លា​កិរិយាសព្ទ​នេះ ចំណុច​ដំបូង​ដែល​អ្នក​គួរ​ស្វែងយល់​គឺ​ថា​តើ​ឃ្លា​កិរិយាសព្ទ​នោះ​ត្រូវការ​កម្មបទ​ឬ​អត់។ បើ​វា​មិន​ត្រូវការ​ទេ នោះ​អ្នក​អាច​បញ្ចប់​ការ​វែកញែក​ពី​លំដាប់លំដោយ​ដែល​អ្នក​ត្រូវ​ដាក់​កម្មបទ​របស់​អ្នក​បាន។

យ៉ាងណាមិញ បើ​ឃ្លា​នោះ​ត្រូវការ​កម្មបទ នោះ​អ្នក​ត្រូវ​សិក្សា​បន្ត​ទៀត​ថា​តើ​វា​អាច​ញែក​បាន​ឬ​អត់ បើ​វា​ញែក​បាន នោះ​កម្មបទ​ដែល​ជា​នាម​អាច​ដាក់​នៅ​ខាង​ចុង​នៃ​ឃ្លា​នេះ ឬ​មាន​ឃ្លា​ខ្លះ​អាច​ដាក់​ញែក​នៅ​ចន្លោះ​ឃ្លា​ក៏​បាន ឬ​បើ​កម្មបទ​ជា​សព្វនាម ត្រូវ​ដាក់​នៅ​ចន្លោះ​ឃ្លា​កិរិយាសព្ទ។ តែ​បើ​វា​មិន​អាច​ញែក​បាន នោះ​កម្មបទ​ជា​នាម​ក៏ដោយ​ឬ​ជា​សព្វនាម​ក៏ដោយ ត្រូវ​ដាក់​នៅ​ខាង​ចុង​ឃ្លា​នេះ។

ជា​ឧទាហរណ៍ ឃ្លា​កិរិយាសព្ទ​ដែល​ត្រូវការ​កម្មបទ (Transitive verb) ហើយ​មិន​អាច​ញែក​បាន (Inseparable verb) មាន​ដូចជា៖

១) To catch up= តាម​ទាន់​ឲ្យ​ស្មើនឹង​កម្រិត​នៃ​អ្វីមួយ ឬ​តាម​ទាន់​ដឹង​ពី​ការ​វិវត្ត​នៃ​ព័ត៌មាន​ថ្មីៗ​ឬ​ការ​អភិវឌ្ឍ​ថ្មីៗ​ជាដើម

២) To stand for= បើ​គេ​សរសេរ​ថា “etc. stands for et cetera” នោះ​មានន័យ​ថា​អក្សរ​កាត់ etc. ប្រើ​សម្រាប់​តំណាង​ឬ​ជំនួស​ឲ្យ​ពាក្យ​ពេញ et cetera

៣) To take care of= មើល​ថែទាំ​ឬ​ផ្ដល់​ការ​យកចិត្តទុកដាក់​ដល់​នរណា​ម្នាក់​ឬ​វត្ថុ​អ្វីមួយ។

សម្រាប់​ឃ្លា​កិរិយាសព្ទ​ដែល​ត្រូវការ​កម្មបទ​ហើយ​អាច​ញែក​បាន (Separable verb) មាន​ដូចជា៖

១) To drive (something) away= បង្ខំ​ឲ្យ​នរណា​ម្នាក់​ចេញ​ឲ្យ​ឆ្ងាយ

២) To find (something) out= (ឃ្លា​នេះ​អាច​ញែក​បាន តែ​សម្រាប់​តែ​កម្មបទ​ដែល​ជា​សព្វនាម​ប៉ុណ្ណោះ ដែល​អាច​ស្ថិត​នៅ​ចន្លោះ​កណ្ដាល​ញែក​ឃ្លា​នេះ​បាន ឯ​នាម​ត្រូវ​ដាក់​នៅ​ពី​ក្រោយ​ឃ្លា​នេះ) ស្វែងរក​ឬ​ស៊ើបអង្កេត​រក​ឲ្យ​ឃើញ​នូវ​ការ​ពិត

៣) To fix (something) up= ផ្ដល់​ឲ្យ​នរណា​ម្នាក់​នូវ​អ្វី​ដែល​គេ​ត្រូវការ។

រីឯ​ឃ្លា​កិរិយាសព្ទ​ដែល​មិន​ត្រូវការ​កម្មបទ (Intransitive verb) មាន​ដូចជា៖

១) To drop by= ទៅ​លេង​ឬ​ជួប​សួរ​សុខទុក្ខ​នរណា​ម្នាក់​ដោយ​មិន​មាន​ការ​ណាត់​ទុក​ជាមុន

២) To dress up= ស្លៀកពាក់​តុបតែង​ខ្លួន

៣) To break down= ខូច​ឈប់​ដំណើរការ៕

ដោយ៖ ស្រីពៅ

X
5s