ព្រីនស៍ រៀលអ៉ីស្ទេត គ្រុប ប្រើពេល៤ឆ្នាំពង្រីកក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនកើនដល់៣០ នៅកម្ពុជា​



វត្តមានជាង៤ឆ្នាំនៅកម្ពុជា ក្រុមហ៊ុនព្រីនស៍ រៀលអ៉ីស្ទេត គ្រុប បានពង្រីកក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ខ្លួនរហូតដល់៣០ក្រុមហ៊ុន និងបានពង្រីកទំហំវិនិយោគកើនដល់៤ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០១៩នេះ។

លោកលី មីន អគ្គនាយកក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេត គ្រុប   ថ្លែងនៅក្នុងពិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅកោះពេជ្រ កាលពីល្ងាចថ្ងៃទី ១២ មេសា ២០១៨នេះ បានលើកឡើងថា ជាការពិតណាស់ វត្តមានរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត នៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលនេះគឺកើតចេញពីគោលនយោបាយ ខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន ដែលបានបើកឱកាស និងលើកទឹកចិត្តឲ្យមានការវិនិយោគជាច្រើនពីវិនិយោគិនចិនមកកាន់ប្រទេសកម្ពុជា។

លោកបញ្ជាក់ថា ការរសម្រេច បោះទុនវិនិយោគលើគម្រោងអចលនទ្រព្យក្នុងប្រទេសកម្ពុជានេះ គឺដោយសារក្រុមហ៊ុន បានមើលឃើញពីការរីកចម្រើនយ៉ាងលឿននៃកំណើតសេដ្ឋកិច្ចរបស់កម្ពុជាធៀបនឹងប្រទេសក្នុងតំបន់ដោយក្នុងនោះវិស័យសំណង់បាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ ហើយវិស័យនេះក៏កំពុងទាមទារឲ្យមានការបំពេញបន្ថែមឲ្យបានច្រើនផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ។

លោកបន្តថា រយៈពេលជាង៤ឆ្នាំរបស់ ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុបនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបានបោះទុនវិនិយោគសរុបប្រមាណជាង ៤ពាន់លានដុល្លារអាមេរិកទៅលើគម្រោងអគារខុនដូធំៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយក្នុងនោះគម្រោងធំៗចំនួនបី បាននឹងកំពុងលេចជារូបរាងបណ្ដើរៗហើយក្នុង រាជធានីភ្នំពេញ និងបីគម្រោងធំៗទៀត ក៏បាននឹងកំពុងវិនិយោគនៅខេត្តព្រះសីហនុផង ដែរ។

លោកបញ្ជាក់ថា ជាចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងរយៈពេល១០ឆ្នាំបន្ទាប់ ក្រុមហ៊ុននឹងបង្កើនទុនវិនិយោគឲ្យបាន២០ពាន់លានដុល្លារបន្ថែមទៀតក្នុងឧស្សាហកម្មសំណង់នៅកម្ពុជា ខណៈបច្ចុប្បន្ន ក្រុមហ៊ុនបានប្រមូលទិញដីទុក សម្រាប់ធ្វើការវិនិយោគទាំងនៅ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប ជាច្រើនទីតាំងផងដែរ។

បន្ថែមពីលើកនេះ លោកបញ្ជាក់ថា ក្រៅពីវិនិយោគនៅកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត ក៏បានបង្កើតជាមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋជួបការលំបាកនៅកម្ពុជាផងដែរដោយអំណោយនោះ បានមកពីចំណែកលក់ខុនដូនៅកម្ពុជា។

ឯកឧត្តម សុខ ស៊ីផាណា ទីប្រឹក្សារដ្ឋាភិបាលនិងជាអ្នកជំនាញផ្នែកច្បាប់ បានមានប្រសាសន៍ថា “គោលនយោបាយមួយនេះ ពិតជាបានជំរុញឲ្យវិនិយោគិនចិនបោះទុនដោយផ្ទាល់មកកាន់ប្រទេសកម្ពុជា។ តួយ៉ាងមានការអភិវឌ្ឍយ៉ាងសម្បើមទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងថាមពល។”

គួរបញ្ជាក់ថា  ជាលទ្ធផលគោលនយោបាយ ខ្សែក្រវ៉ាត់មួយផ្លូវមួយនេះ បាននាំឲ្យមានគម្រោងផ្លូវល្បឿនលឿនចំងាយប្រមាណ១៩០គីឡូម៉ែត្រ ដែលតភ្ជាប់ពីខេត្តព្រះសីហនុមកកាន់ក្រុងភ្នំពេញ ខណៈការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុកាន់តែមានកំណើនច្រើនឡើងៗ៕

ដោយ៖ ស្រីពេជ្រ

X
5s