តោះទៅស្គាល់សាវតាររបស់យូនីលីវ័រ និងវិធីសាស្រ្ត៦យ៉ាងដែលដឹកដៃក្រុមហ៊ុននេះឲ្យស្គាល់ជាតិជោគជ័យដល់សព្វថ្ងៃ
អ្នកប្រាកដជាស្គាល់ក្រុមហ៊ុនយូនីលីវ័រ (Unilever) ជាមិនខាន ពីព្រោះក្រុមហ៊ុនមួយនេះមានដំណើរការអាជីវកម្មរបស់ខ្លួនយូរយារណាស់មកហើយ។ បើទោះលោកអ្នកធ្លាប់ស្គាល់ម៉ាកយីហោក្រុមហ៊ុនមួយតាមរយៈផលិតផលជាច្រើនក្ដី ប៉ុន្តែអស់លោកអ្នកមួយចំនួនមិនទានដឹងអំពីសវតាក្រុមហ៊ុននេះនៅឡើយទេ។ ដូចនេះ BizKhmer នឹងនាំអ្នកទៅស្គាល់ត្រួសៗពីក្រុមហ៊ុន និងដំណើរការនៃភាពជោគជ័យរបស់ Unilever នាពេលកន្លងមក។
ប្រវត្តិក្រុមហ៊ុន
Unilever មានដើមកំណើតជាអ្នកសាប៊ូដុសខ្លូនមានឈ្មោះថា Lever Brothers ហើយក៏បន្តវិវត្តិខ្លួនផលិតជា Sunlight Soap នៅក្នុងទសវត្សន៍ ឆ្នាំ១៨៩០។ មកដល់ឆ្នាំ ១៩៣០ Lever Bros បានបញ្ចូលក្រុមហ៊ុនជាមួយ Margarine Unie ហើយក៏ពង្រីកខ្លួនចូលក្នុងទៅទីផ្សារអន្តរជាតិដោយសារក្រុមហ៊ុនទាំងពីរនេះមានចក្ខុវិស័យតែមួយ សម្លឹងឃើញអនាគតរួមគ្នាទើបសម្រេចចាប់យកឱកាសថ្មីជាមួយគ្នា។ ដោយសារក្រុមហ៊ុនពង្រីកខ្លួនកាន់តែធំ នៅលើឆាកអន្តរជាតិជាច្រើនប្រទេសទើបសម្រេចដាក់ឈ្មោះថ្មីថាជា Unilever។
ការពង្រីកខ្លួនរបស់ Unilever
មានវិធីសាស្រ្តអ្វីខ្លះទៅដែលនាំឲ្យក្រុមហ៊ុនមួយនេះអាចពង្រីកខ្លួន និងឈរជើងលើទីផ្សារបានយូរ និងជោគជ័យយ៉ាងនេះ?
១) គេសួរសំណួរត្រូវ ចេញពីពិភពលោករបស់អ្នកមកកាន់ពិភពលោករបស់យើង
Unilever មិនត្រឹមតែសួរខ្លួនឯងថា “តើខ្ញុំនឹងមាននិរន្តរភាពដោយរបៀបណាទេ” តែសំនួរធំសំខាន់បំផុតគឺ “តើអាជីវកម្មរបស់យើងនឹងដំណើរការបែបណា ដើម្បីបានទៅដល់និរន្តរភាពនៅថ្ងៃអនាគត និងធ្វើឲ្យអាជីវកម្មរីកសុះសាយគ្រប់ទីកន្លែង?” ធ្វើអ្វីដែលត្រឹមត្រូវមួយគឺជាផលចំណេញ អ្នកដឹកនាំជំនួញមួយក៏ដូចគ្នាត្រូវធ្វើអ្វីដែលត្រឹមត្រូវដើម្បីផលចំណេញ។ ធម្មតាទេការធ្វើអាជីវកម្មមួយគឺ មានការប្រកួតប្រជែងខ្លាំងណាស់ ហើយអ្នកត្រូវមានផែនការសម្រាប់ការប្រកួតប្រជែងនេះ។
២) គិតពីអត្ថប្រយោជន៍រយៈពេលវែង
មិនខុសទេដែលត្រូវគិតមួយជំហានម្តងៗ តែអ្វីដែលសំខាន់គឺជោគជ័យក្នុងរយៈពេលវែងខាងមុខ ពេលអ្នកគិតដល់ពេលវែងឆ្ងាយខាងមុខអ្នកក៏មានការតាំងចិត្តខ្ពស់ដែរ។ Unilever មិនបានគិតត្រឹមតែផលប្រយោជន៍រយៈពេលខ្លីទេ តែគាត់គិតពីនិន្នាការពង្រីកទីផ្សារទៅក្រៅប្រទេស ដែលជាហេតុធ្វើឲ្យក្រុមហ៊ុននេះព្យាយាមស្វែងរកអ្វីថ្មីៗដើម្បីពង្រីកសក្តានុពលរបស់ខ្លួនកាន់តែខ្លាំង។
៣) ទទួលស្គាល់ថាអាជីវកម្មមួយមិនមែននៅលើកោះតែឯងទេ គឺត្រូវបង្កើតបណ្តាញថ្មី
Unilever គាត់ដឹងខ្លួនឯងច្បាស់ថាគាត់មិនអាចមានអនាគតប្រកបដោយនិរន្តភាពបានដោយខ្លួនឯងទេចាំបាច់ត្រូវការដៃគូរសហការ ជាហេតុដែលគាត់ព្យាយាមស្វែងរកដៃគូររួមអាជីវកម្ម និងផ្លាស់ប្តូរពង្រីកខ្លួនបន្តិចម្តងៗរហូតមានទំហំធំដល់សព្វថ្ងៃ។
៤) ដាក់បញ្ចូលនិរន្តភាពទៅក្នុងអាជីវកម្ម ទទួលយកថានេះគឺជាដំណើរនៃការផ្លាស់ប្តូរវប្បធម៌
មិនអាចនៅតែបង្កើតអ្វីដដែលៗទេបើចង់ឲ្យអាជីវកម្មអ្នកឈរជើងបានយូរ។ ការផ្លាស់ប្តូរជាចំនុចមួយដែលអ្នកគួរធ្វើជាប្រចាំ។ ការផ្លាស់ប្តូរនេះគឺជាការបង្កើតគំនិតច្នៃប្រឌិតថ្មី រកផលិតផលថ្មី ទទួលយកសម្របជាមួយវប្បធម៌ថ្មីដើម្បីបំពេញតម្រូវការរបស់អតិថិជនឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។
៥) កុំចាំទាល់តែមានអតិថិជនមកទាញយកផលិតផល ត្រូវរុញផលិតផលអ្នកឲ្យទៅដល់ដៃអតិថិជន
បើនៅតែអង្គុយចាំឲ្យអតិថិជនមកសួរនាំពីផលិតផល ឬសេវាកម្មរបស់អ្នក ពេលណាទៅដែលគាត់មក? ទោះជាអ្នករីកចម្រើនយ៉ាងណា? សូមកុំភ្លេចធ្វើយ៉ាងណាឲ្យអតិថិជនស្គាល់ពីផលិតផលអ្នក។ វិធីសាស្រ្តដ៏ល្អវបំផុតគឺត្រូវព្យាយាមរុញផលិតផលទៅដល់ដៃអតិថិជន ទោះថ្ងៃនេះគាត់មិនទិញ តែពួកគេក៏បានស្គាល់ផលិតផលយើងរួចដែរហើយ បើយើងនៅតែបន្តធ្វើឲ្យគាត់បានឃើញ បានស្គាល់ បានដឹងពីយើង មិនយូរមិនឆាប់ទេពួកគេនឹងទិញវា។
៦) ផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង
ចុងបញ្ចប់ Unilever ទទួលស្គាល់ថា វាមានភាពខុសប្លែកពីមុនច្រើនមុនឈានមកដល់ថ្ងៃនេះ ដោយសារការផ្លាស់ប្តូរប្រព័ន្ធប្រតិបត្តិការក្នុងដំណើរការអាជីវកម្ម។ ខណៈដែលអាជីវកម្មឈានមុខ គេដឹងយ៉ាងច្បាស់ពីឧបសគ្គទូទៅចំពោះការរីកចម្រើនជាអានុភាពសម្រាប់ការវិនិយោគ ហើយក៏ព្យាយាមផ្លាស់ប្តូរប្រព័ន្ធខាងក្រៅដើម្បីភាពរីកចម្រើន។
ពិតណាស់ថា Unilever មិនល្អឥតខ្ចោះទេ តែគេបានរកវិធីសាស្រ្តល្អសម្រាប់នាំអាជីវកម្មរបស់គេទៅរកភាពជោគជ័យ។ គេមិនដែលភ្លេចការធ្វើការផ្សព្វផ្សាយពីផលិតផលរបស់គេឡើយ ដោយហេតុចង់រុញផលិតផលឲ្យទៅផលអតិថិជនបានដឹងបានស្គាល់។ ប្រតិបត្តិការអាជីវកម្មជាមួយនឹងផែនការច្បាស់លាស់ សម្លឹងឃើញវែងឆ្ងាយ ប្រកបដោយការតាំងចិត្តខ្ពស់នាំឲ្យអាជីវកម្មមួយនេះទទួលបានជោគជ័យរហូតមកដល់សព្វថ្ងៃ៕
ដោយ៖ យ៉ាយ៉ា