តើផលិតផលក្នុងស្រុកសរុប (GDP) គឺជាអ្វី?
ផលិតផលក្នុងស្រុកសរុប (GDP-Gross Domestic Product) គឺជាការវាស់ស្ទង់តម្លៃរូបិយវត្ថុរាល់ទំនិញនិងសេវាកម្មដែលផលិតក្នុងរយៈពេលកំណត់ណាមួយនៅក្នុងប្រទេសដែលបានផលិតក្នុងពេលកំណត់ណាមួយជាក់លាក់។ យើងអាចសរសេរកាត់ផលិតផលក្នុងស្រុកសរុបជា ផ.ស.ស ជាទូទៅត្រូវបានគេគណនាជាប្រចាំឆ្នាំ វាក៏អាចគណនាប្រចាំត្រីមាសផងដែរ។
បើនិយាយអំពីប្រវត្តិ ផលិតផលក្នុងស្រុកសរុប (GDP) គឹ លោក William Petty ជាអ្នកសេដ្ឋកិច្ច រូបវិទ្យាវិទូ អ្នកវិទ្យាសាស្ត្រ និងជាទស្សនវិទូ បានប្រើប្រាស់ទស្សនទានបឋមនៃទ្រឹស្តី ផលិតផលក្នុងស្រុកសរុប (GDP) ដើម្បីគណនាការយកពន្ធមិនសមប្រកបក្នុងសម័យសង្គ្រាមរវាងហុឡង់ដ៍ិ និងអង់គ្លេសចន្លោះឆ្នាំ១៦៥៤ ដល់ ១៦៧៦។ ក្រោយមកក៏មានអ្នកសេដ្ឋវិទូម្នាក់ទៀតបានអភិវឌ្ឍន៍ទ្រឹស្តីនេះបន្ថែមនៅឆ្នាំ១៦៩៥។ ប៉ុន្តែទស្សនទានផលិតផលក្នុងស្រុកសរុប (GDP)សម័យទំនើប ត្រូវបានបង្កើតជាលើកដំបូងដោយសេដ្ឋវិទូ Simon Kuznets ឱ្យសភាអាមេរិកនៅឆ្នាំ១៩៣៤។
ផ.ស.ស វាត្រូវបានគេគិតបញ្ចូលទាំងការប្រើប្រាស់ឯកជន សាធារណៈ ការចំណាយរបស់រដ្ឋាភិបាល ការវិនិយោគ សន្និធិឯកជន ការចំណាយលើការសាងសង់ និងជញ្ជីងពាណិជ្ជកម្មបរទេស (ការនាំចេញ ត្រូវបានបូកបញ្ចូល ឯការនាំចូលត្រូវបានដកចេញ)។ ជាធម្មតា ផ.ស.ស គឺជាការវាស់វែងទូលំទូលាយសូវសកម្មភាពសេដ្ឋកិច្ចជាតិជារួម ដែលវាអាចផ្ទុយពី ផលិតផលក្នុងជាតិសរុប GNP ដែលធ្វើការវាស់វែងទៅលើការផលិតសរុបនៃរបស់ជាតិ ដោយរួមបញ្ចូលទាំងប្រជាជនដែលកំពុងរស់នៅបរទេស ខណៈដែលមិនគិតពីការផលិតក្នុងស្រុកដោយជនបរទេស។
* សារៈសំខាន់នៃ ផ.ស.ស
ជំនួញនានាមួយចំនួនក៏ប្រើប្រាស់ ផ.ស.ស ជាជំនួយនៃការសម្រេចចិត្តថា តើត្រូវចំណាយយ៉ាងណា ឬភ្ជាប់ទំនាក់ទំនងយ៉ាងរវាងផលិតផលរបស់គេទៅសកម្មភាពជំនួញដទៃទៀត។ វិនិយោគិនក៏មើលឃើញថា ផ.ស.ស គឺបានផ្តល់នូវទម្រង់មួយនៃការសម្រេចចិត្តវិនិយោគ។
១) ការកំណត់ផ.ស.ស
មាន ៣ វិធីសាស្រ្តក្នុងការកំណត់ ផ.ស.ស ដូចខាងក្រោមនេះ៖
ក) ផ.ស.ស ផ្អែកទៅលើការចំណាយ
វិធីសាស្រ្តចំណាយនេះគឺជាវិធីសាស្រ្តធម្មតាមួយ ដែលគណនាលើទឹកប្រាក់ចំណាយដោយក្រុមផ្សេងៗគ្នាដែលបានចូលរួមក្នុងសេដ្ឋកិច្ច។ ឧទាហរណ៍ អ្នកប្រើប្រាស់ចណាយលើការទិញទំនិញ ឬសេវាកម្មផ្សេងៗ ហើយសម្រាប់ជំនួញចំណាយប្រាក់របស់ពួកគេទៅលើការវិនិយោគ (ដូចជាការទិញម៉ាស៊ីន ឬដាក់ទុនពង្រីកជំនួញជាដើម) ខណៈដែលរដ្ឋាភិបាលក៏បានចំនាយប្រាក់ទាំងនោះដែរ។ សកម្មភាពទាំងអស់នេះជាការចូលរួមក្នុងផលិតផលក្នុងស្រុកសម្រាប់ប្រទេសមួយ។ បន្ថែមពីនេះទៀត ទំនិញនិងសេវាកម្មមួយចំនួនដែលប្រទេសមួយបានផលិតដើម្បីនាំចេញសុទ្ធ ផលិតផលនិងទំនិញ មួយចំនួនដែលប្រើប្រាស់ក្នុងស្រុកគឺជាការនាំចូលពីក្រៅប្រទេស ហើយការគណនា ផ.ស.ស ដូចជាគណនីសម្រាប់នាំចេញនិងនាំចូល។
វិធីសាស្ត្រនេះសំខាន់ក្នុងការវាស់វែងនូវចំនួនសរុបគ្រប់យ៉ាង នៅក្នុងការអភិវឌ្ឍផលិតផលសម្រេចដើម្បីលក់។ ផ.ស.ស ប្រទេសមួយអាចគណនាដោយប្រើប្រាស់រូបមន្តដូចខាងក្រោមនេះ៖ GDP= C + G + I + NX ដោយ C ស្មើនឹង ចំនួនប្រើប្រាស់របស់ឯកជនទាំងអស់ ឬ ចំនួនចំណាយរបស់អ្នកប្រើប្រាស់ នៅក្នុងសេដ្ឋកិច្ចជាតិមួយ។ G គឺជា សរុបការចំណាយរបស់រដ្ឋាភិបាល ខណៈដែល I គឺជា សរុបនៃការវិនិយោគរបស់ប្រទេស រូមទាំង ការចំណាយមូលធន អាជីវកម្ម និង NX គឺជា ការនាំចេញសុទ្ធរបស់ជាតិទាំងអស់ ដោយយក ការនាំចេញដកការនាំចូល ( NX= Exports - Imports)។
ខ) ផ.ស.ស ផ្អែកលើផលិតកម្ម
វិធីសាស្ត្រផលិតកម្ម វាដូចជាការបំរុងទៅលើវិធីសាស្ត្រចំណាយ។ ជំនួសឲ្យការវាស់វែងទាំងស្រុងលើតម្លៃធាតុចូលដែលចិញ្ចឹមដល់សកម្មភាពសេដ្ឋកិច្ច វិធីសាស្ត្រផលិតកម្មនេះធ្វើការប៉ាន់ស្មាននូវតម្លៃសរុបនៃធាតុចេញក្នុងសេដ្ឋកិច្ច កាត់បន្ថយថ្លៃចំនាយនៃទំនិញមធ្យមដែលបានប្រើប្រាស់ក្នុងដំណើរការដូចជាវត្ថុធាតុឬសេវាកម្ម។ នៅពេលណាដែលគម្រោងចំណាយឈានឆ្ពោះទៅរកភាពលើសនៃតម្លៃមធ្យម ផលិតកម្មនឹងមើលបកក្រោយវិញពីផលប្រយោជន៍ស្ថានភាពនៃសកម្មភាពសេដ្ឋកិច្ច។
គ) ផ.ស.ស ផ្អែកលើចំនូល
វិធីសាស្ត្រចំនូលដើម្បីគណនាទៅលើ ផ.ស.ស នេះគឺផ្អែកលើភាពពិតនៃគណនេយ្យដែលរាល់ការចំណាយទាំងអស់អស់នៅក្នុងសេដ្ឋកិច្ចគួរតែស្មើរនឹងចំនូលសរុបដែលបានបង្កើតដោយផលិតកម្មទំនិញនិងសេវាកម្មក្នុងសេដ្ឋកិច្ច។ វាក៏បានសន្មត់ផងដែរថាមានបួនកត្តាសំខាន់ៗនៃផលិតកម្មក្នុងសេដ្ឋកិច្ច ហើយចំនូលទាំងអស់ត្រូវបានទៅមួយផ្នែកនៃប្រភពទាំងបួននោះ។ ដូច្នេះដោយការបន្ថែមរាល់ប្រភពទាំងអស់បញ្ចូលគ្នា គេអាចប៉ាន់ស្មានយ៉ាងឆាប់នូវតម្លៃសរុបនៃផលិតភាពក្នុងសកម្មភាពសេដ្ឋកិច្ចក្នុងរយៈពេលមួយ។ បន្ទាប់មកត្រូវមានការកែតម្រូវដើម្បីបង្កើតបានជាពន្ធ រំលោះ និងកត្តាចំណាយបរទេស។ ពិចារណាថាផ្នែកនៃចំណាយគឺជាចំនូល ហើយការដែលអ្នកចំណាយក៏ជាផ្នែកមួយនៃចំនូលរបស់អ្នកដទៃ ដូច្នេះវិធីសាស្រ្តគណនា ផ.ស.ស គឺជាអ្វីដែលនៅចន្លោះវិធីសាស្រ្តពីរដែលបានបញ្ជាក់នោះគឺ ផ្អែកលើសរុបនៃចំនូលជាតិ។ ចំនូលដែលបានមកពីគ្រប់ផលិតកម្មនៅក្នុងរង្វង់សេដ្ឋកិច្ចរួមមាន ការចំណាយលើថ្លៃឈ្នួលកម្មករ ថ្លៃជួលដី ដើមទុនបង្វិលដែលមាលក្ខណៈជាការប្រាក់ ក៏ដូចប្រាក់ចំនេញរបស់សហគ្រាស។ ប្រាក់ចំនេញសហគ្រាសនេះអាចយកទៅវិនិយោគលើអាជីកម្មរបស់ខ្លួនបន្ត ឬអាចយកទៅវិនិយោគលើអាជីវកម្មផ្សេងបន្ថែមទៀត។ ការបង្កើតនូវចំនូលជាតិទាំងនេះ ត្រូវបានប្រើជាសូចនាករពីរសំរាប់បញ្ជាក់ពីផលិតភាព និងបញ្ជាក់ពីការចំណាយ។
២) ផ.ស.សពិត (Real GDP) និង ផ.ស.ស តែនាម (Nominal GDP)
- Nominal GDP គឺជាតម្លៃផលិតផលសរុបផលិតក្នុងសេដ្ឋកិច្ចមួយដោយគណនាជាមួយថ្លៃក្នុងអំឡុងពេលនៃការផលិត។
- Real GDP គឺតម្លៃផលិតផលសរុបដែលបានផលិតក្នុងសេដ្ឋកិច្ចមួយ ដោយគណនាតាមថ្លៃក្នុងឆ្នាំមូលដ្ឋានណាមួយ។
ផ.ស.ស តែនាម ជាទូទៅខ្ពស់ជាង ផ.ស.ស ពិតព្រោះអតិផរណាជាធម្មតាវាជាតួលេខវិជ្ជមាន។ ផ.ស.ស តែនាម ត្រូវបានប្រើនៅពេលធ្វើការប្រៀបធៀបត្រីមាសផ្សេងគ្នានៃធាតុចេញនៅក្នុងដូចគ្នា។ នៅពេលប្រៀបធៀប ផ.ស.ស នៅក្នុងឆ្នាំពីរឬច្រើន គេ ផ.ស.ស ពិតព្រោះដើម្បីបំបាត់នូវផលប៉ះពាល់នៃអតិផរណាការប្រៀបធៀបសម្រាប់ឆ្នាំផ្សេងគ្នាគឺផ្តោតទៅលើតែបរិមាណឬចំនួន (Volume)។
Real GDP ត្រូវបានគណនាដោយប្រើ បរិត្តផរណានៃ ផ.ស.ស (GDP price deflator) ដោយមានភាពខុសគ្នារវាងថ្លៃនៃឆ្នាំបច្ចុប្បន្ន និងឆ្នាំមូលដ្ឋាន។ ឧទាហរណ៍ បើតម្លៃផ្កាគឺ៥%នៃឆ្នាំមូលដ្ឋាន បរិត្តផរណាគួរតែស្មើរ ១.០៥ ហើយ Nominal GDP គឺត្រូវចែកជាមួយបរិត្តផរណា អ្វីដែលទទួលបានគឺជា Real GDP។ ជារួម Real GDP គឺជាសន្ទស្សន៍ល្អប្រសើរសម្រាប់ចំនូលជាតិរយៈពេលវែង។
៣) ហេតុអ្វី ផ.ស.ស មានការប្រែប្រួល?
ផ.ស.ស ប្រែប្រួលដោយសារតែវដ្តអាជីវកម្ម។ នៅពេលសេដ្ឋកិច្ចរីកចម្រើនហើយ ផ.ស.ស កើនឡើង វាមកដល់ចំនុចមួយដែលអតិផរណាមានសម្ពាធកើនឡើងយ៉ាងឆាប់រហ័ស វាឈានដល់ការប្រើប្រាស់ស្ទើរពេញលេញនៃកំលាំងពលកម្មនិងផលិតភាព។ នេះជាហេតុនាំឲ្យធនាគារកណ្តាលចាប់ផ្តើមរឹតបន្តឹងគោលនយោបាយរូបិយវត្ថុដើម្បីបន្ថយកំដៅសេដ្ឋកិច្ចនិងបង្ក្រាបអតិផរណា។
- នៅពេលដែលអត្រាការប្រាក់កើនឡើង ក្រុមហ៊ុននិងអ្នកប្រើប្រាស់កាត់បន្ថយការចំណាយរបស់ពួកគេ ហើយសេដ្ឋកិច្ចនឹងរីកចម្រើនយឺត តម្រូវការចាប់ផ្តើមធ្លាក់ចុះជាហេតុនាំឲ្យក្រុមហ៊ុនកាត់បន្ថយចំនួនបុគ្គលិក ដែលវាប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកប្រើប្រាស់និងតម្រូវការ។ ដើម្បីបំបែកវដ្តដ៏អាក្រក់មួយនេះ ធនាគារកណ្តាលបានធ្វើឲ្យថយចុះនូវគោលនយោបាយរូបិយវត្ថុ ដើម្បីជំរុញការរីកលូតលាស់សេដ្ឋកិច្ច និងធនិកម្មភាពរហូតដល់សេដ្ឋកិច្ចអាចរីកលូតលាស់ឡើងវិញ។ តែទោះជាយ៉ាងណាវដ្តនេះនឹងបន្តកើតមានម្តងហើយម្តងទៀត។
- ការចំណាយរបស់អ្នកប្រើប្រាស់គឺជាសមាសភាគធំបំផុតក្នុងសេដ្ឋកិច្ច។ ទំនុកចិត្តរបស់អ្នកប្រើប្រាស់សំខាន់បំផុតក្នុងការធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន។ កម្រិតទុកចិត្តកាន់តែខ្ពស់វាបង្ហាញថាអ្នកប្រើប្រាស់នឹងធ្វើការចំណាយយ៉ាងពិតប្រាកដ តែបើអ្នកប្រើប្រាស់បាត់បង់ទំនុកចិត្តគឺគ្មានសង្ឃឹមឡើយដែលគាត់នឹងចំណាយ។ ការវិនិយោគអាជីវកម្មគឺជាសមាសភាគសំខាន់នៃ ផ.ស.ស នៅពេលដែលសមត្ថភាពនៃផលិតភាពកើនឡើង និងបង្កើនការងារ។ ការចំណាយរបស់រដ្ឋាភិបាលជាការសន្មត់សមាសភាគយ៉ាងសំខាន់សម្រាប់ ផ.ស.ស នៅពេលមានការធ្លាក់ចុះយ៉ាងខ្លាំងនូវការចំណាយរបស់អ្នកប្រើប្រាស់ និងការវិនិយោគអាជីវកម្មបន្ទាប់ពីមានវិបត្តសេដ្ឋកិច្ច៕
ដោយ៖ យ៉ាយ៉ា