កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាបើកសម្ពោធទទួលពាក្យប្រកួតប្រជែងសម្រាប់ឆ្នំា២០១៩នេះ​



សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា( YEAC) បានសហការគ្នាដើម្បីរៀបចំការប្រកួតប្រជែង កម្មវិធីពានរង្វាន់សហ- គ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៩ (Cambodian Young Entrepreneur Awards 2019) ជាលើកទី៥ ។ សហគ្រិនដែលបានបំពេញលក្ខខណ្ឌខាងក្រោមនេះ អាចចូលរួមដាក់ពាក្យប្រកួតប្រជែង នៅក្នុងកម្មវិធីនេះតាមរយៈ http://cyeaward.com/ ឬ ទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០១៥ ៩០២ ៦២២/០៦៩៥៤ ៥៦ ៧៨។ ការទទួលពាក្យនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី ២៤ ខែមិនា ដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៩ ។ លក្ខខណ្ឌ នៃការប្រកួតប្រជែង គឺបេក្ខជន ត្រូវមាន៖ o អាយុចាប់ពី ១៨ ដល់ ៤៥ឆ្នាំ o អាជីវកម្មត្រូវបានបង្កើតដំបូងនៅប្រទេសកម្ពុជា និង មានភាគហ៊ុនយ៉ាងតិច៥១ភាគរយ គ្រប់គ្រងដោយជនជាតិខ្មែរ o អាជីវកម្មត្រូវចុះបញ្ជីការត្រឹមត្រូវតាមផ្លូវច្បាប់ និង មានដំណើរការយ៉ាងតិច២ឆ្នាំ o អាជីវកម្មត្រូវមានបុគ្គលិកអចិន្ត្រៃយ៍យ៉ាងតិច ៥នាក់ o សហគ្រិន/អាជីវកម្មមិនត្រូវបានពាក់ព័ន្ធជាមួយគណៈកម្មការជ្រើសរើស និង ក្រុមអ្នករៀបចំកម្មវិធី o មិនត្រូវជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ o ស្រ្តីត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការដាក់ពាក្យ សូមបញ្ជាក់ផងដែរថា នេះគឺជាលើកទី ៥ ហើយ ដែលកម្មវិធីពានរង្វាន់សហគ្រិននៃវ័យក្មេងកម្ពុជា បានធ្វើការប្រកួតប្រជែងនេះឡើង។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីឲ្យមានការទទួលស្គាល់ និងការលើកទឹកចិត្តដល់បណ្តាសហគ្រិនវ័យក្មេងកម្ពុជា ឱ្យមានឱកាសចូលរួម បង្ហាញពីសមត្ថភាព ព្រមទាំងចែករំលែកនូវភាពជោគជ័យជាលក្ខណៈថ្នាក់ជាតិ។ ជាពិសេសឆ្នាំនេះ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជានឹងមានការចុះទៅធ្វើការទស្សនាផ្ទាល់នូវទីតាំងអាជីវកម្មរនីមួយៗរបស់សហគ្រិននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។ នៅក្នុងឆ្នាំ២០១៩ កម្មវិធីនេះ នឹងផ្តល់ឱកាសដល់សហគ្រិនដែលបានចូលរួមដាក់ពាក្យប្រកួត ឡើងធ្វើបទបង្ហាញពីសក្តានុពលអាជីវកម្មរបស់ខ្លូនទៅកាន់សាធារណៈជន ក៏ដូចជាគណៈកម្មាការ សហគ្រិន វិនិយោគិន សមាគមន៍ ជាដើម។ បន្ទាប់មកទៀត សហគ្រិននឹងត្រូវជួបជាមួយនឹងគណៈកម្មាការនៅក្នុងបន្ទប់នីមួយៗទៅតាមមុខជំនាញ និងផ្នែកផ្សេងៗដែលក្រុមការងារបានរៀបចំ ដើម្បីធ្វើការវាយតម្លៃស៊ីជម្រៅ និងដាក់ពិន្ទុទៅលើអាជីវកម្មរបស់បេក្ខជនដែលជាសហគ្រិនទាំងអស់ឲ្យកាន់តែមានភាពសុក្រឹត្យ និងយុត្តិធម៌។ ជាការកត់សម្គាល់ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងឆ្នាំ២០១៩នេះ ក៏នឹងធ្វើការផ្សព្វផ្សាយទៅដល់សហគ្រិនវ័យក្មេងនៅក្នុងខេត្តចំនួន ៥បន្ថែមទៀតរួមមាន ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម និងកំពត។ ការផ្សព្វផ្សាយនេះក៏នឹងចូលរួមចំណែកក្នុងការលើកទឹកចិត្តអោយសហគ្រិនវ័យក្មេងនៅតាមខេត្តមានឱកាសចូលរួមនៅក្នុងកម្មវិធីនេះផងដែរ។ គួររម្លឹកជូនថា ការប្រកួតប្រជែងនេះក៏បានចូលរួមយ៉ាងខ្លាំងនៅក្នុងការលើកកម្ពស់ឲ្យសហគ្រិនកម្ពុជាមានភាពក្លាហាននិង ទំនុកចិត្តក្នុងការបង្ហាញពីភាពច្នៃប្រឌិត ការតស៊ូប្រឹងប្រែងរហូតទទួលបានជោគជ័យក្នុងការប្រកបអាជីវកម្មរបស់ខ្លូន។ ក្រៅពីនេះ កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាក៏ដើរតួយ៉ាងសំខាន់ក្នុងការជម្រុញអោយសហគ្រិនវ័យក្មេងកម្ពុជាពាំនាំអាជីវកម្មរបស់ខ្លូនដើម្បីយកទៅប្រកួតប្រជែង និដណ្តើមយកពានរង្វាន់ផ្សេងទៀតលើឆាកអន្តរជាតិផងដែរ។ លើសពីនេះទៅទៀត សហគ្រិននឹងទទួលបានឧត្តមភាពនៅក្នុងការស្វែងរកដៃគូរអាជីវកម្ម ឬ អ្នកវិនិយោគ ទាំងក្នុងនិងក្រៅប្រទេស ដែលជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា៕
X
5s