ពាក្យ Idioms ​ចំនួន​ ៦​ឃ្លា ​ដែល​ផ្សំផ្គុំ​ឡើង​ដោយ​ពាក្យ​ Green (ពណ៌​បៃតង)​



Idioms (សំនួន​វោហាស័ព្ទ) មាន​ប្រយោជន៍​និង​សារៈសំខាន់​ណាស់​ក្នុង​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ។ តាម​ពិត​ទៅ​ក្នុង​ភាសា​ណា​ក៏​មាន​សំនួន​វោហាស័ព្ទ​របស់​ពួកគេ​ដែរ ប៉ុន្តែ​សំនួន​វោហាស័ព្ទ​ឬIdioms​នេះ​មិន​មាន​អត្ថន័យ​ដូច​ទៅ​នឹង​ពាក្យ​នីមួយៗ​ដែល​ផ្សំផ្គុំ​ឃ្លា​នេះ​ឡើង​នោះ​ឡើយ តែ​វា​មាន​លក្ខណៈ​ជា​ន័យ​ធៀប​ដែល​ចង់​ប្រដូច​ទៅ​នឹង​អ្វីមួយ​ទៀត។ ខាងក្រោម​នេះ​គឺជាIdioms​ចំនួន​៦​ឃ្លា​ដែល​ផ្សំផ្គុំ​ឡើង​ដោយ​ពាក្យ​ Green (ពណ៌​បៃតង)៖

១) When she told me she is going to have a trip to Paris next week, I was green with envy. «នៅ​ពេល​នាង​ប្រាប់​ខ្ញុំ​ថា នាង​នឹង​ទៅ​ដើរ​កម្សាន្ត​នៅ​ទីក្រុង​ប៉ារីស​សប្ដាហ៍​ក្រោយ ខ្ញុំ​ពិត​ជា​ច្រណែន​នាង​ណាស់។» ។ នៅ​ពេល​អ្នក​ច្រណែន​នឹង​នរណា​ម្នាក់​អំពី​អ្វីមួយ​យ៉ាង​ខ្លាំង នោះ​អ្នក​អាច​ប្រើប្រាស់​ឃ្លា to be green with envy ដើម្បី​រៀបរាប់​អំពី​អារម្មណ៍​នេះ​បាន។

២) My father has a green thumb. He grows many kinds of vegetables such as cucumber, tomato, and cabbage as well as many kinds of fruit such as orange, mango, and guava. «ឪពុក​របស់​ខ្ញុំ​ប៉ិនប្រសប់​ក្នុង​ការ​ដាំដុះ​ណាស់។ គាត់​ដាំ​បន្លែ​ជាច្រើន​មុខ​ដូចជា ត្រសក់ ប៉េងប៉ោះ និង​ស្ពៃក្ដោប ព្រម​ទាំង​ផ្លែឈើ​ជាច្រើន​មុខ​ទៀត​ដូចជា ក្រូច ស្វាយ​និង​ត្របែក។» ។ To have a green thumb ប្រើប្រាស់​សម្រាប់​រៀបរាប់​អំពី​មនុស្ស​ណា​ដែល​មាន​ជំនាញ​ឬ​ភាព​ប៉ិនប្រសប់​ក្នុង​ការ​ដាំដុះ។

៣) I asked my teacher to leave home early today because I was green around the gills. «ថ្ងៃនេះ​ខ្ញុំ​សុំ​គ្រូ​របស់​ខ្ញុំ​ចេញ​មុន ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​មិន​សូវ​ស្រួល​ខ្លួន។» ។ ជំនួស​ឲ្យ​ពាក្យ «sick» ដែល​ត្រូវ​បាន​និយម​ប្រើ​ជា​ញឹកញាប់ អ្នក​អាច​ប្ដូរ​មក​ប្រើ​ឃ្លា to be green around the gills ដើម្បី​រៀបរាប់​នៅ​ពេល​នរណា​ម្នាក់​ឈឺ​ឬ​មិន​ស្រួល​ខ្លួន​វិញ​បាន។

៤) I was so excited when my manager gave me the green light to solve the problem in my own way. នៅ​លើ​ភ្លើង​សញ្ញា​ចរាចរណ៍ ភ្លើង​ពណ៌​បៃតង(the green light) បញ្ជាក់​ថា​អ្នក​ដំណើរ​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​បាន។ នៅ​ក្នុង​ឧទាហរណ៍​ខាងលើ​នេះ​មានន័យ​ថា «ខ្ញុំ​ពិត​ជា​សប្បាយចិត្ត​ណាស់​នៅ​ពេល​អ្នក​គ្រប់គ្រង​របស់​ខ្ញុំ​អនុញ្ញាត​ឲ្យ​ខ្ញុំ ដោះស្រាយ​បញ្ហា​ទៅ​តាម​របៀប​របស់​ខ្ញុំ​បាន»។ ។ To give someone the green light មានន័យ​ថា​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​ធ្វើ​រឿង​អ្វីមួយ ម្យ៉ាងទៀត​ឃ្លា​នេះ​ក៏​ច្រើន​ប្រើ​ក្នុង​ស្ថានភាព​ការងារ​ផង​ដែរ។

៥) Reducing plastic use is easier said than done. In reality, few people can commit their life to go green. មាន​ពាក្យ «reducing plastic use(កាត់បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក)» តើ​អ្នក​អាច​ទាយ​ត្រូវ​ទេ​ថា​តើ​ឃ្លា to go green មានន័យ​យ៉ាង​ដូចម្ដេច ? អត្ថន័យ​នៃ​ឧទាហរណ៍​ខាងលើ​នេះ​មានន័យ​ថា «ការ​កាត់បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​គឺជា​រឿង​ដែល​ងាយស្រួល​និយាយ​ជាង​ធ្វើ។ ជាក់ស្ដែង​មាន​មនុស្ស​តិចតួច​ប៉ុណ្ណោះ​ដែល​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ជីវិត​របស់​ពួកគេ​ថា​នឹង​រស់នៅ​ដោយ​គិតគូរ​ពី​បរិស្ថាន»។ ។ ដូច្នេះ to go green មានន័យ​ថា​ផ្លាស់ប្ដូរ​ការ​រស់នៅ​ទៅ​ជា​ការ​រស់នៅ​ដែល​គិតគូរ​ពី​បរិស្ថាន។ ]

៦) We always complain about our problems and look at others and feel jealous of them, but the grass is always greener on the other side. We never know what they have been and are going through. «ពួក​យើង​តែងតែ​រអ៊ូរទាំ​ពី​បញ្ហា​របស់​យើង ហើយ​សម្លឹង​មើល​ទៅ​អ្នកដទៃ​និង​លួច​ច្រណែន​ពួកគេ។ ប៉ុន្តែ​ស្មៅ​តែងតែ​លូតលាស់​ខៀវ​ខ្ចី​ជាង​នៅ​ម្ខាង​ទៀត​ជានិច្ច។ ពួក​យើង​មិន​ដែល​ដឹង​ទេ​ថា​តើ​ពួកគេ​បាន​ឆ្លងកាត់​និង​កំពុងតែ​ជួប​រឿងរ៉ាវ​អ្វីខ្លះ​នោះ​ឡើយ»។ «The grass is always greener on the other side.» អាច​ចាត់​ទុក​ថា​ជា​សុភាសិត​មួយ​របស់​អង់គ្លេស ដែល​ពោរពេញ​ទៅ​ដោយ​អត្ថន័យ​ដ៏​មានន័យ​អំពី​ជីវិត។ មនុស្ស​យើង​តែង​សម្លឹង​ឃើញ​តែ​បញ្ហា​ខ្លួនឯង ហើយ​គិត​ថា​អ្នកដទៃ​មាន​អ្វីៗ​ល្អ​ជាង​ខ្លួន។ ប៉ុន្តែ​នៅ​ក្នុង​ជីវិត គ្រប់​គ្នា​សុទ្ធតែ​មាន​បញ្ហា​ទាំងអស់។ អ្វី​ដែល​អ្នក​មើល​ឃើញ​គ្រាន់តែ​ជា​ជ្រុង​ម្ខាង​នៃ​ជីវិត​របស់​ពួកគេ​ប៉ុណ្ណោះ​ឯង៕

ដោយ៖ ស្រីពៅ

X
5s