ពាក្យចំនួន ១០ដែលត្រូវបានហៅខុសគ្នាក្នុង British English និង American English​



អ្នក​សិក្សា​ភាសា​អង់គ្លេស​មាន​ច្រើន ប៉ុន្តែ​មិន​មាន​អ្នក​សិក្សា​អង់គ្លេស​ច្រើន​ប៉ុន្មាន​នាក់​នោះ​ទេ​ដែល​បាន​សង្កេត​និង​យកចិត្តទុកដាក់​ទៅ​លើ​ចំណុច​សំខាន់​មួយនេះ។ ចំណុច​សំខាន់​នេះ​គឺ​ភាសា​អង់គ្លេស​បែងចែក​ជា​២​ប្រភេទ គឺ​ភាសា​អង់គ្លេស​តាមបែប​ចក្រភពអង់គ្លេស ដែល​គេ​ហៅថា British English និង​ភាសា​អង់គ្លេស​តាមបែប​អាមេរិក ដែល​គេ​ហៅថា American English។

ដើម​ឡើយ​ពួក​អង់គ្លេស​បាន​នាំ​យក​នូវ​ភាសា​របស់​ពួកគេ​ចូល​ទៅ​កាន់​ដែនដី​របស់​ពួក​អាមេរិក​ក្នុង​អំឡុង​សតវត្ស​ទី​១៦​និង​ទី១៧។ អំឡុង​ពេល​នោះ​នៅ​ចក្រភពអង់គ្លេស វចនានុក្រម​ដំបូង​បង្អស់​របស់​ពួកគេ​កំពុង​តែ​ត្រូវ​បាន​ចងក្រង​ដោយ​អ្នកប្រាជ្ញ​របស់​ទីក្រុង​ឡុង។ ខណៈ​ពេល​ជាមួយ​គ្នា​នេះ​ដែរ អ្នក​តែង​និពន្ធ​វចនានុក្រម​មួយ​រូប​របស់​អាមេរិក​ដែល​មាន​ឈ្មោះ​ថា Noah Webster ក៏​បាន​ចងក្រង​វចនានុក្រម​សម្រាប់​ប្រទេស​អាមេរិក​របស់​គាត់ និង​បាន​ផ្លាស់ប្ដូរ​ការ​ប្រកប​ពាក្យ​មួយ​ចំនួន​របស់​អង់គ្លេស​ឲ្យ​ទៅ​ជា​របៀប​របស់​ពួក​អាមេរិក ដើម្បី​បង្ហាញ​ពី​ភាព​ឯករាជ្យ​នៃ​វប្បធម៌​របស់​អាមេរិក​ពី​ចក្រភពអង់គ្លេស។ ខាងក្រោម​នេះ​ជា​ឧទាហរណ៍​នៃ​ពាក្យ​ចំនួន​១០ ដែល​ត្រូវ​បាន​ហៅ​ឈ្មោះ​ផ្សេង​គ្នា​ក្នុងភាសាអង់គ្លេសទាំងពីរ៖

១) Courgette (អង់គ្លេស) : Zucchini (អាមេរិក) Courgette ឬ Zucchini សំដៅ​ទៅលើ​បន្លែ​មួយ​ប្រភេទ​ដែល​ស្រដៀង​គ្នា​នឹង​ត្រសក់​ស្រូវ ដែល​ប្រជាជន​ខ្មែរ​យើង​និយម​យក​វា​ធ្វើ​ជា​ជ្រក់​ឬ​អន្លក់។

២) Aubergine (អង់គ្លេស) : Eggplant (អាមេរិក) Aubergine ឬ Eggplant គឺជា​ត្រប់​វែង​សម្រាប់​យក​មក​ធ្វើ​ជា​ម្ហូប​អាហារ។

៣) Trousers (អង់គ្លេស) : Pants (អាមេរិក) Trousers ឬ Pants គឺជា​ខោ​ជើង​វែង​ទូទៅ។

៤) Pant (អង់គ្លេស) : Underwear (អាមេរិក) Pant សម្រាប់​ប្រជាជន​អាមេរិក​គឺជា​ខោ​ជើង​វែង រីឯ Pant សម្រាប់​ពួក​អង់គ្លេស​វិញ​គឺ​សំដៅ​ទៅលើ​ខោ​អាវ​ក្នុង ឯ​ខោ​អាវ​ក្នុង​សម្រាប់​អាមេរិក ពួកគេ​ហៅថា Underwear។

៥) Boot (អង់គ្លេស) : Trunk (អាមេរិក) គូទ​ឡាន​របស់​អ្នក​ក្នុង​ភាសា​អង់គ្លេស​គឺជា Boot រីឯ​អាមេរិក​ហៅថា Trunk។

៦) Ground floor (អង់គ្លេស) : First floor (អាមេរិក) អង់គ្លេស​ចាត់​ទុក​ជាន់​ដំបូង​បង្អស់​ជា​ជាន់​ផ្ទាល់​ដី រួច​ជាន់​ខាងលើ​បន្ទាប់​ជា​ជាន់​ទី១។ ដោយឡែក អាមេរិក​រាប់​ជាន់​ដំបូង​គេ​ជា​ជាន់​ទី១ ហើយ​ជាន់​បន្ទាប់​ជា​ជាន់​ទី២។

៧) Petrol (អង់គ្លេស) : Gas/Gasoline (អាមេរិក) អង់គ្លេស​សំដៅ​ទៅលើ​អ្វីមួយ​ដែល​ស្ថិត​ក្នុង​ភាព​ជា​ឧស្ម័ន​ជា Gas រីឯ​សាំង​សម្រាប់​ចាក់​យានយន្ត​ជា Petrol។ ដោយឡែក​ពួក​អាមេរិក​ហៅ​សាំង​ថា​ជា Gas ឬ Gasoline។

៨) Biscuit (អង់គ្លេស) : Cookie (អាមេរិក) Biscuit គឺជា​នំ​ដុត​មួយ​ប្រភេទ​ដែល​មាន​រសជាតិ​ផ្អែម ស្រួយ និង​ផ្សំ​ឡើង​ពី​ប័រ។ អាមេរិក​ហៅ​នំ​ប្រភេទ​នេះ​ថា Cookie។

៩) Crisps (អង់គ្លេស) : Chips (អាមេរិក) Crisps គឺជា​នំ​ដំឡូង​បារាំង​កញ្ចប់​ស្រួយៗ ហើយ​អាមេរិក​ឲ្យ​ឈ្មោះ​វា​ថា Chips។

១០) Chips (អង់គ្លេស) : French fries (អាមេរិក) អាមេរិក​ហៅ​នំ​ដំឡូង​បារាំង​កញ្ចប់​ស្រួយៗ​ថា​ជា Chips ប៉ុន្តែ​នៅ​ពេល​ពួក​អង់គ្លេស​និយាយ Chips វិញ នោះ​ពួកគេ​សំដៅ​លើ​ដំឡូង​បារាំង​ចៀន​ក្ដៅៗ។ រីឯ​អាមេរិក​ក៏​មាន​ពាក្យ​សម្រាប់​ហៅ​ដំឡូង​បារាំង​ប្រភេទ​នេះ​ដែរ នោះ​គឺ French fries៕

ដោយ៖ ស្រីពៅ

X
5s