រោគសញ្ញអ្វីខ្លះដែលបង្ហាញថាអ្នកកើតជំងឺរលាកស្រោមខួរក្បាល?
ជំងឺរលាកស្រោមខួរក្បាលជាជំងឺដ៏កាចសាហាវមួយដែលងាយនឹងអាចសំលាប់អ្នកជំងឺបើមិនធ្វើការព្យាបានឲ្យបានទាន់ពេលវេលា។ ជំងឺនេះបណ្តាលមកពីការបង្កនៃវីរុស ប៉ុន្តែពេលខ្លះវាក៏អាចបណ្តាលមកពីបាក់តេរីនិងពពួកផ្សិតមួយចំនួនដែរ។ ជំងឺនេះមានរោគសញ្ញាដូចជា ក្តៅខ្លួន ឈឺក្បាល និងរឹងក (ងាក បែរឬឱនងើបមិនបាន)។
មានករណីខ្លះវាអាច អ្នកជំងឺរលាកស្រោមខួរក្បាលអាចនឹងធូរស្រាលវិញដោយខ្លួនឯងក្នុងរយៈពេលពីរសប្តាហ៍ ឬត្រូវការប្រើថ្នាំផ្សះព្យាបាលជាបន្ទាន់ ឬទាន់ពេលវេលា។ ធ្វើយ៉ាងណាទើបអាចដឹងថាអ្នកជំងឺកើតនិងមានជំងឺរលាកស្រោមខួរក្បាល? អាការៈដំបូងនៃការកើតជំងឺរលាកស្រោមខួរក្បាលនេះ អាចមានការច្រលំទៅនឹងផ្តាសាយធំ ដែលវាឆ្លងកាត់អាការៈមួយចំនួនដូចជា៖
ក) ក្តៅខ្លួនខ្លាំងភ្លាមៗ
ខ) ឈឺក្បាលខ្លាំង
គ) រឹងក
ឃ) ក្អួត ឬចង្អោរពេលឈឺក្បាលម្តងៗ
ង) វង្វេងវង្វាន់ ឬពិបាកផ្ចង់អារម្មណ៍
ច) ប្រកាច់
ឆ) ងងុយគេង ឬពិបាកភ្ញាក់ពីគេង
ជ) ខ្លាចពន្លឺ
ឈ) មិនចង់ញ៉ាំអាហារ និងមិនឃ្លាន
ញ) អាចមានករណីមួយចំនួនមានឡើងកន្ទួលលើស្បែកទៀតផង យើងអាចសម្គាល់អាការៈទាំងនេះបានងាយស្រួលបន្តិចបើកើតលើមនុស្សពេញវ័យ ឬកុមារ។
តែក្នុងករណីទារកទើបនឹងកើតយើងមិនអាចដឹងថាគាត់មានអាការៈឈឺក្បាលខ្លាំង ឬរឹងកឡើងព្រោះវាមិនបង្ហាញច្បាស់ចំៗឡើយ។ តែទោះជាយ៉ាងណាយើងអាចសង្កេតតាមសញ្ញាដូចខាងក្រោមនេះ៖
ក) ក្តៅខ្លួនខ្លាំង
ខ) ងងុយគេងខ្លាំង
គ) យំមិនឈប់
ឃ) សន្លឹម
ង) មិនបៅ
ច) ប៉ោងបង្ហើយ
ឆ) រឹងខ្លួន និងរឹងកមិនចង់ងាក មិនចង់បែរជាដើម។
ទារកដែលមានជំងឺរលាកស្រោមខួរប្រហែលជាពិបាកនឹងមានភាពស្រួលខ្លួនណាស់ ហើយអាចនឹងយំខ្លាំងនៅពេលលើកគេពរ៕
ដោយ៖ យ៉ាយ៉ា health.com.kh