កម្មវិធី ការជួបជុំសមាជិករបស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាភ្នំពេញ​



ជាការពិតណាស់ ដែលយុវជនកម្ពុជានាពេលបច្ចុប្បន្នកាន់តែមានទឹកចិត្តចូលរួមការងារសង្គមច្រើនឡើងៗ ជារៀងរាល់ថ្ងៃ ជាពិសេសគេសង្កេតឃើញបណ្ដាក្រុមហ៊ុនឯកជន សិស្ស និងនិសិ្សតជាច្រើន តែងឆ្លៀតពេលទំនេររបស់ខ្លួន រួបរួមគ្នាបង្កើតនិងបង្កើនសកម្មភាពសង្គមជាវិជ្ជមាន កាន់តែប្រសើរឡើងផងដែរ។ យ៉ាងណាមិញ កាលពីល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI) សាខាភ្នំពេញ បានរៀបចំកម្មវិធី ជួបជុំសមាជិករបស់ខ្លួន នៅភោជនីយដ្ឋាន Hard Rock Café Phnom Penh ដែលមានសមាជិកចាស់ថ្មីចូលរួមប្រមាណជាង១០០នាក់។ លោក លី សែនសេរី ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI) សាខាភ្នំពេញប្រចាំឆ្នាំ២០១៩ ក៏បាន បង្ហាញនូវផែនការអនុវត្តប្រចាំឆ្នាំជាច្រើន និងសំដៅធ្វើយ៉ាងណាឲ្យមានប្រសិទ្ធិភាព គុណភាព ហើយផ្ដល់អត្ថប្រយោជន៍ច្រើនបំផុតដល់យុវជនកម្ពុជា និងសហគមន៍ តាមរយៈគម្រោងការងារសង្គមរបស់ខ្លួន។ លោកបន្ថែមថា «យើងមិនត្រឹមតែជម្រុញលើកទឹកចិត្តយុវជនឲ្យចូលរួមក្នុងកិច្ចការងារសង្គមតែប៉ុណ្ណោះទេ ទាំងវិស័យអប់រំ និងធុរកិច្ចក៏ជាផែនការ និងគោលដៅដែលយើងត្រូវតែបន្តឲ្យមានប្រសិទ្ធិភាពស្របគ្នាដែរ»។ លោកបានអំពាវនាវឲ្យយុវជន សិស្ស និសិ្សត ម្ចាស់អាជីវកម្ម អ្នកជំនួញ ឬបុគ្គលិកក្រុមហ៊ុន ដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៤០ឆ្នាំ គួរចូលរួម និងសហការជាមួយក្រុមរបស់លោក ដើម្បីអភិវឌ្ឍខ្លួនលើភាពជាអ្នកដឹកនាំ និងបន្តពង្រីកឥទ្ធិពលវិជ្ជមានសម្រាប់ សហគមន៍ និងសង្គមជាតិកម្ពុជាទាំងមូល។ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI) សាខាភ្នំពេញប្រចាំឆ្នាំ២០១៩ បានបន្តនូវផែនការអភិវឌ្ឍរបស់ខ្លួនលើ៤ផ្នែកសំខាន់គឺ ផ្នែកការងារបណ្ដុះបណ្ដាល ការងារសហគមន៍ ទំនាក់ទំនងអន្តរជាតិ និងធុរកិច្ច ដោយផ្នែកនីមួយៗមានគម្រោងជាច្រើនដែលត្រូវអនុវត្តរយៈពេលមួយឆ្នាំពេញ។ គួរបញ្ជាក់ផងដែរថា សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI) គឺជាអង្គការអន្តរជាតិមិនរកប្រាក់ចំណេញមួយដែលចាប់កំនើតនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១០មកម្លេះ ដែលមានសមាជិកជាង១២០ប្រទេស ប្រមូលផ្តុំដោយពាណិជ្ជករវ័យក្មេង អាយុក្រោម ៤០ឆ្នាំជាច្រើនរូប ដែលកំពុងស្ម័គ្រចិត្តចូលរួមអនុវត្តគម្រោងជាច្រើន ក្នុងការអភិវឌ្ឍសង្គមដើម្បី ការផ្លាស់ប្តូរជាវិជ្ជមាន។ សមាគមមួយនេះក៏មានគម្រោងជាច្រើន ដើម្បីផ្តោតលើចំណុចស្នូលទាំង ៤គឺ ការអភិវឌ្ឍសហគមន៍ ការបង្កើតឱកាសពាណិជ្ជកម្ម ការអភិវឌ្ឍសមត្ថភាពបុគ្គល និង ទំនាក់ទំនងអន្តរជាតិ៕
X
5s