ហេតុផលសំខាន់៥យ៉ាង ដែលអ្នកត្រូវមានឯករាជ្យភាព និង ភាពម្ចាស់ការលើជីវិតរបស់ខ្លួនឯង
ពិតប្រាកដណាស់មនុស្សម្នាក់ៗតែងតែមានលក្ខណៈនៃការរស់នៅផ្សែងៗពីគ្នា។ ដោយឡែកមនុស្សមួយចំនួនចូលចិត្តរស់នៅដោយមានការជ្រោមជ្រែង និងការមើលថែទាំពីអ្នកដទៃ ឯមនុស្សមួយចំនួនទៀតចូលចិត្តរស់នៅដោយមានភាពឯករាជ្យមិនចូលចិត្តមានការពឹងផ្អែកទៅលើអ្នកដទៃ។ ប៉ុន្តែអ្វីដែលគួរឪ្យកត់សម្គាល់នោះគឺថាមនុស្សសម័យបច្ចុប្បន្ននេះស្ទើរតែ៧០ភាគរយទៅហើយដែលជ្រើសរើសការរស់នៅដោយមានឯករាជ្យ គឺព្រោះតែមានមូលហេតុជាច្រើនដែលយើងគួរតែមានឯករាជ្យ។ ឯករាជ្យភាពនៅទីនេះសំដៅលើគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតរបស់អ្នករួមមានផ្នែកហិរញ្ញវត្ថុ អាជីពការងារ អារម្មណ៍ និងជំនឿផ្ទាល់ខ្លួន។
ទាំងនេះគឺជាហេតុផលសំខាន់៥ដែលអ្នកគួរតែមានឯករាជ្យភាព៖
១)ភាពឯករាជ្យផ្ទាល់ខ្លួនជំរុញឲ្យអ្នកមានភាពជឿជាក់
ជាការពិតណាស់បុគ្គលដែលមានភាពឯករាជ្យតែងតែមានទំនួលខុសត្រូវរាល់ទង្វើទាំងឡាយដែលកើតមានឡើងចំពោះពួកគេ មិនថាបញ្ហាធំយ៉ាងណាក៏ដោយពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយបញ្ហាទាំងនោះ។ លើសពីនេះទៀតពួកគេតែងតែធ្វើអ្វីដោយមិនមានការរង់ចាំជំនួយ ឬការគាំទ្រពីអ្នកដទៃឡើយ។ ចំណុចទាំងអស់នេះដែលជំរុញឲ្យពួកគេមានភាពជឿជាក់និងទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង និងមានភាពម្ចាស់ការផងដែរ។ ម្យ៉ាងវិញទៀតចំពោះសហគ្រិនវិញ ទំនុកចិត្តនេះបានធ្វើឲ្យគេហ៊ានធ្វើទទួលយកហានិភ័យធំៗ និងផ្លូវដែលគេមិនធ្លាប់បានឆ្លងកាត់ពីមុខមកដើម្បីឆ្ពោះទៅកាន់ភាពជោគជ័យដ៏ធំធេង។
២) មានមិនសូវពឹងផ្អែកលើអ្នកដទៃ តែពឹងលើខ្លួនឯង
ពិតណាស់អ្នកដែលមានភាពឯករាជ្យតិចតួចតែងតែង មានការពឹងផ្អែកលើអ្នកដទៃច្រើនជាងលើខ្លួនឯង គឺព្រោះតែពួកគេមិនមានភាពតាំងចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើងដោយខ្លួនឯង ពោលគឺពួកគេតែងតែត្រូវការជំនួយពីអ្នកដទៃ។ ខុសស្រឡះពីអ្នកដែលរស់នៅពោរពេញទៅដោយភាពឯករាជ្យ ដែលពួកគេតែងតែរស់នៅជាមួយអ្វីដែលជាខ្លួនឯង ដោះស្រាយនិងប្រឈមមុខជាមួយបញ្ហាដោយខ្លួនឯងដែលមិនចាំបាច់មានការជ្រោមជ្រែងពីអ្នកដទៃ។ ផ្ទុយទៅវិញពួកគេបែរជាទទួលបានភាពទុកចិត្តពីអ្នកដទៃ និងជាមនុស្សដែលអ្នករាល់គ្នាអាចពឹងបានទៅវិញ ហេតុនេះហើយវាបានបន្ថែមតម្លៃមួយចំនួនដល់អ្នក និងធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនអ្នកមានមានសារសំខាន់សម្រាប់អ្នកដទៃ។
៣)ឯករាជ្យភាពហិរញ្ញវត្ថុ
នៅពេលនិយាយអំពីឯករាជ្យផ្ទាល់ខ្លួននោះគ្មានអ្វីដែលរីករាយជាងការដែលមានសមត្ថភាពក្នុងការមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចំណាយលើការរស់នៅប្រចាំថ្ងៃរបស់ខ្លួននោះទេ។ លទ្ធភាពចំណាយ និងផ្គត់ផ្គង់ជីវិតរបស់អ្នកដោយខ្លួនឯង វាបានជួយកាត់បន្ថយការពឹងផ្អែកលើឪពុកម្តាយ មិត្តភ័ក្តិ ប្តីឬប្រពន្ ធរបស់អ្នក ឬអ្នកដែលអ្នកធ្លាប់ពឹងផ្អែកពីមុនមក។ ពិតណាស់ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុមានន័យថា អ្នកគ្រប់គ្រងចំណូលនិងចំណាយរបស់អ្នកបាន ដោយមិនចាំបាច់ទទួលរងសម្ពាធពីការស្ថិតនៅក្រោមការគ្រប់គ្រង់របស់នរណាម្នាក់។
៤)មានការបង្កើតការសម្រេចចិត្តដ៏ល្អប្រសើរ
ប្រាកដណាស់ការដែលអ្នកមានភាពឯករាជ្យយ៉ាងពេញលេញ នោះការសម្រេចចិត្តរបស់អ្នកទៅលើរឿងរ៉ាវគ្រប់យ៉ាងគឺមានភាពងាយស្រួលនិងល្អ ដោយសាររាល់ការសម្រេចទាំងរបស់អ្នកខ្លួនអ្នកគឺដឹងយ៉ាងច្បាស់ថា គឺអ្នកតែម្នាក់គត់ដែលទទួលបានផលពីការសម្រេចចិត្តនោះ ពោលគឺអ្នកអាចទទួលបានផលល្អ និងមិនល្អពីការសម្រេចចិត្តប៉ុន្តែអ្នកក៏មានភាពស្មុគស្មាញឬភ័យខ្លាចនិងស្ទាក់ស្ទើរក្នុងការសម្រេចដោយខ្លាចប៉ះពាល់ដល់ក្រុមគ្រួសារជាដើម។
៥) មានសេចក្តីស្ងប់ និង ភាពច្នៃប្រឌិត
គំនិតនៃការកំណត់ឯករាជ្យភាពជាគោលដៅអាចជួយបង្កើនទិដ្ឋភាពជាច្រើននៃជីវិតរបស់អ្នក។ ឧទាហរណ៍ ឯករាជ្យភាពនៃអារម្មណ៍ធ្វើឲ្យមានភាពប្រសើរឡើងនូវទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកជាមួយមិត្តភ័ក្តិ ក្រុមគ្រួសារមិត្តរួមការងារ និងអ្នកដទៃដែលអ្នកមានទំនាក់ទំនងជាមួយ។ ម្យ៉ាងវិញទៀតអ្នកកាន់តែមានអារម្មណ៍អាចធ្វើការគ្រប់គ្រងអារម្មណ៍របស់អ្នកដូចជាកំហឹង ការហួសចិត្ត សេចក្តីរំភើបរំជួលចិត្តនិងអ្វីៗផ្សេងទៀត។ ការមានគំនិតឯករាជ្យនិងឯករាជ្យផ្តល់ឱ្យអ្នកនូវសេរីភាពក្នុងការស្វែងយល់ពីជំនាញនិងទេពកោសល្យរបស់អ្នកហើយចុងក្រោយនឹងនាំយកអ្វីដែលល្អបំផុតទៅកាន់អ្នក។
ប្រែសម្រួលដោយ៖ អ៊ុន ស្រីនាង