តើអ្នកឆ្លើយយ៉ាងម៉េចបើអ្នកសម្ភាសន៍អនុញ្ញាតិឲ្យអ្នកសួរទៅកាន់ពួកគេវិញ?
ជារឿយៗនៅពេលចុងបញ្ចប់កិច្ចសម្ភាសន៍ការងារ អ្នកនឹងអាចសួរសំនួរទៅកាន់អ្នកសម្ភាសន៍វិញ។ សំនួរដែលអ្នកសម្ភាសន៍ចោទសួរមកអ្នកនោះគឺថា "តើអ្នកមានចម្ងល់អ្វីដើម្បីសួរទៅកាន់អ្នកសម្ភាសន៍វិញដែរឬទេ?” មានចំណុចពីរយ៉ាងដែលអ្នកត្រូវដឹងនៅពេលមានសំនួរបែបនេះចោទសួរឡើងពីអ្នកសម្ភាសន៍៖
១.បង្ហាញអ្នកសម្ភាសន៍ថា អ្នកពិតជាបានយកចិត្តទុកដាក់ស្តាប់ការសម្ភាសន៍របស់ពួកគេ
នៅពេលការសម្ភាសន៍ជិតបញ្ចប់ទៅហើយនោះ អ្នកត្រូវប្រាកដថា អ្នកពិតជាបានផ្ដោតអារម្មណ៍ស្តាប់រាល់សំនួរ ឬការលើកឡើងរបស់អ្នកសម្ភាសន៍តាំងពីចាប់ផ្តើមសម្ភាសន៍រហូតដល់ចប់។ ក្រៅពីការចង់ដឹងថា អ្នកមានចម្ងល់បែបណាចោទសួរទៅកាន់អ្នកពួកគេវិញ អ្នកសម្ភាសន៍ក៏ចង់ដឹងដែរថា តើអ្នកពិតជាជាមនុស្សពូកែស្តាប់ដូចអ្វីដែលអ្នកបានសរសេរនៅក្នុងប្រវត្តិរូបសង្ខេប (CV) របស់អ្នកឬអត់? នៅត្រង់ចំណុចនេះ អ្នកគួរសាកសួរទៅអ្នកសម្ភាសន៍វិញ ពីរបៀបវប្បធម៌ធ្វើការយ៉ាងម៉េចដែរ ការប្រតិបត្តិការការងារជាក្រុមមានលក្ខណៈបែបណាជាដើម។
២.បង្ហាញអ្នកសម្ភាសន៍ថា អ្នកមានគំនិតវែងឆ្ងាយសម្រាប់អនាគតក្រុមហ៊ុន
អ្នកសម្ភាសន៍ក៏ចង់បានសំនួរមួយដែលបង្ហាញថា អ្នកជាបុគ្គលិកមានមហិច្ឆតាធំ គិតគូរបានវែងឆ្ងាយ និងយកចិត្តទុកដាក់ពីអនាគតក្រុមហ៊ុនទាំងមូល។ ហេតុដូច្នេះវាជាការល្អប្រសិនបើអ្នកសួរពីផលិតផលថ្មី លក្ខណៈពិសេសរបស់ក្រុមហ៊ុនធៀបទៅនឹងគូប្រជែង ឬអាចសាកសួរអំពីនិន្នាការផ្សេងៗដែលប៉ះពាល់ដល់អនាគតក្រុមហ៊ុន។ ឧទាហរណ៍ដ៏ ល្អនៅទីនេះ អ្នកអាចលើកឡើងដូច្នេះថា៖« ខ្ញុំធ្លាប់បានអត្ថបទមួយដែលគូប្រជែងក្រុមហ៊ុនរបស់អ្នកបានប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវិញសម្រាប់ធ្វើ អាជីវកម្ម។ តើអ្នកយល់យ៉ាងណាដែរពីចំណុចនេះ?»។
នៅពេលអ្នកបានសួរបែបនេះ អ្នកសម្ភាសន៍នឹងយល់ថា អ្នកបានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការជាមួយពួកគេ។ យ៉ាងណាក៏ដោយអ្វីដែលអ្នកត្រូវចងចាំបំផុតនៅក្នុងដំណាក់កាលនេះគឺហាមដាច់ខាតចោទសួរពីរឿងប្រាក់ខែទៅកាន់អ្នកសម្ភាសន៍វិញ។ រឿងចរចាប្រាក់ខែគឺជាសំនួរក្រោយដែលអ្នកត្រូវសួរនៅពេលអ្នកត្រូវបានសម្ភាសន៍ជាប់ជាបុគ្គលិកផ្លូវការ៕
ប្រភព៖ cnbc