ការពិគ្រោះយោបល់ដើម្បីរៀបចំយន្តការធ្វើការស្រាវជ្រាវរួមគ្នាលើ វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន​



ថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម កាន​ ច័ន្ទមេត្តារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាភិបាលមូលនិធិនៃការកសាងសម្ថតភាព និងការស្រាវជ្រាវនិងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ក្រុមប្រឹក្សាមូលនិធិ ស.អ) បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ដើម្បីរៀបចំយន្តការធ្វើការស្រាវជ្រាវរួមគ្នាលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំដែលទទួលបន្ទុកកិច្ចការស្រាវជ្រាវ និងតំណាងអ្នកស្រាវជ្រាវនៃសកលវិទ្យាល័យរដ្ឋធំៗ​ដូចជា សកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិ NIPTICT សកល-វិទ្យាល័យជាតិគ្រប់គ្រង សកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ សកលវិទ្យាល័យភូមិន្ទកសិកម្ម សកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចព្រមទាំងលេខាធិការដ្ឋានមូលនិធិ ស.អ សរុបចំនួនប្រមាណ៥០នាក់។


ឯកឧត្តម កាន ច័ន្ទមេត្តា បានមានប្រសាសន៍ថា “សិក្ខាសាលានេះគោលបំណងសំខាន់ ០៣ (បី)គឺដើម្បី ៖

១.ការចែករំលែកបទពិសោធន៍នៃសកលវិទ្យាល័យនីមួយៗទាក់ទងនឹងការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

២. ការពិភាក្សាលើប្រធានបទស្រាវជ្រាវរវាងសកលវិទ្យាល័យក្នុងគោលដៅសហការជំរុញការស្រាវជ្រាវលើវិស័យ ប.គ.ព. ឱ្យកាន់តែប្រសើរឡើង។

៣. ការពិភាក្សាទៅលើយន្តការនៃការប្រើប្រាស់មូលនិធិស.អ.ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការជួយដល់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន”។


ឯកឧត្ដម សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានមានប្រសាសន៍ថា “បច្ចុប្បន្ន
បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ត្រូវបានគេយកទៅប្រើប្រាស់យ៉ាងទូលំទូលាយក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ និងនវានុវត្តន៍ លើជាច្រើនរួមមានវិស័យកសិកម្ម សុខាភិបាល ពាណិជ្ជក​ម្ម ធនាគារ និងសិល្បះជាដើម។ ដូច្នេះសិក្ខាសាលានេះពិតជាឱកាសដ៏ល្អមួយដែលគ្រឹះស្ថានអប់រំឧត្តមសិក្សារដ្ឋដែលធ្វើការលើវិស័យផ្សេងៗគ្នា អាចជួបពិភាក្សា និងសហការគ្នាអនុវត្តគម្រោងស្រាវជ្រាវអោយកាន់តែល្អប្រសើរជាងមុនតាមរយះការប្រើប្រាស់ICTស្របតាមនិន្នាការពិភពលោកជាពិសេសការមកដល់នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤”។

X
5s