ហាងកាហ្វេបែបប្រពៃណី របស់ហៃណានដ៏ល្បីឈ្មោះ “Killiney Kopitiam” បានបើកសាខាទី១ របស់ខ្លួន នៅប្រទេសកម្ពុជា
ភ្នំពេញ៖ ហាងកាហ្វេដ៏ល្បីឈ្មោះ ដែលមានដើមកំណើតនៅក្នុងប្រទេសសិង្ហបុរី តាំងពីឆ្នាំ១៩១៩ ឈ្មោះ “Killiney Kopitiam” បានបើកសាខាទី១របស់ខ្លួន នៅក្នុងប្រទេសកម្ពុជាហើយ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩នេះ ដែលមានទីតាំងនៅជាន់ផ្ទាល់ដីនៃសណ្ឋាគារ Lumiere ។
ហាងកាហ្វេ “Killiney Kopitiam” បានចាប់ផ្ដើមដំបូងបំផុត មានទីតាំងស្ថិតនៅលើផ្លូវដ៏មមាញឹកឈ្មោះ “Killiney” នៃប្រទេសសិង្ហបុរី នៅក្នុងឆ្នាំ១៩១៩។ ហាងកាហ្វេបែបប្រពៃណី ហៃណាន ល្បីឈ្មោះ ១០០ឆ្នាំ គឺដោយសារតែ រសជាតិនៃកាហ្វេ និងតែ ឆុងឡើងតាមបែបបុរាណ ដ៏ឈ្ងុយឆ្ងាញ់។ ពិសេសជាងនេះទៅទៀតគឺ នំប៉័ងអាំង។
ផលិតផលដែលហាងកាហ្វេ “Killiney Kopitiam” ផ្ដល់ជូន បានធ្វើឲ្យអតិថិជនជាប់ចិត្ត មិនអាចបំភ្លេចបាន និងហាក់បីដូចបានរំលឹក នូវអនុស្សាវរីយ៍ចាស់ៗឡើងវិញ។
លោក Woon Tek Seng នាយកក្រុមហ៊ុន Killiney International និងជាស្ថាបនិកស្លាកសញ្ញាពាណិជ្ជកម្ម “Killiney Kopitiam” បានលើកឡើងថា៖ “ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយជាខ្លាំង នៅពេលហាងសាខាក្រោមស្លាកសញ្ញាពាណិជ្ជកម្ម ដែលខ្ញុំបង្កើតឡើង បើកដំណើការជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ មានជាង ១០០សាខា នៅក្នុងស្រុក និងនៅក្នុងប្រទេសចំនួន ៦ ហើយនឹងមានច្រើនឡើងបន្ថែមទៀត នាពេលខាងមុខ។”
បច្ចុប្បន្ននេះ “Killiney Kopitiam” បានបង្កើតផលិតផល និងមុខម្ហូបរបស់ខ្លួនជាច្រើនបន្ថែមទៀត សម្រាប់ផ្ដល់ជូនអតិថិជនរបស់ខ្លួន គ្រប់ស្រទាប់ និងគ្រប់វ័យទាំងអស់៕