WeGO ស្វាគមន៍ការពង្រីកសេវាហៅកង់បីដល់ខេត្តបាត់ដំបងដោយការផ្ដល់ជូនពិសេស
សេវាកក់ហៅកង់បីរបស់ខ្មែរដែលផ្ដោតលើសុវត្ថិភាពគឺ ក្រុមហ៊ុន WeGO បានពង្រីកសេវាដឹកអ្នកដំណើររបស់ខ្លួនដល់ទឹកដីខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ។ ការឈានជើងចូលទឹកដីបាត់ដំបងគឺ ដើម្បីបង្កភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន និងដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់អតិថិជនចាស់ដែលរស់នៅលើទឹកដីខេត្តលោកតាដំបងគ្រញូងដែលទន្ទឹងរង់ចាំកន្លងមក។ នេះបើតាមការបញ្ជាក់ប្រាប់របស់ថ្នាក់ដឹកនាំ ក្រុមហ៊ុនផ្ដល់សេវាដឹកអ្នកដំណើរតាមកម្មវិធីទូរសព្ទដដែល។
“ឥលូវនេះ បងប្អូនខេត្តបាត់ដំបងអាចហៅ WeGO ជិះបានយ៉ាងស្រួលហើយមិនបាច់តថ្លៃដូចមុនទេ"។ នេះជាការបញ្ជាក់របស់លោក ខេន សុវណ្ណរ៉ា អគ្គនាយកក្រុមហ៊ុន G.O WeGO។
“យើង [WeGO] មកនេះគឺដើម្បីរួមចំណែកផ្ដល់ជាជម្រើសធ្វើដំណើរថ្មីកាន់តែងាយស្រួល ដែលបងប្អូនខេត្តបាត់ដំបងអាចមានទំនុកចិត្តលើសុវត្ថិភាព"។
អ្វីដែលកាន់តែពិសេសដើម្បីជាការស្វាគមន៍ ក្រុមហ៊ុន WeGO បានផ្តល់ជូនប្រូម៉ូសិនពិសេសមួយគឺ ទទួលបានការបញ្ចុះតម្លៃ 2000 រៀល សម្រាប់ការជិះ 5 ដងពីថ្ងៃទី 13 ដល់ 19 ខែមករា ឆ្នាំ 2019 ដោយគ្រាន់តែវាយប្រូម៉ូកូដ "EP2FTL” ចូលក្នុងប្រអប់ Promo នៅក្នុង App ជាការស្រេច។
ថ្នាក់ដឹកនាំក្រុមហ៊ុនផ្ដល់សេវាដឹកអ្នកដំណើរតាមទូរសព្ទដៃ បន្ថែមថា ការជ្រើសប្រើសេវាកម្មរបស់ក្រុមហ៊ុន WeGO មិនត្រឹមតែសម្រួលការធ្វើដំណើរលើដងផ្លូវតែមួយមុខ តែប្រៀបបាននឹងការជួយដល់ជីវភាពដៃគូបើកបរកង់បីដូចគ្នា។ ត្រង់នេះ លោកបានសង្កត់ធ្ងន់ថា ការលើកកម្ពស់ជីវភាពដៃគូបើកបរជាបេសកកម្មរបស់ក្រុមហ៊ុនតាមរយៈការកាត់កម្រៃទាបជាងក្រុមហ៊ុនដែលជាដៃគូប្រកួតប្រជែងរបស់ខ្លួន ដូច្នេះលោកសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋខេត្តបាត់ដំបងនឹងជួយគាំទ្រ។
លើសពីនេះ ក្រុមហ៊ុនក៏ផ្ដល់ជូនកញ្ចប់ការពារសុវត្ថិភាពដល់ទាំងអ្នកបើកបរ (ម្នាក់) និងភ្ញៀវ (២នាក់) ពីធានារ៉ាប់រង Forte ក្នុងករណីមានគ្រោះថ្នាក់រាល់ពេលធ្វើដំណើរដោយប្រើកម្មវិធីទូរសព្ទរបស់ WeGO ទៀតផង។ ធានារ៉ាប់រងខាងលើការពារលើគ្រោះថ្នាក់ពេលធ្វើដំណើរដែលប៉ះពាល់ដល់អាយុជីវិត ពិការភាព និងរបួសស្នាមនានា។
ខេត្តបាត់ដំបងជាខេត្តទី ៣ ហើយ ដែលក្រុមហ៊ុន WeGO ពង្រីកសេវាទៅដល់បន្ថែមពីលើរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ដោយឡែក បណ្ដាទីប្រជុំជនមួយចំនួនទៀតរួមមាន ក្រុងសិរីសោភ័ណ ផ្សារព្រំប៉ៃលិន និងក្រុងប៉ោយប៉ែតក៏ទើបបើកឲ្យលោកអ្នកអាចកក់ហៅកង់បី WeGO ជិះបានហើយដែរ។ នាពេលឆាប់ៗខាងមុខ ក្រុមហ៊ុននឹងបន្តពង្រីកទៅខេត្តសក្ដានុពលផ្សេងទៀតទូទាំងប្រទេសកម្ពុជា៕