អ្វីដែលអ្នកគួរដឹង ពីការលើកទឹកចិត្តពន្ធដារដល់សហគ្រាសធុនតូច និងមធ្យមដោយក្រសួងសេដ្ឋកិច្ច?
អនុក្រឹត្យស្តីពី “ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព” ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យកមកផ្សព្វផ្សាយនៅក្នុងសិក្ខាសាលាមួយដែលបានធ្វើឡើងកាលពីថ្ងៃទី ៨ មករាឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ។
ក្រោមវត្តមានចូលរួមពីតំណាងវិស័យឯកជន សមាគមនានានៃសហគ្រាសធុនតូច និងមធ្យម តំណាងអគ្គនាយកដ្ឋានពន្ធដារ និងមន្ត្រីជំនាញនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតសរុបជាង ១៨០ នាក់ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយឲ្យសាធារណជន ជាពិសេសម្ចាស់សហគ្រាសធុនតូច និងមធ្យមជ្រាបជាព័ត៌មាន និងអាចចាប់យកនូវអត្ថប្រយោជន៍ពីការលើកទឹកចិត្តពន្ធដារដែលរដ្ឋាភិបាលបានចេញនេះ។
វិស័យអាទិភាពណាខ្លះដែលត្រូវបានលើកទឹកចិត្តពន្ធដារ?
បើយោងតាមអនុក្រឹត្យខាងលើ វិស័យដែលត្រូវបានផ្តល់អាទិភាពក្នុងការលើកទឹកចិត្តពន្ធដាររួមមាន៖
១.ផលិតផលកសិកម្ម ឬកសិ-ឧស្សាហកម្ម
២.ផលិត និងកែច្នៃម្ហូបអាហារ
៣.កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍
៤.កម្មន្តសាលដែលផលិតនូវផលិតផលសម្រេច ឬផ្នែក ឬគ្រឿងបង្គំ ដើម្បីផ្គត់ផ្គង់ឲ្យកម្មន្តសាលដទៃទៀត
៥.ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍ និង
៦.សហគ្រាសដែលស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍន៍តំបន់នេះ។
វិស័យអាទិភាពទាំងនេះ ត្រូវបានផ្តល់ការលើកទឹកចិត្តពន្ធដារដូចម្តេចខ្លះ?
១.លើកលែងពន្ធលើប្រាក់ចំណូលចំនួន ៣ (បី) ឆ្នាំដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាសចុះ បញ្ជីថ្មី ឬចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយ ចាប់ពីពេលដែលអនុក្រឹត្យនេះចូលជាធរមាន ឬ
២.លើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៥ (ប្រាំ) ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាសចុះបញ្ជីថ្មី ឬចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចហើយចាប់ពីពេលដែលអនុក្រឹត្យនេះចូលជាធរមានដែលបានបំពេញលក្ខខណ្ឌណាមួយដូចខាងក្រោម៖
-ប្រើវត្ថុធាតុដើមក្នុងស្រុកចាប់ពីថទី ៦០%ឡើងទៅ ឬ
-បង្កើនចំនួននិយោជិតបន្ថែមយ៉ាងតិច ២០% ឬ
-មានទីតាំងក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម
៣.លើកលែងការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា ក្នុងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូល។
៤.លើកទឹកចិត្តចំណាយដែលអាចកាត់កងបានដូចខាងក្រោម៖
ក.អនុញ្ញាតកាត់កងចំណាយ ២០០% ចំពោះចំណាយលើការប្រើប្រាស់បញ្ជីគណនេយ្យតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
ខ.អនុញ្ញាតកាត់កងចំណាយ ២០០% ចំពោះចំណាយលើការបណ្តុះបណ្តាលការកាន់បញ្ជីគណនេយ្យ ឬការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់និយោជិត
គ.អនុញ្ញាតកាត់កងចំណាយ ១៥០% ចំពោះចំណាយវិនិយោគលើម៉ាស៊ីន ឬ ឧបករណ៍បច្ចេកវិទ្យា ដែលមានលក្ខណៈនវានុវត្តន៍សម្រាប់បម្រើ និងលើកកម្ពស់ផលិតភាពផលិតកម្ម។
សូមបញ្ជាក់៖ ក្នុងការទទួលបានការលើកទឹកចិត្តដូចបានរៀបរាប់ខាងលើ សហគ្រាសធុនតូច និងមធ្យម ត្រូវកាន់បញ្ជីគណនេយ្យ និងដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំទៅតាមកាលកំណត់ជួនរដ្ឋបាលសារពើពន្ធទោះបីជាត្រូវបានលើកលែងពន្ធលើប្រាក់ចំណូល និងត្រូវដាក់លិខិតប្រកាសបង់ពន្ធអាករដទៃទៀតតាមច្បាប់ និងបទបញ្ញត្តិស្តីពីពន្ធដារជាធរមាន។
ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ