ធនាគារជាតិបានដាក់ចេញវិធានការ ៣ចំណុចដើម្បីពង្រឹងកិច្ចគាំពារអថិជនកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ
នៅថ្ងៃទី ១៨ ខែ សីហា ម្សិលមិញនេះ ធនាគារជាតិនៃកម្ពុជាបានចេញនូវសេក្តីប្រកាសពត៌មានលេខ ធ១៣-០១៧-៧១៧ សជណ ដែលបានដាក់ចេញនូវវិធានការចំនួន ០៣ ចំណុច ដូចខាងក្រោមក្នុងគោលដៅពង្រឹងកិច្ចគាំពារអថិជនដែលប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា៖
ទី១ ការផាកពិន័យ៖
ផ្អែកទៅលើខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែល ផ្តល់កម្ចីខ្វះតម្លាភាព (លើការប្រាក់ និង កំរ៉ៃសេវានានា) នឹងត្រូវផាកពិន័យជាទឹកប្រាក់ចំនួន ៤០០ លានរៀល ដែលស្មើនឹងប្រហែល ១០ ម៉ឺនដុល្លារអាមេរិក។
ទី២ ការបង្កើតប្រព័ន្ធទូរស័ព្ទ Hotline៖
នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះផងដែរ ធនាគារជាតិនៃកម្ពុជាក៏បានប្រកាសអំពីការបង្កើតប្រព័ន្ធទូរស័ព្ទ សម្រាប់ទំនាក់ទំនងបន្ទាន់ (Hotline) ចំនួន ០៤ ខ្សែដើម្បីទទួលព័ត៌មានអំពីអតិថិជនដែលមានបញ្ហាជាមួយ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
ទី៣ ការបន្តចុះត្រួតពិនិត្យដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៖
បន្ថែមទៅលើយន្តការទាំងពីរខាងលើ ធនាគារជាតិនៃកម្ពុជា ក៏នូវតែបន្តពង្រឹងការចុះត្រួតពិនិត្យដល់ទីកន្លែង (One-site Supervision) ចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលស្ថិតក្រោមអាណាព្យាបាលរបស់ធនាគារ ជាតិនៃកម្ពុជា។
នៅក្នុងសេចក្តីប្រកាសនោះផងដែរ ធនាគារជាតិនៃកម្ពុជា ក៏បានព្រមានចាត់វិធានការយ៉ាងតឹងរឹង ដូចមាន ចែងក្នុងជំពូកទី១៨ ១៩ និង ២០ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុណាដែលប្រព្រឹត្តិល្មើសផងដែរ៕
ដោយ៖ ប៉ុម ទូច