ភាពខុសគ្នាសំខាន់ៗរវាងធនាគារពាណិជ្ជ(Commercial Bank)និងធនាគារឯកទេស(Specialized Bank)នៅកម្ពុជា
ដូចដែលលោកអ្នកបានជ្រាបរួចមកហើយ វិស័យធនាគារបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០១៦ ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានធនាគារបាន កើនឡើងដល់ ៩៦.២១៦,៣ ប៊ីលានរៀល ដែលស្មើនឹង ១១៨,២%នៃផលិតផលក្នុងស្រុកសរុប ដែលនៅក្នុងនោះ មានធនាគារពាណិជ្ជចំនួន ៣៧ ស្ថាប័ន ហើយធនាគារឯកទេសមានចំនួន ១៥ ស្ថាប័ន។ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានស្វែងយល់ថាតើធនាគារពាណិជ្ជ និង ធនាគារឯកទេសមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ?
ច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានឱ្យនិយមន័យពាក្យ “ធនាគារ” ថា ជានីតិបុគ្គល (Legal Entity) ដែលមាននីតិសម្បទាពិសេស (Particularly Legal Qualification) ក្នុងការរើសយកប្រតិបត្តិការធនាគារ ជាមុខរបរប្រក្រតី។ ផ្អែកទៅលើច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលអនុវត្តចំពោះគ្រឹះស្ថានធនាគារនិងហរិញ្ញវត្ថុ គ្រឹះស្ថានធនាគារត្រូវបានចែកចេញជាពីរប្រភេទគឺ ធនាគារពាណិជ្ជ និង ធនាគារឯកទេស។
ខាងក្រោមនេះ គឺជា លក្ខណៈខុសគ្នាសំខាន់ៗរវាងធនាគារពាណិជ្ជ និង ធនាគារឯកទេសដែលមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេស កម្ពុជា៖
១. អាជ្ញាប័ណ្ណ និង ប្រតិបត្តិការធនាគារ ធនាគារពាណិជ្ជ៖ តាមរយៈការស្នើសុំស្របតាមនីតិវីធី និងបន្ទាប់ពីមានការយល់ព្រមពីធនាគារជាតិនៃ កម្ពុជា ធនាគារពាណិជ្ជនឹងទទួលបាន “អាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារ” ដែលតាមរយៈ អាជ្ញាប័ណ្ណនេះ ធនាគារពាណិជ្ជអាចធ្វើប្រតិបត្តិការធនាគារទាំងឡាយដូចជា៖ 1. ការផ្តល់ឥណទានគ្រប់ប្រភេទដល់សាធារណៈជន។ 2. ការទទួលប្រាក់បញ្ញើពីសាធារណៈជន។ 3. ការដាក់ឱ្យអតិថិជនប្រើប្រាស់នូវមធ្យោបាយទូទាត់ជារូបិយវត្ថុ ឬជារូបិយប័ណ្ណ។ ឧទាហរណ៍ ការបង្កើតឱ្យមានទូរ ATM ការទូទាត់ថ្លៃទំនិញឬសេវាដោយប្រើប្រាស់ Visa Card ឬការទូទាត់ ក្នុងមធ្យោបាយដទៃផ្សេងទៀត ជាអាទិ៍។
ធនាគារឯកទេស៖ ដូចគ្នាទៅនឹងធនាគារពាណិជ្ជដែរ តាមរយៈការស្នើសុំស្របតាមនីតិវីធី និង បន្ទាប់ពី មានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា ធនាគារឯកទេសនឹងទទួលបានអាជ្ញាប័ណ្ណដែលអាចប្រកប អាជីវកម្មផ្តល់សេវាធនាគារផងដែរ។ ប៉ុន្តែចំណុចដែលខុសគ្នាទៅនឹងអាជ្ញាប័ណ្ណធនាគារពាណិជ្ជនោះ ត្រង់ ពាក្យថា “អាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារឯកទេស”។ ច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុ ចែងថា ធនាគារឯកទេសគឺជាប្រភេទមួយនៃគ្រឹះស្ថានធនាគារដែលអនុវត្តតែសកម្មភាពមួយក្នុង ចំណោមសកម្មភាពជាមូលដ្ឋានទាំងបីនៃប្រតិបត្តិការធនាគារដូចមានរៀបរាប់ខាងលើ ឬអនុវត្តតែផ្នែក មួយនៃសកម្មភាពនីមួយៗនោះ។ ឧទាហរណ៍ ការធ្វើតែប្រតិបត្តិការផ្តល់ឥណទាន ដោយមិនទទួល ប្រាក់បញ្ញើ និង មិនដាក់ឱ្យមានមធ្យោបាយទូទាត់ប្រាក់ ជាអាទិ៍។ ជារួម ធនាគារពាណិជ្ជគឺជាគ្រឹះស្ថានធនាគារដែលអាចធ្វើសកម្មភាពជាមូលដ្ឋានទាំងបីនៃប្រតិបត្តិការ ធនាគារ។ ផ្ទុយមកវិញ ធនាគារឯកទេស អនុវត្តតែសកម្មភាពមួយក្នុងចំណោមសកម្មភាពជាមូលដ្ឋាន ទាំងបីនៃប្រតិបត្តិការធនាគារ ឬអនុវត្តតែផ្នែកមួយនៃសកម្មភាពនីមួយៗនោះ។
២. ដើមទុនចុះបញ្ជី ធនាគារពាណិជ្ជ៖ ធនាគារពាណិជ្ជត្រូវមានដើមទុនចុះបញ្ជីយ៉ាងតិច ៣០០ ប៊ីលានរៀល (ប្រហែល ៧៥ លានដុល្លារអាមេរិក)។ ធនាគារឯកទេស៖ ផ្ទុយពីធនាគារពាណិជ្ជ ធនាគារឯកទេសត្រូវមានដើមទុនចុះបញ្ជីយ៉ាងតិច ៦០ ប៊ីលានរៀល (ប្រហែល ១៥ លានដុល្លារអាមេរិក)។
៣. អភិបាលកិច្ច ធនាគារពាណិជ្ជ៖ សម្រាប់ធនាគារពាណិជ្ជ លើកលែងតែសាខាធនាគារបរទេស ក្រុមប្រឹក្សាភិបាលត្រូវ មានសមាជិកឯករាជ្យយ៉ាងតិច ០២ រូប។ សមាជិកឯករាជ្យត្រូវមានសមត្ថភាពវិនិច្ច័យដោយឯករាជ្យលើ ទស្សនៈនៃការគ្រប់គ្រងផលប្រយោជន៍នយោបាយ ឬផលប្រយោជន៍ខាងក្រៅដែលមិនសមស្រប។ ធនាគារឯកទេស៖ ខុសគ្នាពីធនាគារពាណិជ្ជ ក្រុមប្រឹក្សាភិបាលរបស់ធនាគារឯកទេស ត្រូវមានសមាជិក យ៉ាងតិច ០៣ រូប ដែលក្នុងនោះមួយរូបត្រូវតែជាសមាជិកឯករាជ្យ។ ប្រសិនបើ ធនាគារឯកទេសនោះ មានសមាជិកលើសពី ០៣ រូប គ្រឹះស្ថានត្រូវធានាថាយ៉ាងតិចមួយភាគបី (១/៣) នៃសមាជិកត្រូវតែជា សមាជិកឯករាជ្យ៕
ដោយ៖ ប៉ុម ទូច