វីង ចាប់ផ្តើមសេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេស ជាលើកដំបូងរបស់ខ្លួន​



ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានប្រកាសដំណើរការ សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ជាលើកដំបូងរបស់ខ្លួន តាមរយៈ “Wing2World” ។ អ្នកប្រើកម្មវិធី​ស្មាតហ្វូនវីងនៅពេលនេះ អាចធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេសហ្វីលីពីន ដែលអ្នកទទួលប្រាក់ អាចទទួលប្រាក់ពីធនាគារណាមួយ ក្នុងចំណោមសាខាទាំង ៨០នៅទូទាំងប្រទេសហ្វីលីពីន  និងផ្ទេរប្រាក់ទៅកាន់ប្រទេសវៀតណាម ដែលអ្នកទទួលប្រាក់ អាចទទួលបានដោយផ្ទាល់នៅសាខាធនាគារ Sacom ណាមួយក៏បាន ឬទទួលដោយផ្ទាល់ពីបុគ្គលិករបស់ធនាគារ។ សេចក្តីប្រកាសនេះ បានធ្វើឡើង ខណៈដែល វីង បានផ្តល់សេវាទទួលប្រាក់មកពីជាង ២០០ ប្រទេសទូទាំងពិភពលោក។ការអភិវឌ្ឍនេះ គឺជាដំណឹងដ៏គួរឲ្យស្វាគមន៍មួយ ជាពិសេសសម្រាប់ជនជាតិហ្វីលីពីនរាប់ពាន់នាក់ ដែលកំពុងធ្វើការនៅក្នុងប្រទេសកម្ពុជា ដែលនៅពេលឥឡូវនេះ ពួកគេអាចផ្ញើប្រាក់ទៅកាន់ក្រុមគ្រួសាររបស់ពួកគេនៅប្រទេសហ្វីលីពីន តាមរយៈទូរស័ព្ទដៃ ជាមួយការចំណាយតិចតួច បើធៀបទៅនឹងតម្លៃសេវាកម្ម របស់ធនាគារកាលពីមុន។មួយវិញទៀត ចំពោះម្ចាស់អាជីវកម្មជាច្រើន ដែលត្រូវធ្វើការទូទាត់ប្រាក់ ទៅឱ្យដៃគូអាជីវកម្ម ឬអ្នកផ្គត់ផ្គង់របស់ពួកគេនៅក្នុងប្រទេសវៀតណាម ពួកគេក៏ទទួលបាននូវភាពងាយស្រួល និងអត្ថប្រយោជន៍ដូចគ្នានេះដែរ។ លោក ចូ​ចូ ម៉ា​ឡូ​ឡូស អគ្គនាយក​ធនាគារ​ឯក​ទេស វី​ង បាន​មានប្រសាសន៍ថា ជំហាននេះគឺស្របទៅនឹងបេសកកម្មរបស់វីង ក្នុងការបង្កើតភាពងាយស្រួលមួយកម្រិតទៀត សម្រាប់អ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួន។ "យើងបានឈានមុខគេ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុចល័តនៅកម្ពុជា អស់រយៈពេល ១០ឆ្នាំមកហើយ ហើយវាជាគោលបំណងរបស់យើង ក្នុងការបន្តឈានមុនគេ ដោយយើងជាធនាគារមួយ ដែលបានត្រួសត្រាយផ្លូវ ក្នុងការបង្កើតសង្គមមួយ ដែលធ្វើការទូទាត់ដោយមិនប្រើសាច់ប្រាក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនៅពេលនោះ ធនាគារនឹងមានភាពងាយស្រួល, មានសុវត្ថិភាព និងមានកម្រៃសេវាប្រសើរជាងមុន។   ពិភពលោកនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ Fintech បានបង្កើតឱកាសថ្មីៗជាច្រើន សម្រាប់ធនាគារចល័តជារៀងរាល់ថ្ងៃ។យើងចង់ធានាថា លទ្ធផលដែលទទួលបាន ពីដាក់ឲ្យប្រើប្រាស់សេវាកម្មនេះគឺ ប្រជាជនកម្ពុជាអាចប្រើប្រាស់បច្ចេកវិទ្យានេះ ហើយអាចទទួលបានគុណភាពជីវិត ដែលប្រសើរជាងមុន។"លោក ចូ​ចូ ម៉ា​ឡូ​ឡូ​សបានបន្ថែមថា​ វាជាគោលបំណងរបស់ វីង ក្នុងការតភ្ជាប់ប្រទេសកម្ពុជា ជាមួយប្រទេសជាច្រើនទៀត តាមដែលអាចធ្វើទៅបាន។ "ប្រសិនបើអ្នកត្រូវការផ្ញើ ឬទទួលប្រាក់ពីក្រៅប្រទេស អ្វីដែលអ្នកត្រូវការ គឺកម្មវិធី​ស្មាតហ្វូនវីង។ភាពងាយស្រួលប្រើរបស់កម្មវិធីនេះ នឹងផ្តល់ឱ្យអ្នកប្រើប្រាស់របស់យើង អាចចូលទៅកាន់ Wing2World​ ដែលជាច្រកទៅកាន់ពិភពលោក នៃភាពងាយស្រួល។ យើងបាន និងកំពុងផ្តល់សេវាកម្មផ្ទេរប្រាក់ មកពីប្រទេសជាង២០០ រួចទៅហើយ ហើយខ្ញុំរំពឹងថា ចំនួននេះនឹងកើនឡើងស្វ័យគុណ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ខណៈពេលដែលយើងកំពុងបង្កើនសេវាកម្មទទួលប្រាក់ពីក្រៅប្រទេសវាក៏ជាការចាំបាច់ដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ លើសេវាផ្ទេរប្រាក់ទៅក្រៅប្រទេសដូចគ្នានេះដែរ ដូច្នេះខ្ញុំមានមោទនភាព ដែលឥឡូវនេះ យើងបានអនុវត្តជំហានដំបូង ជាមួយប្រទេសហ្វីលីពីន និងប្រទេសវៀតណាម”។ ប្រសិនបើអ្នក​ចង់ផ្ញើប្រាក់ ទៅប្រទេសហ្វីលីពីន និងវៀតណាម ពីប្រទេសកម្ពុជា តាមរយៈកម្មវិធី​ស្មាតហ្វូន វីង (WingMoney) និង​ Wing2World អ្នកត្រូវការគណនីស្តង់ដារបស់ វីង ដែលបានចុះបញ្ជីរួចជាមួយកម្មវិធី។ប្រាក់ដែលត្រូវផ្ញើ ត្រូវបានផ្ញើជាប្រាក់ដុល្លារអាមេរិក ហើយអាចត្រូវបានទទួលបានជា ប្រាក់ដុល្លារអាមេរិក ប្រសិនបើគណនីរបស់អ្នកទទួល គឺជាប្រាក់ដុល្លារអាមេរិក ឬម្យ៉ាងវិញទៀត ប្រាក់ដែលត្រូវទទួលបានជា “ប៉េសូ” ហ្វីលីពីន ឬ “ដុង” វៀតណាម។ប្រាក់ថ្លៃបញ្ជើរ មិនត្រូវបានបង់ដោយអ្នកទទួលនោះទេ​ ​ហើយភាគច្រើន ប្រតិបត្តិការផ្ទេរប្រាក់នេះ អាចនឹងត្រូវបានបញ្ចប់ ក្នុងរយៈពេលតែ១ថ្ងៃ។ Wing2World គឺជាសេវាកម្មផ្ទេរប្រាក់អន្តរជាតិរបស់ វីង ដែលផ្តល់ជូនទាំងសេវាផ្ទេរប្រាក់និងទទួលប្រាក់ពីក្រៅប្រទេស។ វីង បានផ្ដល់លទ្ធភាព ដល់អ្នកធ្វើអន្តោប្រវេសន៍រាប់ពាន់នាក់ និងអ្នកទទួលផលពីពួកគេ ក៏ដូចជាជនបរទេសជាច្រើន ដែលរស់នៅក្នុងប្រទេសកម្ពុជាផងដែរ។គួររម្លឹកផងដែរថា វីង បានចាប់ផ្តើមដំណើរការ Wing2Worldកាលពីដើមសប្តាហ៍នេះ ដោយអនុញ្ញាតឱ្យអ្នកមានគណនីវីងទាំងអស់ អាចទទួលប្រាក់ដែលផ្ទេរពីជាង២០០ប្រទេសដែលរួមមានប្រទេសថៃ, កូរ៉េខាងត្បូង, ជប៉ុន, អូស្រ្តាលី, សហរដ្ឋអាមេរិក, បារាំង, ម៉ាឡេស៊ី និងសិង្ហបុរី។ ក្រុមហ៊ុនថ្លែងថាប្រទេសហ្វីលីពីន និងប្រទេសវៀតណាម គឺជាជំហានដំបូង ក្នុងការពង្រីកសេវាផ្ទេរប្រាក់​ ​ទៅក្រៅប្រទេរបស់ ខ្លួន ហើយរំពឹងថា​ នឹងធ្វើសេចក្តីប្រកាសបន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះអំពីសេវាផ្ទេរប្រាក់ទៅកាន់ប្រទេសដទៃទៀត៕ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទងធនាគារ​ឯកទេស វី​ង (ខេ​ម​បូ​ឌា) លីមីត​ធី​ត អ៊ីមែល: [email protected] អំពី ធនាគារ​ឯកទេស វី​ង ធនាគារ​ឯកទេស​វី​ង (ខេ​ម​បូ​ឌា) លីមីត​ធី​តគឺជា​អ្នកផ្តល់​សេវាកម្ម​ធនាគារ ​តាម​ទូរស័ព្ទ​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា​។ បង្កើតឡើង​ក្នុង​ឆ្នាំ២០០៩ធនាគារ​ឯកទេស​វី​ងផ្តល់ជូននូវការរួមបញ្ជូលហិរញ្ញវត្ថុ ទៅកាន់​អ្នក​មិនមាន​គណនី​ធនាគារ​ និង​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ ដោយផ្ដល់ឲ្យ​ប្រជាជន​កម្ពុជាទាំងអស់ អាចប្រើប្រាស់សេវាកម្មរួមនា ​ក្នុងការ​ផ្ទេរ និង ទទួល​ប្រាក់នៅក្នុងស្រុក, បង់​វិក្កយបត្រនិងបញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ, ទិញទំនិញតាមអនឡាញ និងទូទាត់តាម QR និងរួមជាមួយការផ្ទេរប្រាក់ភ្លាមៗ មកពីប្រទេសជាង ២០០។ ធនាគារ​ឯកទេស​វី​ង នៅតែជាអ្នកនាំមុខគេ សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុតាម​ទូរស័ព្ទ​ចល័ត និងទីផ្សារសេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ដោយគ្របដណ្ដប់ដល់ស្រុក ១០០%​ ​តាមរយៈបណ្ដាញ“Wing Cash Xpress” ជាង ៦០០០​កន្លែងនៅទូទាំងប្រទេស។ ​វី​ង បានចងសម្ព័ន្ធ​ភាពជាមួយ អាជីវករ​ជាង ២៥,០០០ និង​ជា​ក្រុមហ៊ុន​នាំមុខ​ឧស្សាហកម្ម​ជា​សាកល រួមមាន Mastercard និង​ក្រុមហ៊ុន WorldRemit។ លើសពីនេះទៀត សហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាក្រុមហ៊ុនធំៗអាចប្រើប្រាស់សេវាប្រាក់បៀវត្សរ៍ និងចំណាយរបស់វីង ដើម្បីជួយអភិវឌ្ឍដល់ប្រព័ន្ធអេកូទូទាត់ប្រាក់។
X
5s