វីងពង្រីកសេវាកម្មផ្ទេរប្រាក់របស់ខ្លួនទៅវៀតណាម និងហ្វីលីពីនជាលើកដំបូងតាមរយៈសេវាកម្ម “Wing2World”​



Wing2World ជាកម្មវិធីទូរស័ព្ទស្មាតហ្វូនដែលបង្កើតឡើងដោយក្រុមហ៊ុនវីងដែលជាក្រុមហ៊ុនឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។  Wing2World គឺជាសេវាកម្មផ្ទេរប្រាក់អន្តរជាតិរបស់ វីង ដែលផ្តល់ជូនទាំងសេវាផ្ទេរប្រាក់ និងទទួលប្រាក់ពីក្រៅប្រទេស។ វីង បានផ្ដល់លទ្ធភាព ដល់អ្នកធ្វើអន្តោប្រវេសន៍រាប់ពាន់នាក់ ក៏ដូចជាជនបរទេសជាច្រើន ដែលរស់នៅក្នុងប្រទេសកម្ពុជា។ កម្មវិធី Wing2World ជាកម្មវិធីផ្ទេរប្រាក់ទៅកាន់ក្រៅប្រទេស​។ សព្វថ្ងៃក្រុមហ៊ុនវីងពង្រីកសេវាកម្ម​ផ្ទេរប្រាក់របស់ខ្លួន​ទៅកាន់ប្រទេសវៀតណាម និង ប្រទេសហ្វីលីពីន។ វាគឺជាដំណឹងពិសេសមួយសម្រាប់ប្រជាជនហ្វីលីពីន និង អាជីវករខ្មែរដែលរស់នៅក្នុងប្រទេសកម្ពុជាកាន់តែមានភាពងាយស្រួលក្នុងការទូទាត់ការចំណាយផ្សេងៗទៅកាន់ក្រុមគ្រួសារ ឬ ដៃរគូរអាជីវកម្មតាមរយៈស្មាតហ្វូនប្រកបដោយសុវត្ថិភាព រហ័ស និង ចំណាយកម្រៃអស់តិចបើធៀបទៅនឹងសេវាផ្ទេរប្រាក់តាមធនាគារកាលពីមុន។ ចំពោះការដកប្រាក់នៅប្រទេសវៀតណាមអ្នកអាចទៅដកបាននៅតាមបណ្ដាធនាគារ Sacom ជាមួយបុគ្គលិកធនាគារ។ លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស វី​ង បាន​មានប្រសាសន៍ថា ជំហាននេះគឺស្របទៅនឹងបេសកកម្មរបស់វីង ក្នុងការបង្កើតភាពងាយស្រួលមួយកម្រិតទៀត សម្រាប់អ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួន។ លោកបានមានប្រសាសន៍ថា៖ "យើងជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុចល័តនៅកម្ពុជា អស់រយៈពេល ១០ ឆ្នាំមកហើយ  វាជាគោលបំណងរបស់យើង ក្នុងការបន្តឈានមុនគេ ដោយយើងជាធនាគារមួយ ដែលបានត្រួសត្រាយផ្លូវ ក្នុងការបង្កើតសង្គមមួយ ដែលធ្វើការទូទាត់ដោយមិនប្រើសាច់ប្រាក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនៅពេលនោះធនាគារនឹងមានភាពងាយស្រួល មានសុវត្ថិភាព និងមានកម្រៃសេវាប្រសើរជាងមុន។ ពិភពលោកនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ Fintech បានបង្កើតឱកាសថ្មីៗជាច្រើន សម្រាប់ធនាគារចល័តជារៀងរាល់ថ្ងៃ។ យើងចង់ធានាថា លទ្ធផលដែលទទួលបាន ពីដាក់ឲ្យប្រើប្រាស់សេវាកម្មមួយនេះដល់ប្រជាជនកម្ពុជាអាចប្រើប្រាស់បច្ចេកវិទ្យាមួយនេះបាន ហើយអាចទទួលបានគុណភាពជីវិត ដែលប្រសើរជាងមុន។" លោកបានបន្ថែមថា ប្រសិនបើអ្នកត្រូវការផ្ញើ ឬទទួលប្រាក់ពីក្រៅប្រទេស អ្វីដែលអ្នកត្រូវការ គឺកម្មវិធី​ស្មាតហ្វូនវីង។ ភាពងាយស្រួលប្រើរបស់កម្មវិធីនេះ នឹងផ្តល់ឱ្យអ្នកប្រើប្រាស់របស់យើង អាចចូលទៅកាន់ Wing2World ដែលជាច្រកទៅកាន់ពិភពលោកយ៉ាងភាពងាយស្រួល។ យើងកំពុងផ្តល់សេវាកម្មផ្ទេរប្រាក់ មកពីប្រទេសជាង ២០០ រួចទៅហើយ ហើយខ្ញុំរំពឹងថា ចំនួននេះនឹងកើនឡើងស្វ័យគុណ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ខណៈពេលដែលយើងកំពុងបង្កើនសេវាកម្មទទួលប្រាក់ពីក្រៅប្រទេស វាក៏ជាការចាំបាច់ដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ លើសេវាផ្ទេរប្រាក់ទៅក្រៅប្រទេសដូចគ្នានេះដែរ  ខ្ញុំមានមោទនភាពដែលឥឡូវនេះយើងបានអនុវត្តជំហានដំបូងជាមួយប្រទេសហ្វីលីពីន និងប្រទេសវៀតណាម”។ គួររំលឹកផងដែរថា វីង បានចាប់ផ្តើមដំណើរការ Wing2World កាលពីដើមសប្តាហ៍នេះ ដោយអនុញ្ញាតឱ្យអ្នកមានគណនីវីងទាំងអស់ អាចទទួលប្រាក់ដែលផ្ទេរពីជាង២០០ប្រទេស  ដែលរួមមានប្រទេសថៃ, កូរ៉េខាងត្បូង, ជប៉ុន, អូស្រ្តាលី, សហរដ្ឋអាមេរិក, បារាំង, ម៉ាឡេស៊ី និងសិង្ហបុរីជាដើម។ ក្រុមហ៊ុន ថ្លែងថាប្រទេសហ្វីលីពីន និងប្រទេសវៀតណាម គឺជាជំហានដំបូង ក្នុងការពង្រីកសេវាផ្ទេរប្រាក់​ទៅក្រៅប្រទេសរបស់ខ្លួន ហើយរំពឹងថា​ នឹងធ្វើសេចក្តីប្រកាសបន្ថែមទៀត នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ អំពីសេវាផ្ទេរប្រាក់ទៅកាន់ប្រទេសដទៃទៀត៕
X
5s