មូលហេតុទាំង ៧​ ដែលធ្វើឲ្យអ្នកបរាជ័យទោះបីខំប្រឹងប្រែងយ៉ាងណាក៏ដោយ​



មនុស្ស​ទូទៅ​តែង​យល់​ថា អ្នក​ដែល​ខិតខំ​ប្រឹងប្រែង​មិន​ថា​ ការ​សិក្សា រកស៊ី ឬ​ធ្វើ​អ្វី​មួយ​នោះ​ទេ​នៅ​ទីបំផុត​នឹង​ទទួល​បាន​ជោគជ័យ​ជា​មិនខាន។ ក៏ប៉ុន្តែ​តើ​អ្នក​អាច​រៀបរាប់​បាន​ទេ​​ថា មាន​មនុស្ស​ប៉ុន្មាន​អ្នក​ដែល​ទទួល​បាន​ជោគជ័យ? ចម្លើយ​មាន​មិន​ច្រើន​នោះ​ទេ។ តើ​នេះ​បណ្តាល​មក​ពី​អ្វី? ខាងក្រោម​នេះ​ជា​មូលហេតុ​សំខាន់ៗ​មួយ​ចំនួន​ដែល​​អ្នក​​នៅ​តែ​បរាជ័យ​បើ​ទោះបី​ជា​អ្នក​​ខិតខំ​ប្រឹងប្រែង​យ៉ាងណា​ក៏ដោយ៖​

១) អ្នក​មិន​​បាន​ស្គាល់​មនុស្ស​ថ្មីៗ វា​​​ជា​រឿង​​ល្អ​ហើយ​ដែល​អ្នក​បាន​ចំណាយ​ពេល​បង្កើត​មិត្តភាព​​ជា​មួយ​មនុស្ស មិត្តភក្ដិ ឬ​រាប់​អាន​អ្នក​ដែល​អ្នក​ធ្លាប់​ស្គាល់​កន្លង​មក។ ប៉ុន្តែ​បើ​អ្នក​មិន​បាន​ព្យាយាម​បង្កើត​បណ្ដាញ​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ថ្មីៗ​​ជា​ពិសេស​អ្នក​ដែល​ជោគជ័យ​ជាង​អ្នក គឺ​អ្នក​​នឹង​នៅ​តែ​ទទួល​បាន​គំនិត​ដដែលៗ​ មិន​អាច​ដកស្រង់​ ឬ​រៀនសូត្រ​​គំនិត​ថ្មីៗ​បាន​ទេ។ នេះ​បាន​ធ្វើ​ឲ្យ​អ្នក​មើល​ឃើញ​តែ​ជ្រុង​ម្ខាង​ និង​មិន​អាច​ងើប​ផុត​ចេញ​ពី​​ជីវិត​ដែល​អ្នក​មិន​ចង់​បាន​​នោះ​ឡើយ​​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​ម្តង​ហើយ​ម្តង​ទៀត។

២) អ្នក​​មិន​ចូលចិត្ត​ការ​ផ្លាស់ប្ដូរ នៅ​ពេល​អ្នក​ស្ថិត​នៅ​ក្នុង​បរិយាកាស​ដដែលៗ​អស់​រយៈពេល​​ដ៏​យូរ​ វា​បង្ហាញ​ថា អ្នក​ជា​មនុស្ស​ដែល​មិន​ចូលចិត្ត​ការ​ផ្លាស់ប្ដូរ។ នេះ​​បាន​ធ្វើ​ឲ្យ​អ្នក​​​ពិបាក​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​នឹង​អ្វី​ដែល​ថ្មី និង​ពិបាក​ក្នុង​ការ​បង្កើត​ឱកាស​សម្រាប់​អភិវឌ្ឍ​ខ្លួន​ឯង។ ជំនួស​ឲ្យ​ទស្សនៈ​បែប​នេះ អ្នក​ត្រូវ​តែ​ផ្លាស់ប្ដូរ​​​ផ្នត់គំនិត។ ការ​ផ្លាស់ប្ដូរ​ការ​គិត​របស់​អ្នក ​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ឃើញ​គំនិត​ថ្មីៗ​ដើម្បី​ឈាន​ជើង​ចូល​ទៅ​​ប្រឡូក​ទៅ​ក្នុង​ជីវិត ឬ​គោលដៅ​មួយ​ដែល​អ្នក​ចង់​បាន​ដោយ​ជោគជ័យ។

៣) មិន​ហ៊ាន​ប្រឈម​មុខនឹង​ឧបសគ្គ មនុស្ស​ឆ្លាត​តែង​រក​វិធី​ងាយស្រួល​ រីឯ​​​សិស្ស​ក្មេងៗ​​ចូលចិត្ត​ជ្រើសរើស​មុខវិជ្ជា​​រៀន​តាម​មិត្តភក្ដិ​របស់​​គេ ហើយ​រៀន​ឲ្យ​ពូកែ​ដើម្បី​ធ្វើ​ការងារ​នៅ​កន្លែង​ល្អ។ ទោះបីជា​បែប​នេះ​ក្តី​​អ្វី​ដែល​ពួកគេ​បារម្ភ​គឺ​សុវត្ថិភាព​ការងារ ខណៈ​ដែល​មនុស្ស​ឆ្លាត​ចង់​បាន​លើស​ពី​នេះ​។ យ៉ាងណាមិញ អ្នក​ទាំង​នេះ​នៅ​តែ​មាន​ការ​ភ័យខ្លាច​ទៅ នឹង​​ឧបសគ្គ​​ជា​ច្រើន​ដែល​នឹង​កើត​ឡើង​​ហើយ​ទីបំផុត​ត្រូវ​បរាជ័យ។ សម្រាប់​អ្នក​វិញ​ត្រូវ​យល់​ថា ឧបសគ្គ​គឺ​ជា​មេរៀន​ដ៏​ល្អ​ប្រសិន​បើ​អ្នក​​យក​ឈ្នះ​វា​បាន។ វា​បាន​ធ្វើ​ឲ្យ​អ្នក​កាន់តែ​រឹងមាំ មាន​បទពិសោធន៍ និង​រៀនសូត្រ​កាន់តែ​ច្រើន​ដែល​នេះ​មិនមែន​ជា​រឿង​ដែល​អ្នក​ត្រូវ​ខ្លាច​ក្នុង​ការ​ប្រឈមមុខ​នោះ​ឡើយ។ ​​

៤) ស្ទាក់ស្ទើរ​ច្រើន ការ​ខិតខំ​ប្រឹងប្រែង និង​ការ​សម្រេចចិត្ត​ដ៏​ឆ្លាត​វៃ​អាច​បើក​ផ្លូវ​ឲ្យ​អ្នក​ជោគជ័យ​ច្រើន។ ប៉ុន្តែ​ពេល​ខ្លះ អ្នក​មាន​​ជម្រើស​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ស្មុគស្មាញ និង​ពិបាក​សម្រេចចិត្ត។ ការ​សម្រេចចិត្ត​ដើម្បី​ស្រវា​ចាប់​យក​ជម្រើស​ទាំងអស់​នោះ មិនមែន​ជា​រឿង​ត្រឹមត្រូវ​នោះ​ទេ។ អ្នក​ត្រូវ​ដឹង​ថា ការងារ​ណា​ខ្លះ​សំខាន់ និង​ជា​រឿង​អាទិភាព​សម្រាប់​អ្នក។ គោលដៅ ឬ​ក្តី​សុបិន្ត​ដែល​អ្នក​ចង់​បាន អាច​ធ្វើ​ឲ្យ​អ្នក​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​ជោគជ័យ ដូច្នេះ​អ្នក​ត្រូវ​បែងចែក​​ដោយ​មិន​ស្ទាក់ស្ទើរ​ថា ការងារ​ណា​ខ្លះ​ដែល​អ្នក​ត្រូវ​ធ្វើ​មុន និង​បន្តបន្ទាប់។

៥) គ្មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង វា​មិន​ចម្លែក​ទេ​ដែល​មនុស្ស​បរាជ័យ មាន​គំនិត​ដូច​ចៅ​ចាក់ស្មុគ។ អ្នក​អាច​ជា​មនុស្ស​ប្រភេទ​នេះ គិត​ច្រើន ស្រមៃ​ច្រើន តែ​មិន​ដែល​ធ្វើ​បាន​សម្រេច​ទេ។ នេះ​ក៏​ព្រោះ​តែ​អ្នក​ពឹង​លើ​ព្រេង​សំណាង មិន​ហ៊ាន​ចាប់​ផ្តើម ខ្ជិលច្រអូស ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​ខ្វះ​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ដែល​ហេតុ​នាំ​ឲ្យ​មាន​ជំនឿ​មួយ​ថា ​ខ្លួន​មិន​អាច​សម្រេច​គោលដៅ​បាន។ ទោះ​បី​ជា​បែប​នេះ​ក្តី អ្នក​ត្រូវ​ស្វែង​យល់​ដូច្នេះ​ថា គ្មាន​អ្វី​ដែល​ល្អ​ឥតខ្ចោះ​នោះ​ទេ។ ចង់​ជោគជ័យ​អ្វី​មួយ​អ្នក​ត្រូវ​ចាប់​ផ្តើម​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន ធ្វើ​បណ្តើរ​រៀន​បណ្តើរ និង​ជឿជាក់​ថា អ្នក​អាច​ធ្វើ​បាន។

៦) រំពឹង​ទុក​តិច​ពេក បើ​ខ្វះ​ភាព​ជឿជាក់​គឺ​ជា​រឿង​មួយ​ទៅ​ហើយ ​អ្វី​ដែល​សំខាន់​មួយ​ទៀត​នោះ​គឺ​ការ​រំពឹង​ទុក​របស់​អ្នក​មាន​តិច​ពេក។ ការ​រំពឹង​ទុក​ខ្ពស់​ខ្លាំង​​ពេក​មិនមែន​ជា​រឿង​មួយ​ត្រឹមត្រូវ​ទេ ប៉ុន្តែ​ការ​រំពឹង​ទុក​តិច​ពេក​ក៏​មិន​បាន​ផ្តល់​លទ្ធផល​អ្វី​ឲ្យ​អ្នក​ដែរ។ រាល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ហាក់​កាន់តែ​គ្មានន័យ​ប្រសិន​បើ​អ្នក​ គ្មាន​ការ​រំពឹង​ទុក​អ្វី​សោះ ហើយ​ជម្រើស​តែមួយគត់​របស់​អ្នក​ គឺ​បរាជ័យ។ អ្នក​ជោគជ័យ​យល់​ថា ជោគជ័យ​ត្រូវតែ​កើត​មាន​ឡើង​។ បើ​ពេល​នេះ​មិន​បាន គង់តែ​ថ្ងៃ​ណា​មួយ​វា​មក​ដល់​ជា​មិន​ខាន។

៧) គ្មាន​គោលដៅ​ច្បាស់លាស់ តើ​អ្នក​មាន​គោលដៅ​ក្នុង​ជីវិត​ដែរ​ឬទេ? វា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​អ្នក​បរាជ័យ​រហូត​ប្រសិន​បើ​អ្នក​មិន​ដឹង​ថា ​អ្នក​កំពុង​ធ្វើ​អ្វី? នៅ​កន្លែងណា? ចង់​បាន​អ្វី? គោលដៅ​ជីវិត​មាន​ច្រើនណាស់ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ថា តើ​អ្នក​ចង់​​ទៅ​​កាន់​គោលដៅ​ណា? អ្នក​ត្រូវ​​មាន​គោលដៅ​ឲ្យ​ច្បាស់លាស់ បន្ទាប់​មក​ត្រូវ​ដើរ​តាម​​គំនិត​របស់​អ្នក​ឆ្ពោះ​ទៅ​កាន់​គោលដៅ​នោះ ទើប​លទ្ធផល​អាច​ជោគជ័យ​តាម​អ្វី​ដែល​អ្នក​បាន​ដៅ​ទុក៕

ប្រភព៖ lifehack

X
5s