ក្រុមហ៊ុន ហង្សម្ចាស់ដី បរិច្ចាកដីចំការ ១ ហិកតាដល់អង្គការមូលនិធិកុមារពិការ
អង្គការមូលនិធិកុមារពិការគឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងមហាផ្ទៃ (លេខ២០៩)។ អង្គការនេះមានការយកចិត្តទុកដាកខ្លាំងទៅលើ សុខុមាលភាពរបស់កុមារ និងយុវជនមានពិការភាពមធ្យម និងធ្ងនធ្ងរ ហើយនិងគ្រួសាររបស់ពួកគេ។ ទស្សនវិស្ស័យរបស់អង្គការមូលនិធិកុមារគឺកុមារ និងយុវជនមានពិការភាពមធ្យម និងធ្ងន់ធ្ងរមានលទ្ធភាពគ្រប់បែបយ៉ាងដើម្បីទទួលបាននូវជីវិតរស់នៅប្រកបដោយភាពថ្លៃថ្នូរ កិត្តិយស និងមានសិទ្ធស្មើគ្នាដូចប្រជាពលរដ្ឋដទៃទៀតនៅក្នុងសង្គម។
លោក ហង្ស ព្រីនយ៉ា គឺជាអ្នកវិនិយោគិនមួយរូប តំណាងឲ្យ ក្រុមហ៊ុនហង្សម្ចាស់ដី ដែលបាន និងកំពុងអភិវឌ្ឍលើវិស័យកសិកម្មមួយកន្លែងនៅលើទឹកដីខេត្តពោធិ៍សាត់។ លោកជាតំណាងឲ្យវិស័យឯកជនមួយរូបក្នុងចំណោមក្រុមហ៊ុនជាច្រើនឯទៀតដែលបានស្គាល់អង្គការមូលនិធិកុមារពិការ រូបលោកបានអញ្ជើញទស្សនៈកិច្ចគម្រោងជួយកុមារពិការ និងបានចូលរួមបរិច្ចាកជាម្ហូបអាហារ និងសម្ភារៈសិក្សាមួយចំនួនជួយដល់កុមារពិការដែល កំពុងសិក្សាជួបការខ្វះខាតនាពេលកន្លងមក។ ដោយបានមើលឃើញអំពី តម្រូវការរយៈពេលវែងសម្រាប់ជួយគាំទ្រដល់កុមារ និងយុវជនពិការជាយុទ្ធសាស្ត្ររយៈ ពេលវែងទៅថ្ងៃអនាគតចាំបាច់ត្រូវមានមូលដ្ឋានចំណូលដើម្បីផ្គត់ផ្គង់ដល់ប្អូនៗពិការទាំងនោះ ក្នុងករណីដ៍ចាំបាច់បំផុតនេះហើយទើបគណៈគ្រប់គ្រងក្រុមហ៊ុនហង្សម្ចាស់ដី បានសម្រេចចិត្តបរិច្ចាកដីចំការ១ហិកតាដែលមានដាំដូងក្រអូបរួចជាស្រេច នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តពោធិ៍សាត់សម្រាប់ធ្វើកសិកម្មបង្ករបង្កើនផលយកមកទំនុកបំរុងកុមារ និងយុវជនពិការ ទៅថ្ងៃអនាគត។
នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ និងចំណាប់អារម្មណ៍ខ្ពស់ពីសំណាក់ម្ចាស់ អាជីវកម្មដើម្បីរួមចំណែកជួយកាត់បន្ថយការលំបាកមួយផ្នែកក្នុងសង្គម ដែលការធ្វើអាជីវកម្ម មិនគិតតែប្រាក់ចំណេញតែមួយមុខនោះទេ ប៉ុន្តែជាការជួយគាំទ្រនិងចូលរួមចំណែកជាផ្នែកមួយ លើកកម្ពស់សិទ្ធ និងឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់កុមារ និងយុវជនងាយរងគ្រោះ។
ជាមួយគ្នាផងដែរនោះ ថ្នាក់ដឹកនាំ និងបុគ្គលិក រួមទាំងកុមារនិងយុវជនមានពិការភាពនៃអង្គការមូលនិធិកុមារពិការ សន្យាថានឹងប្រើប្រាស់ដីចំការនេះជាឧត្តមប្រយោជន៍ក្នុងទិសដៅយូរអង្វែង ហើយខិតខំ កែច្នៃឲ្យទៅជាផលិតផល និងចំណូលសម្រាប់ការងារអភិវឌ្ឍន៍នេះឲ្យមានភាពប្រសើរ ទៅលើជីវភាពរស់នៅរបស់កុមារ និងយវជនមានពិការភាព ហើយបានអំពាវនាវដល់ សាធារណៈជន និងបណ្ដាក្រុមហ៊ុនឯកជន មេត្តាជួយគាំទ្របន្ថែមទៀត។ ថ្នាក់ដឹកនាំ និងបុគ្គលិក ព្រមទាំងកុមារ និងយុវជនមានពិការភាពទាំងអស់របស់ អង្គការមូលនិធិកុមារពិការ ក៏បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះទឹកចិត្ត មនុស្សធម៌ដ៍ធំធេង របស់លោកនិងគណៈគ្រប់គ្រងក្រុមហ៊ុន និងគោរពជូនពរឲ្យ ក្រុមក្រុមហ៊ុនហង្សម្ចាស់ដី បានជោគជ័យ និងមានអតិថិជនកាន់តែច្រើនគាំទ្រ។
លោក សឿន សាវ៉ាត នាយកប្រតិបត្តិមូលនិធិកុមារពិការ បានមានប្រសាសន៍ថា៖«ទង្វើរបស់ក្រុមហ៊ុនហង្សម្ចាស់ដី គឺជាទង្វើសប្បុរសក្នុងការជួយចូលរួមចំណែកក៏ដូចជាទំនុកបំរុងបន្ថែមដើម្បីឲ្យអង្គការមួយនេះមានចំណូលឋិតថេរអាចផ្គត់ផ្គង់ទៅដល់ការចំណាយផ្សេងៗរបស់អង្គការ និងជួយឧបត្តម្ភដល់ប្អូនៗកុមារកំព្រានិងពិការបន្ថែម។ បន្ថែមពីនេះលោកបានសំណូមពរទៅដល់បណ្ដាក្រុមហ៊ុន ស្ថាប័ន និងសប្បុរសជនផ្សេងៗឲ្យចូលរួមជួយផ្ដល់ជាជំនួយដូចជាសម្ភារៈសិក្សា ម្ហូបអាហារ ដើម្បីផ្តល់លទ្ធភាពឲ្យពួកគាត់ដែលជាក្មេងកំព្រា និងជនពិការបានសិក្សារៀនសូត្រ មានចំណេះដឹង មានជំនាញដើម្បីចញ្ចឹមជីវិតរបស់ពួកគេដូចមនុស្សដទៃទៀតក្នុងសង្គម»៕