លើកទី១សម្រាប់កម្ពុជា អំពី "ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា"​



ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា គឺជាកម្មវិធីសង្គមមួយដែលត្រូវបានរៀបចំឡើងដោយ ក្រុមយុវជនកម្ពុជាមកពី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។ ក្រុមយុវជនគឺ គាត់ស្រឡាញ់ និងចូលចិត្តយ៉ាងខ្លាំងនូវជំនាញ និងមុខវិជ្ជាអំពី យន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្រ្តជាដើម។ នេះជាការរៀបចំលើកទី១ ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជាដោយ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ឱ្យមានពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា ឆ្នាំ២០១៨ ដែលមានរយៈពេលបីថ្ងៃ ១៤ ១៥ ១៦ ខែធ្នូ ឆ្នាំ២០១៨ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុងខាងមុខនេះ។ ពិព័រណ៍នេះផងដែរគឺ ទទួលបានការគាំទ្រយ៉ាងខ្លាំងពី កងទ័ពជើងអាកាស និង ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគាំទ្រសហការរៀបចំពីក្រុមហ៊ុន Helistar (Cambodia) និងអង្គការសែ្ទមកម្ពុជា ដោយក្នុងគោលបំណងផ្តល់ឱកាសដល់ យុវជន សិស្សនិស្សិត កម្ពុជាទាំងអស់ និងសាធារណៈជនបានឃើញ និងចូលទស្សនាដោយសេរីតាមរយៈការដាក់បង្ហាញ យន្តហោះឯកជន (Private Jets) និងឧទ្ធម្ភាគចក្រ (Helicopters) ជាដើម ទាំងផ្នែកខាងក្រៅ និងក្នុងនៃយន្តហោះ ព្រមទាំងការតាំងបង្ហាញនូវស្នាដៃទេពកោសល្យកូនខែ្មរយើង ដែលបានផលិតឧបករណ៍អេឡិចត្រូនិច គ្រឿងយន្ត បច្ចេកវិទ្យា និងការសរសេរកូដផ្សេងៗជាដើម។ ដូច្នេះគឺជា ឱកាសដ៏វិសេសមួយដែលប្រមូលផ្តុំនូវធនធានមនុស្ស យុវជនសិស្សនិសិ្សតកម្ពុជា មកពីវិទ្យាល័យ សកលវិទ្យាល័យនានាទូទាំងប្រទេសកម្ពុជា ដែលមានជំនាញផ្នែក បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម វិទ្យាសាស្រ្ត និងព្រមទាំងស្រឡាញ់ចូលចិត្តចំណេះដឹងយន្តហោះ និងអាកាសចរ និងលើសពីនេះយុវជន សិស្សនិសិ្សត និងអ្នកចូលរួមទាំងអស់អាចសួរជាសំណួរចម្លើយ ទៅកាន់អ្នកបើកយន្តហោះដែលនៅទីនោះផ្ទាល់ ឯកទេស និងយុវជន សិស្សនិស្សិតនានា ដែលចូលរួមតាំងពិព័រណ័បង្ហាញអំពី យន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្រ្តជាដើម។ល។ អ្វីដែលពិសេសនោះគឺ មានការប្រកួតធ្វើ និងបង្ហោះយន្តហោះកៅស៊ូ! យន្តហោះកៅស៊ូ? ស្តាប់ លឺ និងនិយាយ គឺប្រហែលជាស្រួលធ្វើ និងបង្ហោះហើយ! នេះជាអ្វីដែលចង់បង្ហាញដោយមានគោលដៅ និងទិសដៅរៀបចំឡើងដោយក្រុមយុវជន ស.ស.យ.ក ខេត្តស្វាយរៀង នូវពិព័រណ៍នេះដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងបណ្តុះគំនិតទៅដល់ យុវជន សិស្សនិស្សិតកម្ពុជាទាំងអស់ដែលចូលរួមទស្សនា និងដាក់ពាក្យចូលរួមប្រកួតធ្វើយន្តហោះកៅស៊ូ នេះមានឱកាសធ្វើ និងប្រកួតបង្ហោះយន្តហោះកៅស៊ូផងដែរ។ នេះគឺជា ចំនុចចាប់ផ្តើម! ការធ្វើយន្តហោះកៅស៊ូនេះមិនមែនស្រួលដូចគិត និងនិយាយទេ! គឺយើងត្រូវតែគិតវាឱ្យបានល្អិតល្អន់កំឡុងពេលធ្វើអំពី វត្ថុឧបករណ៍ដែលត្រូវយកមកប្រើ និងធ្វើឡើង រួមទាំងទំងន់ ស្លាប ទំហំ កង្ហារចក្រ ការរចនាមូដ និងការធ្វើបទបង្ហាញ ព្រោះការវាយតម្លៃនឹងត្រូវធ្វើឡើងតាមលក្ខខ័ណ្ឌ ៥ចំនុច។ ចំនុចទាំង ៥នោះគឺ ផ្តោតលើថេរៈវេលាយូរ ឬឆាប់នៃការហោះ កំពស់ខ្ពស់ ឬទាប រយៈចម្ងាយវែង ឬខ្លី ការរចនាមូដនៃយន្តហោះ និងការធ្វើបទបង្ហាញអំពីផលិតផល ជៀសវាងការទៅទិញផលិតផលអ្នកដ៏ទៃ មកចូលរួមប្រកួត។ ក្រុមទាំងអស់ដែលបានដាក់ពាក្យចូលរួមប្រកួតទាំងអស់មាន ១៤ក្រុម ដោយក្នុងមួយក្រុមមានសមាជិក២នាក់។ ក្រុមទាំង១៤ ជាសិស្សនិសិ្សតមកពីវិទ្យាល័យ និងសកលវិទ្យាល័យ ដូចជាវិទ្យាល័យព្រះស៊ីសុវត្តិជំនាន់ថ្មី សកលវិទ្យាល័យវិស្វកម្ម និងបច្ចេកវិទ្យា ជាដើម។ កំឡុងពេលពិព័រណ៍នេះផងដែរ គឺមានសាលសិក្ខាសាលាដែលបង្កើតឱកាសបន្ថែម ទៅដល់អ្នកចូលរួមមកទស្សនាចូលស្តាប់ សួរនិងឆ្លើយ ផ្លាស់ប្តូរបទពិសោធន៍រវាងវាគ្មិន សាស្ត្រាចារ្យ អ្នកជំនាញ រៀមច្បង និងសិស្សនិស្សិតរវាងគ្នា។ ហើយក៏មានស្តង់លក់ម្ហូប និងភេសជ្ជៈសម្រាប់អ្នកចូលរួមទស្សនាទទួលទាន និងសម្រាកកម្សាន្តផងដែរ។ នេះជាឱកាសដ៏ពិសេសបំផុត សម្រាប់យុវជនសិស្សនិស្សិតកម្ពុជាទាំងអស់គួរតែចូលរួមឱ្យបានទាំងអស់គ្នាដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងអំពី យន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្រ្ត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិក្នុងវិស័យនេះ និងឱ្យវិស័យយន្តហោះ និងបច្ចេកវិទ្យានៅកម្ពុជាមានការរីកចម្រើន!
X
5s