វិធីសាស្រ្ត ៤យ៉ាងក្នុងការនិយាយជាសាធារណៈប្រកបដោយទំនុកចិត្ត១០០%​



មនុស្សមួយចំនួនមិនដែលសូវខ្វល់ទេ ចំពោះការនិយាយ គឺគ្រាន់តែគិតថាការនិយាយជារឿងមួយធម្មតា ប៉ុន្តែមានមនុស្សមិនច្រើនទេ ដែលគិតថាការនិយាយជាធាតុមួយដ៏សំខាន់និងមានឥទ្ធិពលបំផុត ក្នុងការធ្វើរឿងអ្វីមួយ ឫទំនាក់ទំនងជាមួយនរណាម្នាក់។  

តាម ប្រសាសន៍ លោក ម៉េង ពុទ្ធី ដែលជាគ្រូបង្វឹក Perspective Cambodia បានឲ្យដឹងថា មនុស្សណាក៏ចេះនិយាយដែរ តែសំដីមនុស្សដែលមានសិល្បៈ និង មនុស្សគ្មានសិល្បៈក្នុងការនិយាយគឺខុសគ្នាដាច់ស្រឡះ ព្រោះការនិយាយឲ្យមានភាពត្រឹមត្រូវ ច្បាស់លាស់និងមានប្រយោជន៍ពិត ជាមិនមានភាពងាយស្រួលទេ ទាមទារឲ្យយើងនិយាយគឺជាពាក្យពិត កាន់តែមានប្រយោជន៍ និងត្រូវតាមកាលៈទេសៈ ទើបគេចង់ស្តាប់យើង។ ដូច្នេះបើមនុស្សចង់និយាយទៅកាន់ទស្សនិកជន ឫនរណា ឲ្យគេ ចាប់អារម្មណ៍ចង់ស្តាប់នូវអ្វីដែលយើងចង់និយាយគឺត្រូវមាន ចំណុចនេះ៖

១.គោលដៅ៖ មុននឹងធ្វើអ្វីមួយត្រូវកំណត់គោលដៅ ដូចគ្នាជាមួយការនិយាយដំបូងត្រូវភ្ជាប់ជាមួយការនិយាយ ត្រូវដឹងថាខ្លួនឯងចង់និយាយអ្វីជាមួយអ្នកស្តាប់ ? ហើយចង់ឲ្យអ្នកស្តាប់នោះមានអារម្មណ៍បែបណាជាមួយយើង? សួរសំណួរនេះទៅកាន់ខ្លួនឯង ហើយបើរកចម្លើយពីរនេះចេញមានន័យថា អ្នកអាចធ្វើបាន។

២. ភាពជឿជាក់៖ ទំនុកចិត្តជារឿងដ៏ធំ ហើយក៏ជាបញ្ហាផងដែរ នៅពេលដែលយើងខ្វះទំនុកចិត្តពេលនិយាយជាសាធារណៈ រឿងដែលកើតមុនគេគឺភ័យ ញ័រ និយាយលែងចេញ។ បើចង់ជោគជ័យលើការនិយាយ ត្រូវមានលក្ខណៈត្រៀមជាមុន ហើយតាំងចិត្តជាមុនកុំឲ្យភ័យ ត្រូវទន្ទេញថា “យើងអាចធ្វើបាន” “យើងអាចធ្វើបាន” “យើងប្រាកដជាធ្វើបាន” នោះទំនុកចិត្តនឹងកើតមានឡើង។

៣.អនុវត្តន៍៖ ទ្រឹស្តីគ្រាន់តែជាទ្រឹស្តីបើខ្វះការអនុវត្តក៏មិនអាច ទៅរួចដែរ។ ចងចាំថា ចង់ឆាប់ចេះនិយាយជាសាធារណៈដោយមិនភ័យ ត្រូវព្យាយាមអនុវត្តន៏លើការនិយាយ នោះឲ្យបានច្រើនដង អ្វីដែលត្រូវធ្វើគឹចាប់ផ្តើមនិយាយជាមួយកញ្ចក់ ដើម្បីឆ្លុះបញ្ជាំងខ្លួនឯង ថាមានចំណុចខ្វះខាតអ្វីខ្លះដែលត្រូវកែលម្អ។

៤. កុំខ្លាចបរាជ័យ៖ ចាប់ផ្តើមដំបូង ភាពភ័យខ្លាចនឹងរត់មករកយើង តែត្រូវដឺងថា គ្រប់មនុស្សទាំងអស់គ្មាន នរណាម្នាក់ឥតខ្ចោះឡើយ ។ ភាគច្រើនបុគ្គលជោគជ័យ គឺកើតឡើងពីភាពបរាជ័យទាំងអស់ ព្រោះភាពបរាជ័យជារឿងមួយដែលល្អ ដែលអាចបង្រៀនយើង ឲ្យឆ្ពោះទៅរកភាពជោគជ័យបាន ដូច្នេះហើយចូលកុំខ្លាចនឹងភាពបរាជ័យ មនុស្សដែលខ្លាចបរាជ័យ នឹងក្លាយជាមនុស្សបរាជ័យជារៀងរហូត៕  

X
5s