ធ្វើដូចម្ដេចទើបអាចបង្កើតប្រភពចំណូលបានច្រើនដូចអ្នកមាន?
អស់រយៈពេល៥ ឆ្នាំដែលលោក Tom Corley បានធ្វើការសិក្សាស្រាវជ្រាវជាមួយនឹងសៀវភៅលក់ដាច់បំផុត (Rich Habit) របស់លោក អ្នកនិពន្ធរូបនេះបានទាញការសន្និដ្ឋានមួយពីការស្ទាបស្ទង់មតិលើបុគ្គលល្បីៗជាមហាសេដ្ឋី ចំនួន ២៣៣ នាក់។ ការសន្និដ្ឋាននោះ គឺបង្ហាញអំពីទម្លាប់ប្រចាំថ្ងៃរបស់អ្នកមានទាំងនេះធៀបទៅនឹងអ្នកក្រ ១២៨ នាក់ដែលមានប្រាក់ចំណូលទាប ហើយលទ្ធផលបានបង្ហាញថា អ្នកមានទាំងនេះមានប្រភពប្រាក់ចំណូលច្រើនសណ្ឋានណាស់។
ក្នុងចំណោមអ្នកមាន ២៣៣ នាក់ខាងលើ ការសិក្សាលើប្រភពប្រាក់ចំណូលរបស់ក្រុមមហាសេដ្ឋីទាំងនេះគឺមានដូចខាងក្រោម៖ -៦៥% មានប្រភពចំណូលចាប់ពី៣ឡើងទៅ -៤៥% មានប្រភពប្រាក់ចំណូលចាប់ពី៤ឡើងទៅ -២៩% មានប្រភពប្រាក់ចំណូលចាប់ពី ៥ ឡើងទៅ។ ការមានប្រភពចំណូលមកពីប្រភពផ្សេងៗ គឺជារឿងល្អបំផុតដែលជាគន្លឹះមួយធ្វើឲ្យអ្នកមាន មានទ្រព្យសម្បត្តិកាន់តែច្រើន។ វាបានជួយឲ្យអ្នកមានទាំងនេះគេចផុតពីអន្ទាក់បំណុល ព្រោះថាបើពួកគេមិនអាចរកចំណូលបានពីមុខជំនួញមួយ ឬមុខជំនួញមួយខាតបង់ នៅមានមុខជំនួញផ្សេងទៀតដែលអាចរកចំណូលបាន។
បើតាមការស្រាវជ្រាវរបស់លោក Tom Corley អ្វីដែលជាចំណុចគ្រោះថ្នាក់បំផុតមួយរបស់អ្នកក្រ គឺមានប្រភពចំណូលតែមួយដែលនោះគឺ ការងាររបស់ពួកគេតែម្តង។ ប្រសិនបើអ្នកមិនសន្សំ និងវិនិយោគលើប្រាក់សន្សំរបស់អ្នកទៅលើទ្រព្យដែលផ្តល់ប្រាក់ចំណេញបន្ថែមទៀត ហើយក្នុងករណីអ្នកបាត់បង់ការងារធ្វើ អ្នកនឹងអាចព្យាករណ៍ដឹងជាមុនថា អ្នកនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុងធ្លាក់ចូលក្នុងវិបត្តិបំណុលជាមិនខាន។ ទ្រឹស្តីមួយដែលពេញនិយមសម្រាប់ការវិនិយោគនោះគឺថា សូមកុំដាក់ស៊ុតទាំងអស់ចូលក្នុងកន្ត្រកតែមួយ។ ប្រសិនបើកន្ត្រកនោះដាច់រហែក តើអ្នកនឹងធ្វើដូចម្តេច?
តើអាចបង្កើតប្រភពចំណូលបានច្រើនប្រភពដោយរបៀបណា? នៅក្នុងសៀវភៅ "Rich Habits, Poor Habits” សហអ្នកនិពន្ធលោក Michael Yardney បានជួយពន្យល់អ្នកក្ររាយរ៉ាប់អ្នកឲ្យក្លាយជាអ្នកមានពីរបៀបបង្កើតប្រាក់ចំណូលជាច្រើនប្រភព ។ ខាងក្រោមនេះជាវិធីរបស់លោក Michael៖
១.សន្សំ៖ សន្សំពី ១០-២០% នៃចំណូលប្រចាំឆ្នាំរបស់អ្នក
២.រៀន៖ រៀនអភិវឌ្ឍជំនាញថ្មីៗដែលប្រែខ្លួនអ្នកឲ្យជ្រៀតចូលក្នុងវិស័យអាជីវកម្ម។ រៀនជំនាញដែលអាចយកទៅប្រើប្រាស់ក្នុងមុខជំនួញ ឬ របៀបវិនិយោគលុយរបស់អ្នកទៅលើទ្រព្យដែលបង្កើតប្រាក់ចំណូល (ចំណូលអកម្ម-Passive Income)។ ការវិនិយោគលើទ្រព្យដែលផ្តល់ប្រាក់ចំណូលអកម្មមានដូចជា ទិញអចលនទ្រព្យ (ដីធ្លីផ្ទះ) ឬជួលអចលនទ្រព្យ (ជួលអគារ) ដែលស្ថិតនៅតាមទីប្រជុំជន ឆ្នេរសមុទ្រ កន្លែងរមណីយដ្ឋាន មាត់ទន្លេជាដើម និងទីផ្សារភាគហ៊ុន។
៣.វិនិយោគ៖ វិនិយោគចំណែកណាមួយនៃប្រាក់សន្សំរបស់អ្នកទៅលើមុខជំនួញអាជីវកម្មដែលអាចធ្វើឲ្យអ្នករកចំណូលបន្ថែម។
៤.វិនិយោគហើយវិនិយោគទៀត៖ នៅពេលដែលចំណូលមុខជំនួញណាមួយរបស់អ្នកចាប់ផ្តើមហូរចូលមកបណ្តើរហើយនោះ អ្នកត្រូវបង្កើនទុនវិនិយោគបន្ថែមទៀតលើមុខជំនួញនោះ ឬយកចំណូលដែលរកបាននោះទៅវិនិយោគលើមុខជំនួញណាផ្សេងទៀតក៏បានដែរ។ បើមានលទ្ធភាពវិនិយោគលើមុខជំនួញផ្សេងៗកាន់តែច្រើន គឺកាន់តែល្អ។ យ៉ាងណាមិញ ប្រសិនបើអ្នកមិនមានសមត្ថភាពធ្វើវាទេនោះ អ្នកអាចបោះទុនរកដៃគូទុកចិត្តណាមួយដែលអាចធ្វើជាដៃគូជំនួញជាមួយអ្នកបាន។ សូមចាំថា បើអ្នកអាចប្រភពចំណូលបានកាន់តែច្រើន អ្នកកាន់តែមានសុវត្ថិភាពហិរញ្ញវត្ថុហើយនេះជារបៀបដែលអ្នកមានធ្វើកន្លងមក៕
ប្រភព៖ cnbc