ហេតុអ្វីបានជាអ្នកមិនត្រូវដើរតាមក្តីសុបិនរបស់អ្នកដទៃ?
តើអ្នកមានសង្កេតឃើញទេថា អ្នកជិតខាង មិត្តភក្ដិឬសាច់ញាតិរបស់អ្នកបានធ្វើរឿងអ្វីមួយបានល្អជាងអ្នកនូវអ្វីដែលពួកគេស្រឡាញ់ដែរឬទេ? អ្នកប្រហែលជាសង្កេតឃើញអ្នកទាំងនោះ អាចរកលុយបាន ឬជោគជ័យពីមួយទៅមួយរាប់មិនអស់ និងងាយស្រួលបំផុត ខណៈដែលអ្នកកំពុងឈឺក្បាលទៅនឹងការងាររបស់អ្នក។ ដោយសារតែអ្នកធ្វើមិនបានល្អជាមួយនឹងអាជីពរបស់អ្នក ទើបធ្វើអ្នកអាចសម្រេចចិត្តធ្វើការងារ និងមានចំណង់ចំណូលចិត្តតាមអ្នកទាំងនោះ។
នេះក៏ព្រោះតែអ្នកជឿថា អ្នកនឹងអាចទទួលបានភាពជោគជ័យនៅពេលធ្វើដូច្នេះ ហើយអាចរកបានច្រើន។ ប៉ុន្តែនេះគឺជាកំហុសឆ្គងដ៏ធ្ងន់មួយព្រោះថា បើអ្នកធ្វើបែបនេះ អ្នកស្រលាញ់តែលុយមួយមុខប៉ុណ្ណោះ ពោលគឺមិនបានស្រលាញ់ការងារអ្វីដែល អ្នកចង់ធ្វើដែលជាក្តីសុបិន្ដរបស់អ្នកនោះឡើយ។ ខាងក្រោមនេះគឺជាហេតុផលសំខាន់ចំនួន ៦ ដែលជួយពន្យល់អ្នកថា ហេតុអ្វីអ្នកត្រូវឈប់ដើរតាមក្តីសុបិន្តរបស់អ្នកដទៃពីពេលនេះតទៅ?
១.គ្មានការធានាលើផ្លូវជោគជ័យនោះឡើយ អ្នកអាចដឹងច្បាស់ពីទ្រឹស្តីមួយនេះពីព្រោះថា ការដើរតាមក្តីសុបិន្តរបស់អ្នកដទៃវាមិនធ្វើឲ្យអ្នកសប្បាយចិត្តនោះឡើយ។ អ្នកត្រូវចាំថា បើទោះបីជាអ្នកប្រឹងប្រែងយ៉ាងណាក៏ដោយ បើក្តីសុបិន្តទាំងនោះមិនមែនជារបស់អ្នក មិនមែនជាអ្វីដែលអ្នកពេញចិត្ត វានឹងក្លាយជាច្រកផ្លូវដ៏គ្រោះថ្នាក់ប៉ះពាល់ដល់ក្តីសុបិន្ត និងគោលដៅដែលអ្នកចង់បាន។ អ្នកអាចមានសមត្ថភាពលើជំនាញរបស់អ្នក ប៉ុន្តែបើអ្នកមិនបានធ្វើអ្វីដែលអ្នកស្រលាញ ហើយបែរជាដើរតាមក្តីសុបិន្តផ្សេងទៀត ការងារទាំងនោះនឹងក្លាយជារឿងមួយស្មុគស្មាញសម្រាប់អ្នក។ អ្នកនឹងធ្វើវាមិនបានល្អ ពីព្រោះអ្នកគ្មានមហិច្ឆតានឹងធ្វើវាឲ្យបានល្អបំផុត។
២.ទទួលបានលទ្ធផលតិច វាជារឿងធម្មតាទៅហើយសម្រាប់អ្នកដែលធ្វើអ្វីមួយតាមតែគំនិត ឬចំណង់ចំណូលចិត្តរបស់អ្នកដទៃតែងតែទទួលបានលទ្ធផលមិនល្អ។ ហេតុផលនោះគឺថា មកពីការងារនោះអ្នកមិនស្រលាញ់ ហើយម្យ៉ាងទៀតអ្នកត្រូវបង្ខំចិត្តធ្វើវាច្រើនម៉ោងជាងអ្នកផ្សេងដែលគេមានភាពប៉ិនប្រសព្វលើការងារនោះស្រាប់ពីព្រោះវាជាជំនាញរបស់អ្នកទាំងនោះ។ មិនតែប៉ុណ្ណោះ វានឹងធ្វើឲ្យផលិតភាពរបស់អ្នកបាត់បង់ផងដែរនៅពេលធ្វើការងារផ្សេងទៀត ដោយសារតែអ្នកប្រើថាមពលធ្វើការច្រើនជ្រុលលើការងារដែលអ្នកមិនស្រលាញ់ជាពិសេសអាជីពការងាររបស់អ្នកតែម្តង។
៣.បាក់ទឹកចិត្ត និងនឿយហត់ អ្នកត្រូវចំណាយពេលរាប់ខែ ឬរាប់ឆ្នាំដើម្បីធ្វើការងារដែលអ្នកមិនស្រលាញ់។ សាកពិនិត្យបន្តិចទៅមើល តើ អ្នកមានការវិវត្តទៅមុខអ្វីខ្លះហើយ? អ្នកនឹងមានអារម្មណ៍ថា ការងារនោះគ្មានតម្លៃសម្រាប់អ្នកសោះឡើយ ប្រើថាមពលអស់ច្រើន ប្រឹងប្រែងធ្វើច្រើនជាងមុន តែលទ្ធផលតិចជាងការរំពឹងទុក្ខ។ វាមិនមែនជារឿងចៃដន្យទេ ព្រោះនោះវាមិនមែនជាជំនាញរបស់អ្នក ដែលអ្នកស្រលាញ់។ ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកនឹងមានអារម្មណ៍បាក់ទឹកចិត្ត តូចចិត្ត អស់សង្ឃឹម និងនឿយហត់លែងចង់ធ្វើការអ្វីទាំងអស់ហើយទីបំផុតអ្នកនឹងបរាជ័យ។
៤.ឆាប់ឆេវឆាវ និងមានអារម្មណ៍តានតឹង ដោយសារតែអ្នកកំពុងធ្វើអ្វីមួយដែលអ្នកខ្វះជំនាញ វានឹងធ្វើឲ្យអ្នកកាន់តែពិបាកទទួលបានលទ្ធផលល្អតាមអ្វីដែលអ្នកចង់បាន។ នេះនឹងធ្វើឲ្យអ្នកមានអារម្មណ៍ខកចិត្ត ហើយការខកចិត្តនេះជាលទ្ធផលដែលកើតចេញពីការមិនអាចផ្លាស់ប្ដូរ ឬទទួលបានអ្វីមួយដែលអ្នកចង់បាន។ ក្នុងករណីបែបនេះការមិនសប្បាយចិត្ត ការឆាប់ឆេវឆាវ និងអារម្មណ៍តានតឹង នឹងកើតមានឡើងដែលនឹងមានផលប៉ះពាល់អវិជ្ជមានជាច្រើនទៅលើជីវិតរបស់អ្នក។ នេះក៏ធ្វើឲ្យទំនាក់ទំនងរបស់អ្នកចុះខ្សោយតែម្តង។
៥.បើទោះបីជាជោគជ័យ ក៏នៅតែមិនពេញចិត្ត តើមានអ្នកណាខ្លះដែលសប្បាយចិត្តនៅពេលជោគជ័យលើការងារអ្វីមួយដែលខ្លួនគិតថា មិនមានតម្លៃសោះ? មើលទៅមិនមានមនុស្សច្រើនទេដែលពេញចិត្តបែបនេះ។ ជាការពិតហើយ មនុស្សម្នាក់ៗតែងឲ្យតម្លៃលើអ្វីដែលសំខាន់ដូចជា ភាពជោគជ័យតាមគោលដៅ ក្តីសុបិន្ត ឬបំណងប្រាថ្នារបស់ខ្លួន។ ដូចនេះនៅ ពេលអ្នកជោគជ័យលើការងារដែលអ្នកមិនស្រលាញ់ អ្នកនឹងដឹងថា លុយ ឬការងារទាំងនោះនៅតែគ្មានតម្លៃសម្រាប់អ្នក។ វាមិនមែន ជាអ្វីដែលអ្នកចង់បាន ហើយទីបំផុតវានៅតែគ្មានន័យសម្រាប់អ្នក។
៦.ខាតពេលឥតប្រយោជន៍អស់ ៨០% អ្នកមានដឹងទេថា ការងារដែលអ្នកធ្វើប្រចាំថ្ងៃនេះបានក្រសោបយកពេលវេលាអស់ ៨០% នៃជីវិតរបស់អ្នក? បើដូច្នេះមែន មូលហេតុអ្វីដែលអ្នកត្រូវលះបង់ក្តីសុបិន្ដរបស់ខ្លួនដើរតាមអ្នកដទៃ? អ្នកគួរស្វែងយល់ដូច្នេះថា អ្នកទាំងនោះអាចមានទាំងលុយ និងជោគជ័យក្នុងការងារដែលគេស្រលាញ់ ខណៈដែលអ្នកបានត្រឹមតែលុយបន្តិចបន្តួចជាថ្នូរនឹងការខិតខំប្រឹងប្រែងរបស់ខ្លួន ប៉ុន្តែមិនអាចសម្រេចបានក្តីសុបិន្ដរបស់ខ្លួន។ ក្នុងមួយជីវិតមនុស្សគ្មានអ្វីរីករាយជាងភាពជោគជ័យកើតចេញពីខ្លួនឯង និងក្តីសុបិន្តរបស់ខ្លួនបានសម្រេចនោះឡើយ។ បើអ្វីៗស្ថិតនៅក្នុងដៃអ្នកដទៃ ជីវិតហាក់គឺគ្មានតម្លៃនោះទេ៕
ប្រភព៖ lifehack