កម្មវិធីបិទផ្លូវការ និងការបង្ហាញសិល្បៈបរិស្ថាននៃ «យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០១៨»
នាល្ងាចថ្ងៃពុធ ទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៨ នៅផ្សារទំនើបអេអនម៉លសែនសុខស៊ីធី «យុទ្ធនាការភ្នំពេញស្អាត» ដែលជាផ្នែកមួយនៃ «គម្រោងស្អាត» បានបញ្ចប់ជាស្ថាពរនូវដំណើរការប្រចាំឆ្នាំ២០១៨ របស់ខ្លួន ក្រោយពីបានសម្រេចផែនការសកម្មភាពផ្សព្វផ្សាយ និងអប់រំដែលគួរឱ្យចាប់អារម្មណ៍ទាក់ទងនឹងការគ្រប់គ្រងសំរាម តាមរយៈបណ្តាញទំនាក់ទំនងសង្គម សារព័ត៌មាន និងជាពិសេស តាមរយៈការចុះបញ្ជ្រាបសារ «ភ្នំពេញស្អាត» នៅតាមបណ្តាគ្រឹះស្ថានមធ្យមសិក្សារដ្ឋ និងឯកជនជាង ៣០ កន្លែង និងនៅតាមទីផ្សារទំនើបមួយចំនួននៅរាជធានីភ្នំពេញ។
កម្មវិធីប្រកាសបិទជាផ្លូវការ និងការបង្ហាញសិល្បៈបរិស្ថាននៃ «យុទ្ធនាការភ្នំពេញស្អាតសម្រាប់ ឆ្នាំ២០១៨» នេះ មានការអញ្ជើញចូលរួមពីសហស្ថានិក «គម្រោងស្អាត» ឯកឧត្ដម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ជី សីលា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Sabay, លោកស្រី ជា សុផល្លា អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Emerald Plus, លោកស្រី ហេង ធីតា នាយិកាផ្នែកសេវាកម្មហិរញ្ញាវត្ថុបុគ្គលនៃធនាគារ CIMB Cambodia PLC, លោក ហៃ ភិរម្យ អគ្គនាយកក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា និងលោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)។
ក្នុងនោះ មានការចូលរួមយ៉ាងកក់ក្ដៅពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលជាថ្នាក់ដឹកនាំនៃបណ្តាលក្រុមហ៊ុនឯកជន សមាគម អង្គការមិនមែនរដ្ឋាភិបាល ស្ថានទូត និងជាម្ចាស់ឧបត្ថម្ភនៃគម្រោងភ្នំពេញស្អាត សមាជិក សមាជិកា នៃក្រុមការងារប្រតិបត្តិគម្រោងស្អាត យុវជនសុឆន្ទៈស្អាត សិល្បករ សិល្បការី ព្រមទាំងមហាជនដែលទាំងអស់មានចំនួនសរុបជាង ៤០០ នាក់។
ក្នុងកម្មវិធីបិទនេះផងដែរ មានការបង្ហាញសិល្បៈពាក់ព័ន្ធនឹងការលើកកម្ពស់បរិស្ថាន និងការកែច្នៃសំរាមចំនួន ៤ ប្រភេទ ដែលសុទ្ធសឹងតែជាស្នាដៃកម្រ និងសម្រឹតសម្រាំងនៃសិល្បៈករ សិល្បការិនី អ្នកច្នៃម៉ូត អ្នកថតរូបល្បីឈ្មោះ និងមានទេពកោលសល្យនៃប្រទេសកម្ពុជា ដែលមានដូចជាលោកហ៊ូ រ៉េមមី កញ្ញា ហេហ្សេន ផូ លោក ឯម រៀម លោក យុន រតនៈ លោក ភើ សុផុន លោក ឈន វិច្ឆិកា លោក ឈន កក្កដា និងលោក ម៉ក់ រ៉េមីហ្សា។ សិល្បៈករ សិល្បការិនី អ្នកច្នៃម៉ូត អ្នកថតរូបល្បីឈ្មោះទាំងអស់គ្នានេះ បាននាំគ្នាបង្កើតជាវត្ថុសិល្បៈ រូបថត ម៉ូដសម្លៀកបំពាក់ គំនូរឌូដល ព្រមទាំងវត្ថុសិល្បៈជាច្រើនទៀត ដែលសុទ្ធសឹងតែកែច្នៃ បង្កើតឡើងដោយប្រើប្រាស់សំរាម ដែលមានដូចជាបំពង់បឺត ដប់ទឹក និងរបស់របរប្លាស្ទីកដទៃទៀត។
គោលបំណងសំខាន់នៃការបង្ហាញសិល្បៈបរិស្ថាននៃ «យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០១៨» នេះ គឺចង់ប្រើប្រាស់វត្ថុសិល្បៈនានា ក្នុងគោលបំណងផ្សព្វផ្សាយទៅសាធារណជនទូទៅ ពីផលប៉ះពាល់អវិជ្ជមាន ដែលកើតឡើងពីការទុកដាក់សំរាមមិនត្រឹមត្រូវ ជាពិសេសចង់បំផុសគុណតម្លៃនៃសំរាម តាមរយៈការប្រើប្រាស់ឡើងវិញអោយអស់លទ្ធភាពក្នុងទិសដៅកាត់បន្ថយកាកសំណល់នានា ជាពិសេសកាត់បន្ថយប្លាស្ទិក ព្រមទាំងបំផុសស្មារតីទទួលខុសត្រូវពីប្រជាពលរដ្ឋទាំងអស់គ្នា តាមរយៈការចូលរួមស្វែងរកដំណោះស្រាយ ដើម្បីបរិស្ថានស្អាត គ្មានសំរាម ប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព។
សូមជម្រាបផងដែរថា «យុទ្ធនាការភ្នំពេញស្អាត» នេះធ្វើឡើងនូវរៀងរាល់ឆ្នាំ ក្នុងអំឡុងខែវិច្ឆិកា ដែលត្រូវយុទ្ធនាការនេះ បានប្រសិទ្ធនាមថាជា «ខែស្អាត»។ ហើយឆ្នាំនេះ គឺជាឆ្នាំទី២នៃ យុទ្ធនា-ការភ្នំពេញស្អាត ដែលនឹងប្រព្រឹត្តឡើងពេញមួយខែវិចិ្ឆកា ត្រូវបានអនុវត្តដោយស្ម័គ្រចិត្ត ដោយមាន ការចូលរួមពី «យុវជនសុឆន្ទៈស្អាត» ចំនួន ២០០ នាក់។ ជាក់ស្ដែង យុវជនសុឆន្ទៈស្អាត ដែលជាអ្នកពាំនាំសាររបស់យុទ្ធនាការ នឹងបំពេញការងារស្ម័គ្រចិត្ត ដោយយោងទៅតាមផែនការសកម្មភាព ៩ ធំៗ មានដូចជា៖ សិក្ខាសាលាស្ដីពីការបញ្ជ្រាបការអប់រំទៅតាមបណ្តាគ្រឹះស្ថានរដ្ឋ និងឯកជន (គ្រោង ៣៤ គ្រឹះស្ថានអប់រំ), វេទិកាវោហាសព្វជាសាធារណៈ, ការបំផុសយុទ្ធនាការតាមរយៈ Social media Challenge «ផ្ទះខ្ញុំស្អាត ភ្នំពេញស្អាត», ការបង្កើតកម្មវិធីប្រកួតប្រជែងវីដេអូអប់រំខ្លី, បន្តការចុះផ្សព្វផ្សាយតាមរយៈការបិទស្ទីគ័រ «ស្អាត» និងជំរុញការទទួលយកទស្សនាទាន«ស្អាត» អោយបានទូលំទូលាយ, បន្តការផ្សព្វផ្សាយបទចំរៀងភ្នំពេញស្អាត និង ខ្លីបវីដេអូតុក្កតាខ្លីអប់រំពីការថែរក្សាអនាម័យ
ទីក្រុង តាមរយៈស្ថានីយទូរទស្សន៍ និងប្រព័ន្ធសារពត៌មាន ។ល។ និង ។ល។
ទស្សនាទានចម្បងនៃគម្រោងស្អាត ដែលបង្កើតអោយមាន «យុទ្ធនាការភ្នំពេញស្អាត» គឺសំរាមមិនមែនជារបស់នរណាម្នាក់ ពោលគឺវាកើតចេញពីយើងទាំងអស់គ្នា ដែលទាមទារអោយមានការចូលរួមចំណែកទទួលខុសត្រូវរួមគ្នាក្នុងទិសដៅរួមគ្នាគឺ «ស្អាត» បានន័យថា «គ្មានសំរាមពាសវាលពាសកាល»។ បុព្វហេតុនេះ បាននាំអោយគោលបំណងជាសារវន្តរបស់ «យុទ្ធនាការភ្នំពេញស្អាត» គឺផ្ដោតទៅលើការផ្លាស់ប្ដូរឥរិយាបទតាមរយៈការអប់រំ និងផ្សព្វផ្សាយក្នុងការគ្រប់គ្រងកាកសំណល់ក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភំ្នពេញ ក្រោមពាក្យស្លោក៖ “សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»។
«យុទ្ធនាការភ្នំពេញស្អាត» នឹងក្លាយជាដំណោះស្រាយ ចំពោះបញ្ហាសំរាមនៅកម្ពុជា ជាពិសេសការអប់រំប្រជាជន យុវជន និងកុមារ ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង បទពិសោធន៍ យុទ្ធសាស្រ្ត ក្នុងការការពារបរិស្ថាន សោភ័ណភាព និងសុខុមាលភាព ប្រកបដោយនិរន្តរភាព។
គួរបញ្ជាក់ផងដែរថា គម្រោង «ភ្នំពេញស្អាត» គឺជាយុទ្ធនាការមួយដែលកំពុងតែត្រូវការ ការចូលរួមសហការ រវាងក្រសួងពាក់ព័ន្ធ ស្ថាប័នរដ្ឋនិងឯកជន ព្រមទាំងតាមបណ្ដាសាកលវិទ្យាល័យ និងសាលារៀននានា។ នៅក្នុងនោះផងដែរក៏មានការចូលរួមគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍, គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត, ក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ។
ដូចនេះយុទ្ធនាការភ្នំពេញស្អាត ចាប់ផ្តើមបើកដំណើរការជាលើកទីពីរក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ និងក្នុងឆ្នាំបន្តបន្ទាប់ ជាមួយនឹងប្រធានបទថ្មីៗទាក់ទងនឹងការគ្រប់គ្រងសំរាម រហូតទាល់តែប្រជាពលរដ្ឋគ្រប់រូបកែទម្លាប់ និងប្តូរឥរិយាបថក្នុងការទុកដាក់សំរាមអោយបានត្រឹមត្រូវ ពោលគឺលែងមានសំរាមធ្លាក់ដល់ដីនៅទីក្រុងភ្នំពេញ ឲ្យដូចពាក្យស្លោករបស់យុទ្ធនាការភ្នំពេញស្អាត «សំរាមមិនធ្លាក់ដល់ដី ភ្នំពេញកាន់តែប្រពៃ»។
គួររំលឹកផងដែរថា «គម្រោងស្អាត» ត្រូវបានបង្កើតនៅក្នុងខែវិចិ្ឆកា ឆ្នាំ២០១៧ ដោយសហស្ថាបនិកចំនួន៦រូប ដែលមកពីស្ថាប័នផ្សេងៗគ្នា រួមមាន១៖ ឯកឧត្ដម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទី២៖ លោក ជី សីលា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Sabay ទី៣៖ លោកស្រី ជា សុផល្លា អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន Emerald Plus ទី៤៖ លោកស្រី ហេង ធីតា នាយិកាផ្នែកសេវាកម្មហិរញ្ញាវត្ថុបុគ្គលនៃធនាគារ CIMB Cambodia PLC ទី៥៖ លោក
ហៃ ភិរម្យ អគ្គនាយកក្រុមហ៊ុន Bosch នៅក្នុងប្រទេសកម្ពុជា និងទី៦៖ លោកស្រី ទេព កូលាប សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)។ គម្រោងភ្នំពេញស្អាត មានការចូលរួម និងគាំទ្រដោយ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងបរិស្ថាន, ក្រសួងទេសចរណ៍, គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត, សាលារាជធានីភ្នំពេញ សភាពាណិជ្ជកម្មកម្ពុជា, សមាគមសហគ្រិនស្រ្ដីកម្ពុជា, សមាគមភោជនីយដ្ឋានកម្ពុជា, សភាពាណិជ្ជកម្មអ៊ឺរ៉ុប, សមាគមសហគ្រិនវ័យក្មេង និងសមាគមនិស្សិតវិទ្យាសាស្រ្ដសេដ្ឋកិច្ច និងពាណិជ្ជសាស្រ្ដអន្ដរជាតិនៅកម្ពុជា (AIESEC) វេទិការវោហាស័ព្ទសាធារណៈ (Ignite Cambodia) និងស្ថាប័នផ្សេងៗទៀត៕