ដំណើរនៃវឌ្ឍនភាពរបស់ អេ អឹម ខេ រយៈពេល ១៥ឆ្នាំ
ភ្នំពេញ៖ អេ អឹម ខេ អបអរសាទរខួប១៥ឆ្នាំនៃវឌ្ឍនភាព នៅលើទឹកដីអឆ្ឆរិយអង្គរកាលពីថ្ងៃទី៣០ វិច្ឆិកា ២០១៨។ ក្នុងរយៈពេល១៥ ឆ្នាំនេះ អេ អឹម ខេ បានសម្រេចលទ្ធផលគួរជាទីមោទនតាមរយៈការផ្តល់សេវាហិរញ្ញវត្ថុសមស្រប និងឋិតថេរពិសេសដល់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទដាច់ស្រយាល។ ពិធីអបអរសាទរនេះ ត្រូវបានប្រារពធ្វើឡើងជាមួយគ្នា នឹងកិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំនៅសណ្ឋាគារសុខា ខេត្តសៀមរាប។
អេ អឹម ខេ វិវត្តមកពីកម្មវិធីឥណទានខ្នាតតូចរបស់អង្គការ Concern Worldwide នៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ ដោយសារប្រតិបតិ្តការមានការរីកចម្រើនក្នុងឆ្នាំ ២០០២ អង្គការ Concern បានបង្កើតក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ ដាច់ដោយឡែកមួយ គឺ អេ អឹម ខេ ។ នៅឆ្នាំ ២០០៣ អេ អឹម ខេ បានធ្វើប្រតិបតិ្តការដោយឯករាជ្យពីអង្គការ Concern ហើយ បន្ទាប់មកទទួលបានអាជា្ញប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ ២០០៤។
បច្ចុប្បន្ន អេ អឹម ខេ បានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗនៅប្រទេសកម្ពុជា។ ពីមួយឆ្នាំទៅមួយឆ្នាំ អេ អឹម ខេ តែងតែអភិវឌ្ឍខ្លួនឥតឈប់ឈរ ដោយធ្វើការកែលម្អផលិតផល និងសេវាហិរញ្ញវត្ថុ និងវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ជាប្រចាំដែលមានលក្ខណៈបត់បែន និងសម្បូរបែប ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង ជាពិសេសដើម្បីដើរឱ្យទាន់ការរីកចម្រើននៃការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយរបស់សកលលោក។
ថ្លែងនៅក្នុងពិធីអបអរសាទរ និងកិច្ចប្រជុំថ្នាក់គ្រប់គ្រង លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា “រយៈពេល១៥ឆ្នាំនេះ អេ អឹម ខេ មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១០ អេ អឹម ខេ យើងបានទទួលអជ្ញាប័ណ្ណប្រាក់សន្សំពីធនាគារជាតិនៃកម្ពុជា។ ក្នុងឆ្នាំ២០១១ អេ អឹម ខេ ដាក់ដំណើរការសេវាផ្ទេរប្រាក់ទូទាំងប្រទេស និងឆ្នាំ២០១៣ យើងដាក់ឱ្យដំណើរការម៉ាស៊ីនដកប្រាក់ និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATM/CDM)។ អ្វីដែលសំខាន់ទៀតនោះ យើងទើបតែផ្លាស់ប្តូរប្រព័ន្ធធនាគារស្នូល T24 បានជោគជ័យ ដោយប្រព័ន្ធថ្មីនេះ ធ្វើឱ្យការងាររបស់យើងកាន់តែមានប្រសិទ្ធភាពជាងមុន”។
លោកប្រធាននាយកប្រតិបត្តិ បានឱ្យដឹងដែរថា បើយើងក្រឡេកមើលទិន្នន័យហិរញ្ញវត្ថុរបស់យើង គឺគិតត្រឹមខែតុលា ឆ្នាំ២០១៨នេះ អេ អឹម ខេ សម្រេចបានលទ្ធផលគួរ ឱ្យកត់សម្គាល់។ ចំនួនបុគ្គលិករបស់យើងកើនឡើងដល់ជាង ២,៧០០នាក់ អតិថិជនចំនួនជាង ៨៤ ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ២៤៧ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង ១៤៦ លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៥០ កន្លែង និងមានភ្នាក់ងារជាង ៣.៥០០ កន្លែងនៅទូទាំងប្រទេស។
លោក គា បូរាណ លើកឡើងយ៉ាងដូច្នេះថា “លទ្ធផលទាំងនេះនឹងមិនអាចកើតមានទេ ប្រសិនបើមិនមានការចូលរួមពីបុគ្គលិក អេ អឹម ខេ គ្រប់ជាន់ថ្នាក់។ ការរីកចម្រើននេះ គឺដោយសារតែបុគ្គលិក អេ អឹម ខេ មានការតាំងចិត្តខ្ពស់ និងបានចូលរួមយ៉ាងសកម្មគ្រប់សកម្មភាព”។ លោកប្រធាននាយកប្រតិបត្តិបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកទាំងអស់ ដែលបានបំពេញកាតព្វកិច្ចបានយ៉ាងល្អក្នុងការបំពេញបេសកកម្មរបស់ខ្លួន ដោយមិនគិតពីពេលវេលា និងកំលាំងកាយចិត្តក្នុងរយៈពេលពេញ១៥ឆ្នាំមកនេះ ដែលបានជួយឱ្យ អេ អឹម ខេ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់គួជាទីគាប់ចិត្ត។
គួបញ្ជាក់ផងដែរថា អេ អឹម ខេ គឺជាគ្រឹះស្ថានដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជនដូចជា៖ សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)៕