ហេតុអ្វីមនុស្សដែលឆាប់ងើបពីគេងជាមនុស្សជោគជ័យ?
អ្នកប្រហែលជាធ្លាប់បានទស្សនាវីដេអូ ឬអានអត្ថបទអប់រំផ្សេងៗដែលលើកឡើងពីគុណសម្បត្តិជាច្រើននៅពេលអ្នកឆាប់ក្រោកពីទទួលទានដំណេកនៅម៉ោង ៥ ព្រឹក។ ប៉ុន្តែតើអ្នកអាចប្រាប់ឲ្យត្រង់បានទេថា តើមានមនុស្សប៉ុន្មាននាក់ពិតជាបានជោគជ័យពិតប្រាកដនៅពេលធ្វើដូច្នេះ? គ្មានចម្លើយណាមួយដែលសមស្របសម្រាប់សំនួរនេះឡើយ ក៏ប៉ុន្តែមនុស្សដែលឆាប់ក្រោកពីការទទួលទានដំណេក ពិតជាជោគជ័យច្រើនជាងមនុស្សផ្សេងទៀត។
ជាការពិតនៅ ២ ទៅ ៣ថ្ងៃដំបូងវានឹងក្លាយជារឿងមួយលំបាកសម្រាប់អ្នក ព្រោះតែអ្នកធ្លាប់គេងជ្រុលដល់ទៅ ម៉ោង ៧ ឬ ៨ ព្រឹក។ ប៉ុន្តែ១ សប្តាហ៍ឡើងទៅ វានឹងក្លាយជារឿងធម្មតា។ យ៉ាងណាមិញខាងក្រោមនេះ ជាយុទ្ធសាស្ត្រ និងមូលហេតុដែលអ្នកគួរឆាប់ក្រោកពីគេងមុនអ្នកដទៃជួយឲ្យអ្នកឆាប់ជោគជ័យ៖
១) ឆាប់ចូលគេង
ចំពោះមនុស្សភាគច្រើន ការទទួលទានដំណេកពី៧ទៅ ៨ម៉ោង គឺចាំបាច់សម្រាប់ជួយឲ្យរាងកាយដំណើរការល្អនៅថ្ងៃបន្ទាប់។ ដូចគ្នានេះដែរ ការឆាប់ក្រោកពីទទួលទានដំណេកនៅព្រលឹមនឹងកាន់តែងាយស្រួល ប្រសិនបើអ្នកសម្រាកឲ្យបានត្រឹមត្រូវ។ ដូចនេះប្រសិនបើអ្នកចង់ក្រោកពីដំណេក២ ម៉ោងមុន អ្នកគួរតែឆាប់ចូលគេង ២ ម៉ោងមុនពេលរាល់ដងដែរ។ ២ ឬទៅ ៣យប់ដំបូងវាប្រហែលជាលំបាកសម្រាប់អ្នក ព្រោះអ្នកមិនទម្លាប់ចូលគេងនៅម៉ោងហ្នឹង។ ប៉ុន្តែបន្ទាប់ពីមួយសប្តាហ៍ឡើងទៅ វានឹងក្លាយជារឿងមួយងាយស្រួលសម្រាប់អ្នក។ ម្យ៉ាងវិញទៀត អ្នកគួរតែទុកទូរស័ព្ទរបស់អ្នកឲ្យឆ្ងាយពីដៃរបស់អ្នក ហើយកុំភ្លេចដាក់ម៉ោងរោទ៍ដើម្បីឲ្យវាដាស់អ្នកឲ្យឆាប់ក្រោកពីគេងតាមពេលកំណត់។
២) ឆាប់ក្រោកពីដំណេកជួយសន្សំពេលបន្ថែម
តើអ្នកមានដឹងទេថា ការឆាប់ក្រោកពីដំណេក ២ ម៉ោងជារៀងរាល់ថ្ងៃ អ្នកទទួលបានពេលវេលា ១៤ ម៉ោងបន្ថែម ទៀតក្នុងមួយសប្តាហ៍ ឬ ៦២ម៉ោងក្នុងមួយសប្តាហ៍? សូមស្រមៃគិតអំពីផលប្រយោជន៍ដែលអ្នកនឹងទទួលបាននៅពេលអ្នកចេះប្រើពេលទាំងនេះឲ្យមានតម្លៃដូចជា ហាត់ប្រាណ អានសៀវភៅ រៀបចំគម្រោងការងារប្រចាំថ្ងៃ ចម្អិនអាហារពេលព្រឹក ឬ ធ្វើកិច្ចការផ្សេងៗទៀត។ ៦២ ម៉ោងក្នុងមួយខែ គឺជាពេលវេលាដ៏ច្រើនមួយ ប៉ុន្តែអ្នកត្រូវប្រាកដថា អ្នកបានប្រើប្រាស់វាឲ្យមានប្រសិទ្ធភាព បើពុំដូច្នេះទេវានៅតែក្លាយជារឿងមួយឥតប្រយោជន៍ទោះឆាប់ក្រោកពីទទួលទានដំណេកក៏ដោយ។
៣) ឲ្យតម្លៃលើហេតុផលដែលត្រូវឆាប់ក្រោកពីដំណេក តើអ្នកមានគម្រោងធ្វើអ្វីខ្លះដើម្បីជោគជ័យនៅពេលឆាប់ក្រោកពីដំណេកមុនអ្នកផ្សេងទៀត? យកល្អការរៀបចំគម្រោងដើម្បីធ្វើអ្វីមួយស្របទៅតាមគោលដៅរបស់អ្នក គួរតែរៀបចំឲ្យហើយនៅមុនពេលអ្នកចូលទទួលទានដំណេក ដើម្បីស្អែកឡើងធ្វើកិច្ចការនោះ។ នៅពេលអ្នកក្រោកពីដំណេក អ្នកនឹងមានបញ្ជីកិច្ចការនៅក្នុងដៃ ហើយអាចចាប់ផ្តើមធ្វើការទាំងនោះតែម្តងដែលនេះជាហេតុផលដែលអ្នកត្រូវឆាប់ក្រោកពីដំណេក។ ដូច្នេះប្រសិនបើការឆាប់ក្រោកពីដំណេកសំខាន់សម្រាប់អ្នក នោះមានន័យថា គ្មានឧបសគ្គណាមួយដែលរារាំងអ្នកមិនឲ្យជោគជ័យនោះឡើយ។យ៉ាងណាក៏ដោយ គោលដៅ ឬគោលបំណងរបស់អ្នកត្រូវតែច្បាស់លាស់ទើបអាចសម្រេចបានជោគជ័យតាមអ្វីដែលអ្នកគ្រោងទុក៕
ប្រភព៖ entrepreneur