អេ អឹម ខេ ចូលជាសមាជិកធនាគារ សៀងហៃ ខមមេសល និងសេវវីង (អេស ស៊ី អេស ប៊ី)
ភ្នំពេញ៖ នៅថ្ងៃអង្គារ ៥រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេ អឹម ខេ ជាមួយនឹងធនាគារសៀងហៃ ខមមៃសលនិងសេវវីង (អេស ស៊ី អេស ប៊ី) បានធ្វើកម្មវិធីសន្និសីទសាព័ត៌មានមួយនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ដែលកម្មវិធីនោះចាប់ផ្ដើមឡើងនៅក្រោមអធិតីភាព លោក គា បូរាណ នាយកប្រតិបត្តិរបស់ អេ អឹម ខេ លោក ចន យុង សមាជិកក្រុមប្រឹក្សាភិបាល អនុប្រធានប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិព័ត៍មានវិទ្យានៃធនាគារសៀងហៃ ខមមេសល និងសេវវីង និងលោក Tanmay Chetan ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានអគ្គនាយកនៃគ្រឹះស្ថានមីក្រុហិរញ្ញវត្ថុអាហ្គូរ៉ា។
គ្រឹះស្ថានមីក្រូហិរញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានក្លាយជាសមាជិកធនាគារស៊ាងហៃពាណិជ្ជ និងសន្សំ (The Shanghai Commercial & Savings Bank, Ltd.) ហៅកាត់ថាធនាគារ អេស ស៊ី អេស ប៊ី។ ថ្នាក់ដឹកនាំទាំងពីរស្ថាប័នមានការជឿទុកចិត្តថា ការចូលជាសមាជិកគ្រួសារតែមួយនេះនឹងធ្វើឲ្យ អេ អឹម ខេ ផ្លាស់ប្ដូរមុខមាត់ថ្មីក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជាក្នុងពេលអនាគត ជាពិសេសគ្រួសារមួយនេះនឹងជួយលើកកម្ពស់វិស័យធនាគារនៅកម្ពុជាផងដែរ។
លោក John Yung សមាជិកក្រុមប្រឹក្សាភិបាល EYP & CIO នៃធនាគារ អេស ស៊ី អេស ប៊ី បានមានប្រសាសន៍ថា «ឥឡូវនេះយើងបានក្លាយជាគ្រួសារតែមួយ។ យើងដឹងហើយថា អេស ស៊ី អេស ប៊ី ជាធនាគារមួយដែលបង្កើតឡើងក្នុងឆ្នាំ ១៩១៥ ដូចនេះយើងមានទាំងបទពិសោធន៍ ចំណេះ ជំនាញ លើវិស័យហិរញ្ញវត្ថុយូរឆ្នាំមកហើយ យើងនឹងនាំយកបទពិសោធន៍ទាំងនេះមកជួយ អេ អឹម ខេ ដោយផ្ដោតសំខាន់ទៅលើការផ្ដល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែបដល់វិស័យឯកជន ជាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលមានចំណូលទាមនៅតំបន់ដាច់ស្រយាល។ យើងជឿជាក់ថានៅពេលដែលពួកគាត់ទទួលសេវាហិរញ្ញវត្ថុទាន់ពេល និងសមស្រមពីយើង គាត់នឹងនាំយកកម្ចីទាំងនោះទៅពង្រឹងការរកស៊ី ឬរបរដាំដុះរបស់គាត់ដែលជាកត្តាមួយជួយជម្រុញឲ្យសេដ្ឋកិច្ចក្នុងប្រទេសមានការរីកចម្រើនមួយកម្រិតទៀត»។
ជាមួយគ្នានោះលោក Tanmay Chetan ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាហ្គូរ៉ា បានមានប្រសាសន៍ថា «បុគ្គលិកថ្នាក់គ្រប់គ្រង ក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុន អេ អឹម ខេ ទាំងអស់មានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំងដោយ អេ អឹម ខេ និង អេស ស៊ី អេស ប៊ី បានក្លាយជាសមាជិកគ្រួសារតែមួយ។ ផ្អែកលើទស្សនវិស័យ និងបេសកកម្មរបស់ស្ថាប័នទាំងពីរគឺមានភាពដូចគ្នា ដែលជួយដល់ប្រជាពលរដ្ឋមានចំណូលទាបភាគច្រើន ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្ដល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរ។ ដូចនេះយើងសង្ឃឹមយ៉ាងមុតមាំថា អេស ស៊ី អេស ប៊ី នឹងធ្វើឲ្យ អេ អឹម ខេ រីកចម្រើនមួយកម្រិតទៀត»។
វិស័យធនាគារមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកន្លងមកនេះ។ បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា នៅពេលបច្ចុប្បន្នប្រទេសកម្ពុជាមានធនាគារពាណិជ្ជចំនួន៣៩ ធនាគារឯកទេសចំនួន ១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន៧០ និងស្ថាប័នផ្ដល់ឥណទានជនបទចំនួន ៣០២។ មានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗចំនួនមួយចំនួនបាននិងកំពុងតែធ្វើបច្ចុប្បន្នភាពផលិតផល និងសេវាកម្មរបស់ខ្លួនដែលមានភាពបត់បែន និងទាន់សម័យ។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា «យើងមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងដែលបានក្លាយជាសមាជិករបស់ អេស ស៊ី អេស ប៊ី។ ឥឡូវនេះ អេ អឹម ខេ និង អេស ស៊ី អេស ប៊ី គឺជាគ្រួសារតែមួយ មានគោលដៅតែមួយ ហើយយើងនឹងរឹងមាំនៅថ្ងៃអនាគត។ យើងដឹងហើយថាវិស័យធនាគារនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្នបានដើរដល់របត់មួយដែលប្រើប្រាស់ប្រព័ន្ធឌីជីថលដែលតម្រូវឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិនិយោគទៅលើបច្ចេកវិទ្យាថ្មី ដើម្បីធ្វើឲ្យសេវាហិរញ្ញវត្ថុរបស់ខ្លួនមានភាពបត់បែន និងសម្បូរបែប។ ក្លាយជាសមាជិកអេស ស៊ី អេស ប៊ី យើងមិនត្រឹមតែទទួលបានបទពិសោធន៍ ចំណេះ ជំនាញ នោះទេ ប៉ុន្តែជាមួយគ្នានេះដែរយើងក៏នឹងទទួលបានប្រភពទុនក្នុងការវិនិយោគផ្សេងៗផងដែរ។ ខ្ញុំមានសុទិដ្ឋិនិយមថា ពេលក្លាយជាសមាជិក អេស ស៊ី អេស ប៊ី នឹងធ្វើឲ្យ អេ អឹម ខេ កាន់តែរឹងមាំទៅថ្ងៃអនាគត»។
គួរបញ្ចក់ផងដែរថា អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹមខែកញ្ញា ឆ្នាំ ២០១៨នេះ អេ អឹម ខេមានអតិថិជនចំនួនជាង ៨៣ ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ២៤៤ លានដុល្លារអាមេរិក និងប្រាក់បញ្ជើរជាង ១៤៣ លានដុល្លាអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងមានភ្នាក់ងារជាង ៣ ៥០០ កន្លែងទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្ដល់ជូនអតិថិជនដូចជា៖ សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស សេវាទូទាត់វិក័យបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀរត្សរ៍ ម៉ាស៊ីនដកនិងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/ CDMs)។
អំពី អេស ស៊ី អេស ប៊ី
ធនាគារពាណិជ្ជកម្មនិងសន្សំសៀងហៃ ត្រូវបានបង្កើតឡើងនៅទីក្រុងសៀងហៃ ក្នងឆ្នាំ ១៩១៥ ក្នុងគោលបំណងដើម្បីលើកកម្ពស់សង្គម គាំទ្រផ្នែកឧស្សាកម្ម និងពាណិជ្ជកម្មអន្តរជាតិ។ ធនាគារ អេស ស៊ី អេស ប៊ី ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់សហគ្រាសធុនតូច និងមធ្យមទូទាំងពិភពលោក អំពីសេវាហិរញ្ញប្បទានពាណិជ្ជកម្មនិងសេវាផ្ទេរប្រាក់ក្រៅប្រទេសប្រកបដោយប្រសិទ្ធភាព។ ជាមួយបុត្រសម្ព័ន្ធនៃធនាគារពាណិជ្ជសៀងហៃ អិលធីឌី ធនាគារ អេស ស៊ី អេស ប៊ី គ្រប់គ្រងទ្រព្យសកម្មសរុបចំនួនជាង ៥៨ ពាន់លានដុល្លារ និងដើមទុនជាង ១,៣ លានដុល្លារអាមេរិក និងមូលធនរបស់ម្ចាស់ភាគហ៊ុនសរុបជាង ៥,៥ ពាន់លានដុល្លារអាមេរិក។
អេស ស៊ី អេស ប៊ី មានបុគ្គលិកជាង ៤ ០០០នាក់ និងមានការិយាល័យប្រតិបត្តិការចំនួន ៤៤៧ ទូទាំងពិភពលោក។ អេស ស៊ី អេស ប៊ី មាន ៦៩សាខានៅតៃវ៉ាន់ ដែលមានបុគ្គលិកជាង ២ ៤០០នាក់ និងមាន ៣សាខាផ្សេងគ្នាទៀតនៅ ហុងកុង វៀតណាម និងសិង្ហបុរី និងមានការិយាល័យតំណាង ៣ នៅប្រទេសថៃ កម្ពុជា និងឥណ្ឌូនេស៊ី។ អេស ស៊ី អេស ប៊ី មានការិយាល័យប្រតិបត្តិការចំនួន ៤៥ សាខា នៅហុងកុង និង ៧សាខាទៀតនៅក្រៅប្រទេសដូចជា៖ Shanghai, Shenzhen, Shanghai Pilot Free Trade Zone, London, New York, San Francisco, និង Los Angeles៕
ដោយ៖ លង់ វណ្ណៈ