គន្លឹះ ៤ចំណុចអ្នកត្រូវឆ្លើយតបនៅពេលអ្នកសម្ភាសន៍សួរថា «តើចំណុចខ្សោយបំផុតរបស់អ្នកគឺជាអ្វី?»
ការសម្ភាសន៍ការងារគឺជាទូទៅផ្តោតទៅលើភាពខ្លាំងរបស់អ្នក និងការពិពណ៌នាអំពីសមិទ្ធផលនានាក្នុងអាជីពការងារដែលទទួលបានគួរឲ្យមានមោទនភាពបំផុត។ ប៉ុន្តែនៅចំណុចណាមួយនៅអំឡុងពេលសម្ភាសន៍ការងារនោះ ស្ទើរតែគ្រប់អ្នកសម្ភាសន៍ នឹងចោទសួរជាសំណួរដែលស្រដៀងគ្នាឡើងថា " តើអ្វីទៅជាចំណុចខ្សោយបំផុតរបស់អ្នក?"
ស្តាប់តែមួយភ្លែត អ្នកអាចនឹងគិតថា ហាក់មិនសំខាន់ប៉ុន្មាននោះឡើយ។ ក៏ប៉ុន្តែបើមានសំនួរបែបនេះមែននោះ អ្នកត្រូវចាំថា អ្នកត្រូវឆ្លើយដោយប្រុងប្រយ័ត្នព្រោះអ្នកសម្ភាសន៍ចង់ដឹងថា តើអ្នកនឹងបង្ហាញពីបុគ្គលិកលក្ខណៈល្អកម្រិតណាឬ ថាតើអ្នកអាចកែប្រែចំណុចខ្វះខាតដោយរបៀបណានៅពេលឲ្យបំពេញការងារសំខាន់ណាមួយ? ខាងក្រោមនេះជាចំណុចទាំង ៤ដែលអ្នកត្រូវឆ្លើយត្រឡប់ទៅវិញ៖
១) ដឹងពីចំណុចខ្សោយខ្លួនឯង ចម្លើយដ៏ល្អចំពោះសំណួរនេះតម្រូវឱ្យមានការពិនិត្យលើចំណុចខ្លះៗមុនពេលឆ្លើយ។ អ្នកត្រូវស្គាល់ពីចំណុចខ្សោយរបស់ខ្លួនជាពិសេសនៅក្នុងបរិស្ថានការងារ និងរកឲ្យឃើញពីកំហុសឆ្គងផ្សេងៗទៀតរបស់អ្នក ដូច្នេះអ្នកអាចផ្តល់ចម្លើយដល់អ្នកសម្ភាសន៍បានពិតប្រាកដ។ ពេលខ្លះ អ្នកសម្ភាសន៍គេបានដឹងរួចទៅហើយនូវចំណុចខ្សោយរបស់អ្នក ក៏ប៉ុន្តែគេគ្រាន់តែចង់ដឹងថា តើអ្នកមានចេតនាសារភាពថា អ្នកពិតជាមានចំណុចខ្សោយបែបនោះមែនឬអត់? ម្ល៉ោះហើយអ្វីដែលអ្នកត្រូវឆ្លើយគឺអ្នកត្រូវបង្ហាញពីភាពទន់ខ្សោយជាក់លាក់ណាមួយដែលបានរាំងស្ទះភាពជោគជ័យរបស់អ្នកក្នុងពេលអតីតកាល ប៉ុន្តែអ្នកត្រូវបញ្ជាក់ថា អ្នកបានយកឈ្នះវាបានដោយរបៀបណា ហើយចម្លើយនោះត្រូវមានភាពច្បាស់លាស់ និងមានតម្លាភាពមិនបន្សល់ទុកនូវមន្ទិលសង្ស័យ។
២) ឆ្លើយដោយភាពស្មោះត្រង់ អ្នកសម្ភាសន៍បានសួរសំនួរនេះ គឺដើម្បីចង់ដឹងថា តើអ្នកមានភាពស្មោះត្រង់ដល់កម្រិតណា? ទោះអ្នកមានចំណុចខ្សោយអ្វីក៏ដោយ សូមកុំផ្តល់ចម្លើយដ៏គួរឲ្យធុញថប់ និងមិនស្មោះត្រង់ដែលអ្នកគ្រប់គ្រងជារឿយៗធ្លាប់ទទួលបានពីការកុហករបស់បេក្ខជនមុនៗ។ នៅពេលអ្នកមានចេតនាក្នុងការផ្តល់ចម្លើយមិនពិត អ្នកប្រហែលជាឆ្លើយថា អ្នកជាបុគ្គលិកល្អបំផុត ឬបុគ្គលិកងប់ងុលនឹងការងារជាដើម។ ប៉ុន្តែត្រូវចាំថា គ្មានអ្នកណាម្នាក់អស្ចារ្យនោះទេ អ្នកសម្ភាសន៍ក៏មិនត្រូវការបុគ្គលិកអស្ចារ្យផុតលេខនោះដែរ។ បើអ្នកប្រឌិតចម្លើយបែបនេះមែននោះ វាមិនចម្លែកទេដែលអ្នកត្រូវបានបដិសេធនោះ។
៣) ផ្តល់ចម្លើយដោយប្រុងប្រយ័ត្ន អ្នកជំនាញបានណែនាំថា ចម្លើយរបស់អ្នកត្រូវឆ្លើយប្រកបដោយភាពវិជ្ជាជីវៈ និងសង្ខេបងាយយល់មិនអូសបន្លាយពេលយូរ។ ការលើកឡើងអំពីចំណុចខ្សោយផ្ទាល់ខ្លួនដែលមិនទាក់ទងនឹងការងារ ឬការចាប់ផ្តើមចូលទៅក្នុងសាច់រឿងមនោសញ្ចេតនាអន្លង់អន្លោចនោះ គឺជារឿងដែលជៀសវាងដាច់ខាត។ អ្វីដែលពួកគេចង់ដឹងគឺថា តើអ្នកបានយល់ហើយឬនៅពីភាពខុសគ្នារវាងចំណុចខ្សោយរបស់អ្នកនៅក្នុងកន្លែងការងារ និងចំណុចខ្សោយផ្ទាល់ខ្លួន? សូមចាំ អ្នកសម្ភាសន៍គេមិនចង់រឿងគ្រួសារ ឬជីវិតឯកជនរបស់អ្នកទេ។ អ្វីដែលសំខាន់តើអ្នកបានត្រៀមខ្លួនរួចរាល់សម្រាប់តំណែងនេះហើយឬនៅ?
៤) មានភាពច្នៃប្រឌិតក្នុងការឆ្លើយ ចំណុចមួយទៀដែលអ្នកត្រូវដឹងនោះគឺថា កុំគ្រាន់តែរាយរាប់ប្រាប់អ្នកសម្ភាសន៍តែចំណុចខ្សោយរបស់អ្នក។ អ្នកអាចបង្ហាញពួកគេពីរបៀបដែលអ្នកទទួលបានភាពរីកចម្រើនដោយការដោះស្រាយលើចំណុចខ្វះខាតទាំងនោះ។ អ្នកអាចប្រាប់អ្នកសម្ភាសន៍ពីមធ្យោបាយជាក់លាក់មួយដែលអ្នកកំពុងធ្វើដើម្បីកែប្រែចំណុចខ្វះខាតទាំងនោះ ដូចជាការទទួលបានការបណ្តុះបណ្តាលបន្ថែមជាមួយគ្រូបង្វឹក ឬបំប៉នបន្ថែម ព្រមទាំងលើកឡើងពីគម្រោងទៅ មុខទៀតដើម្បីដោះស្រាយចំណុចខ្វះខាតទាំងនោះ ហើយត្រូវប្រាកដថា ចម្លើយរបស់អ្នកគឺជាការពិត៕
ប្រភព៖ cnbc