វីង បានឈ្នះពានរង្វាន់ "សហគ្រាសសង្គម ដែលមាននិរន្តភាព"និង "សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន" នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨
ភ្នំពេញ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានទទួលពានរង្វាន់ចំនួន ២ នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨ កាលពីរាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ នៅសណ្ឋាគារ Ritz-Carlton ក្នុងប្រទេសសិង្ហបុរី។ ពានរង្វាន់ទាំង ២ នេះរួមមាន ពាន "សហគ្រាសសង្គម ដែលមាននិរន្តភាព" និង "សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន" ។ នេះគឺជាឆ្នាំទី ២ ហើយដែល វីងបានទទួលពានរង្វាន់ នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន បន្ទាប់ពីធនាគារមួយនេះ បានទទួលពាន
"សហគ្រាសជោគជ័យបំផុតទាំង ៥ ក្នុងតំបន់អាស៊ាន" កាលពីឆ្នាំ២០១៧។
គណៈកម្មការផ្តល់រង្វាន់របស់កម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន (ABA) បាននិយាយថា វីង បានបង្ហាញពីភាពច្នៃប្រឌិត និងបានរួមចំណែកយ៉ាងសំខាន់ដល់សហគមន៍ ដែលនេះនាំឲ្យធនាគារនេះ បានឈ្នះពានរង្វាន់ សម្រាប់សហគ្រាសសង្គម ប្រកបដោយនិរន្តភាព។ លោក ចូចូ ម៉ាឡូឡូស អគ្គនាយក ធនាគារឯកទេស វីង ដែលបានចូលរួមទទួលពានរង្វាន់ នៅក្នុងប្រទេសសិង្ហបុរីបាននិយាយថា លោកមានមោទនភាពយ៉ាងខ្លាំង ក្នុងការទទួលបានការគាំទ្រយ៉ាងពេញទំហឹង ចំពោះបេសកកម្មរបស់ វីង ដើម្បីជួយបង្កើនជីវភាពរបស់ប្រជាជនកម្ពុជា។
លោកម៉ាឡូឡូស បានបន្តទៀតថា "ក្នុងរយៈពេល មួយទសវត្សរ៍កន្លងមកនេះ វីង មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយឲ្យប្រជាជនកម្ពុជាទទួលបាន នូវភាពងាយស្រួល និងសុវត្ថិភាព នៅពេលនិយាយអំពីសេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទដៃ។ ការទទួលស្គាល់វីងជា "សហគ្រាសសង្គម ដែលមាននិរន្តភាព" ដោយគណៈកម្មាធិការពានរង្វាន់ធុរកិច្ចអាស៊ានគឺជាការឆ្លុះបញ្ចាំង នូវការប្តេជ្ញាចិត្តរបស់ វីង ក្នុងការធ្វើឱ្យមានការផ្លាស់ប្រែនៅក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ខណៈដែលវីង បាននឹងកំពុងធ្វើកិច្ចការ ស្របទៅតាមចក្ខុវិស័យរបស់ខ្លួន ក្នុងការបង្កើតសង្គម នៃការទូទាត់ដោយមិនប្រើក្រដាសប្រាក់។
យោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា មានប្រជាជនកម្ពុជាប្រមាណ ៧៥% មិនទទួលបាននូវសេវាកម្មហិរញ្ញវត្ថុ ដែលផ្តល់ជូនដោយធនាគារឡើយ។ កាលពីអតីតកាល ប្រជាជនកម្ពុជា ដែលមិនមានគណនីធនាគារ ឬមិនស្ថិតក្នុងបណ្តាញធនាគារ បានប្រឈមនឹងឧបសគ្គ និង ហានិភ័យ ដោយសារតែពួកគាត់ត្រូវពឹងផ្អែកលើភាគីទីបី ដើម្បីផ្ញើប្រាក់ទៅកាន់គ្រួសាររបស់ពួកគេ។ សេវាផ្ទេរប្រាក់របស់ វីងបានកែប្រែបញ្ហាទាំងនេះ ដោយជួយដល់ប្រជាជនកម្ពុជា ដែលពុំមានគណនីធនាគារ ក្នុងការផ្ទេរប្រាក់ និងទទួលប្រាក់ ដែលងាយស្រួល រហ័ស និងសុវត្ថិភាពតាមរយៈទូរស័ព្ទដៃរបស់ពួកគេ។ សម្រាប់ពានរង្វាន់ទី២ ដែលវីងទទួលបាន គឺជា ពានរង្វាន់ “សហគ្រាសខ្នាតតូចនិងមធ្យមដែលមានការរីកចម្រើន” ក្នុងនោះគណៈកម្មាធិការវិនិច្ឆ័យ បានបង្ហាញថា វីង បានបង្ហាញពីគំនិតផ្តួចផ្តើមនិងឆន្ទៈ ក្នុងការបណ្តាក់ទុនថ្មីៗ សម្រាប់ការរីកចម្រើនប្រកបដោយនិរន្តភាព និងបានទទួលនូវភាពជោគជ័យ ផ្នែកពាណិជ្ជកម្ម ដល់កម្រិតដែលមានភាពល្អប្រសើរ សម្រាប់ទំហំប្រតិបត្តិការរបស់ខ្លួន។
លោក ម៉ាឡូឡូស បានអះអាងប្រាប់ថា “ការរីកចម្រើននេះ ពិតជាអស្ចារ្យណាស់។ ឥឡូវនេះ វីង មានអតិថិជនសកម្មចំនួន ៣ លាននាក់ រាប់បញ្ចូលទាំងអ្នកមានគណនីវីងចំនួន ១លាននាក់ និងមានទំហំប្រតិបត្តិការទឹកប្រាក់ប្រចាំឆ្នាំ ដែលមានតម្លៃប្រមាណជាង ១០ ពាន់លានដុល្លារ។អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺនៅពេលដែលសេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃមានការអភិវឌ្ឍជាខ្លាំងនៅក្នុងប្រទេសកម្ពុជា និងកំពុងផ្តល់ប្រយោជន៍ក្នុងរូបភាពផ្សេងៗគ្នាទៅដល់សង្គមកម្ពុជាទាំងមូល។ការដាក់បញ្ចូល នូវបច្ចេកវិទ្យាហិរញ្ញវត្ថុចុងក្រោយបំផុត បានអនុញ្ញាតឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានអតិថិជនកាន់តែច្រើន, សហគ្រាសខ្នាតតូចនិងមធ្យម រឹតតែមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍ អាជីវកម្មរបស់ខ្លួន, ពាណិជ្ជកម្មអេឡិចត្រូនិចថ្មីៗ ត្រូវបានបង្កើតឡើង, ហើយម្ចាស់អាជីវកម្មទាំងនោះ ក៏អាចបើកប្រាក់ខែឲ្យបុគ្គលិក និងអ្នកផ្គត់ផ្គង់របស់ពួកគេ បានយ៉ាងងាយស្រួល។
"គួររំលឹកផងដែរថា ពានរង្វាន់ធុរកិច្ចអាស៊ាន ២០១៨ គឺជាពានទី ២ក្នុងរយៈពេល៣ខែ បន្ទាប់ពី វីង បានទទួលពាន "ធនាគារដែលផ្ដល់ផលប្រយោជន៍ល្អបំផុតដល់សង្គម នៅកម្ពុជាឆ្នាំ២០១៨" កាលពីខែកញ្ញា ដោយទស្សនាវដ្តីអាជីវកម្មអន្តរជាតិ ដ៏មានឥទ្ធិពលមួយឈ្មោះថា Capital FinanceInternational៕
អំពី ធនាគារឯកទេស វីង
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា។ វីងជាធនាគារមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនក្នុងពិភពលោក។ បង្កើតឡើងក្នុងឆ្នាំ២០០៩ ធនាគារឯកទេសវីងផ្តល់ជូនវីធីសាស្ត្រជាច្រើនសម្រាប់ប្រជាជនកម្ពុជាក្នុងការផ្ទេរ និង ទទួលប្រាក់គ្រប់ពេលវេលាគ្រប់ទីកន្លែងដោយការប្រើប្រាស់ទូរស័ព្ទចល័ត។
ធនាគារឯកទេសវីង បានប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុ តាមរយៈសេវាកម្មហិរិញ្ញវត្ថុ តាមទូរស័ព្ទចល័តទៅកាន់អ្នកមិនមានគណនីធនាគារនិងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយផ្តល់ជូននូវផលិតផលនិងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតដែលផ្តល់លទ្ធភាពដល់អតិថិជនគ្រប់ៗ
គ្នាក្នុងការទទួលបានសេវាដូចជាការផ្ទេរប្រាក់ក្នុងស្រុក ផ្ញើប្រាក់ពីក្រៅប្រទេសភ្លាមៗពីជាង ៥០ប្រទេស បញ្ចូលទឹកប្រាក់ទូរស័ព្ទ
និងបង់វិក័យប័ត្រ។ ភាពជោគជ័យរបស់ធនាគារវីង ត្រូវបានទទួលស្គាល់នៅពេលដែលត្រូវបានគេដាក់ឈ្មោះថាជា "ធនាគារទូទាត់ចល័តល្អបំផុតនៅកម្ពុជា” ក្នុងកម្រិតកិត្យានុភាពនៃពានរង្វាន់ហិរញ្ញវត្ថុ និងធនាគារជាសាកលឆ្នាំ២០១៧។ ធនាគារវីងនៅតែជាអ្នកនាំមុខគេក្នុងការផ្តល់សេវាទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់ប្រាក់ចល័តនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការគ្របដណ្តប់ក្នុងស្រុក១០០%
តាមរយៈបណ្តាញទូទាំងប្រទេសរបស់យើងដែលមានសាខាវីងចំនួនជាង ៦០០០ និង អាជីវករជាង២៥០០០ និងចងសម្ព័ន្ធភាពជាក្រុមហ៊ុននាំមុខឧស្សាហកម្មជាសាកល រួមមាន កាតឥណទានអន្តរជាតិតាមអនឡាញ (Online Mastercard) និងក្រុមហ៊ុន WorldRemit។
ធនាគារឯកទេសវីងក៏ផ្តល់ជូននូវហិរញ្ញវត្ថុ និងដំណោះស្រាយទូទាត់ដល់វិស័យសាជីវកម្មតាមរយៈសេវាកម្មសហគ្រាសរបស់យើង។ ជាមួយ វីង សហគ្រាសខ្នាតតូច និងមធ្យម (SMEs)ព្រមទាំងក្រុមហ៊ុននានាអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្ស និងសេវាទូទាត់ប្រាក់ឲ្យបុគ្គលិករបស់ពួកគេដែលជួយដល់កំណើន និងភាពរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ប្រាក់។