ហេតុ​អ្វី​អ្នក​​ត្រូវ​ឈប់​ប្រៀបធៀប​ខ្លួន​អ្នក​ជា​មួយ​អ្នកដទៃ?​



ប្រសិន​បើ​អ្នក​​សង្កេត​ឃើញ​ថា ខ្លួន​អ្នក​កំពុង​​​ចាញ់ប្រៀប​អ្នកដទៃ​សូម​កុំ​បារម្ភ​ ព្រោះ​នេះ​គឺ​ជា​សភាវគតិ​ពី​ធម្មជាតិ​របស់​មនុស្ស​ម្នាក់​ៗ​។​ ទោះជាយ៉ាងណាក៏ដោយ​ នៅ​ពេល​អ្នក​ចាប់ផ្តើម​សម្លឹង​មើល​សមិទ្ធផល ឬ​ទ្រព្យសម្បត្តិ​របស់​អ្នកដទៃ​ ហើយ​មក​ប្រៀបធៀប​នឹង​ខ្លួន​អ្នក​​ពី​អ្វី​ដែល​អ្នកដទៃ​មាន ប៉ុន្តែ​ខ្លួន​ឯង​គ្មាន នោះ​ជីវិត​អ្នក​នឹង​​មាន​បញ្ហា។

នៅ​ពេល​អ្នក​​​មើល​ឃើញ​ពី​ទ្រព្យសម្បត្តិ ​ភាព​ជោគជ័យ ឬ​​​សម្រស់​​របស់​អ្នកដទៃ​​​​ល្អ​ជាង​អ្នក​កាន់តែ​ច្រើន​ឡើង ប្រៀប​ដូច​ជា​​អ្នក​កំពុង​យក​​​ភាព​សប្បាយរីករាយ និង​សុភមង្គល​របស់​អ្នក​ទៅ​បោះចោល​ដូច្នេះ​ដែរ។ យក​ខ្លួន​ឯង​ប្រៀបធៀប​ទៅ​នឹង​អ្នកដទៃ គឺ​​ការ​​ប្រកួតប្រជែង​គ្មាន​ទី​បញ្ចប់ និង​​គ្មាន​យុត្តិធម៌​ទេ​ អ្នក​​មាន​សង្កេត​ឃើញ​ទេ​ថា មាន​មនុស្ស​​ច្រើន​ណាស់​ដែល​ទទួល​បាន​​ភាព​ជោគជ័យ​ ​​មាន​លុយ​ មាន​រូប​សម្រស់​ស្រស់​ស្អាត​ ឬ​មាន​​ទ្រព្យសម្បត្តិ​​ច្រើន​ជាង​អ្នក។ ​

ការយក​ខ្លួន​ទៅ​ប្រៀបធៀប​មនុស្ស​ទាំង​នោះគឺគ្មាន​ទី​បញ្ចប់​ទេ។ ការ​ប្រកួតប្រជែង​ជាមួយ​មនុស្ស​​ទាំង​នោះ​ នឹង​​ធ្វើ​ឲ្យ​ជីវិត​អ្នក​មាន​ភាព​លោភលន់​​ច្រើន​ និង​បណ្តាល​ឱ្យ​អ្នក​បាត់បង់​ការ​ផ្តោត​លើ​គោលដៅ​​ផ្សេងៗ​ក្នុង​ជីវិត​របស់​អ្នក​ផង​ដែរ​ ហើយ​ទីបំផុត​ជីវិត​រស់​នៅ​ដោយ​ភាព​​សោកសៅ ក្តៅក្រហាយ ច្រណែន​ឈ្នានីស និង​តូចចិត្ត​រក​សេចក្តី​សុខ​ឲ្យ​ជីវិត​​មិន​ឃើញ​ឡើយ។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ថា អ្នកនឹង​បាត់បង់​ពេលវេលា​ដ៏​មាន​តម្លៃ​​​ជា​ច្រើន​សម្រាប់​ធ្វើ​អ្វី​ផ្សេង​ទៀត​ក្នុង​ជីវិត​របស់​អ្នក។ ​ជំនួស​ឱ្យ​ការ​​ចូលចិត្ត​លើក​យក​ភាព​ទន់ខ្សោយ​របស់​អ្នក​មក​និយាយ អ្នក​គួរ​ផ្ដោត​លើ​ភាព​ខ្លាំង និង​គុណសម្បត្តិ​ដែល​អ្នក​មាន​វិញ​ម្តង​ ព្រោះ​ថា ការ​ប្រៀបធៀប​ជា​រឿយៗ ​វា​បាន​ត្រឹមតែ​ធ្វើ​​​ឲ្យ​ឱកាស​របស់​អ្នក​រំលង​​ផុត​ទៅ និង​បាត់​បង់​​ពេលវេលា​សម្រាប់​អភិវឌ្ឍ​ខ្លួនឯង។​

ធ្វើ​យ៉ាងម៉េច​ទើប​អាច​បញ្ឈប់​ការប្រៀបធៀប​ខ្លួនឯង​ជា​មួយ​អ្នកដទៃ​បាន?

១.ផ្តោត​លើ​អ្វី​ដែល​អ្នកមាន​៖ អ្នក​គួរ​ផ្ដោត​លើ​អ្វី​ដែល​អ្នកមាន​ជំនួស​ឱ្យ​អ្វី​ដែល​អ្នក​មិន​មាន។ ​ ​មនុស្ស​ម្នាក់ៗ​មាន​គុណសម្បត្តិ​ផ្ទាល់​​ខ្លួន​ មាន​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​យកចិត្ត​ទុកដាក់ មាន​មនសិការ​​ដែល​​អាច​ធ្វើ​អ្វី​មួយ​ឲ្យ​ក្តី​ស្រមៃ​របស់​ខ្លួន​ជោគជ័យ​ និង​កសាង​មុខមាត់​ក្នុង​សង្គម​បាន​។ រៀន​​ទទួល​យក​ការពិត​ ហើយ​ត្រូវ​ទទួល​ស្គាល់​ថា គ្មាន​អ្នកណា​ម្នាក់​មាន​គ្រប់​១០​នោះ​ទេ។ គេ​មាន​ជំនាញ​របស់​គេ អ្នក​​ត្រូវ​មាន​ជំនាញ​របស់​អ្នក។ អ្នក​​ផ្សេង​ធ្វើ​ការ​តាម​សមត្ថភាព​ និង​ទេពកោសល្យ​របស់​គេ អ្នក​ក៏​ត្រូវ​ធ្វើ​ការ​​តាម​ជំនាញ និង​សមត្ថភាព​របស់អ្នក​ដែរ។ ឈប់​ប្រៀបធៀប​ខ្លួនឯង​ជាមួយ​​​នឹង​អ្នក​ដទៃ ពី​ព្រោះ​អ្នក​មាន​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដែល​អ្នក​ផ្សេង​មិន​អាច​ធ្វើ​បាន​ហើយ​​អភិវឌ្ឍ​​ភាព​ខ្លាំង​របស់​អ្នក​​ជំនួស​ឲ្យ​ភាព​ខ្សោយ​របស់​អ្នក។

២.មោទនភាព​ចំពោះអ្វី​ដែល​ខ្លួន​មាន៖​​ មនុស្ស​ដែល​មិន​ពេញចិត្ត​ចំពោះ​អ្វី​ដែល​ខ្លួន​មាន​​ ហើយ​​សម្លឹង​មើល​ទ្រព្យសម្បត្តិ​ ឬ​ស្នាដៃ​របស់​អ្នកដទៃ​ដោយ​ការ​ឈឺ​ចាប់​ឬ ច្រណែន​ឈ្នានីស​គឺ​ជា​​មនុស្ស​ដែល​​មិន​​ឲ្យ​តម្លៃ​នូវ​អ្វី​ដែល​ខ្លួន​មាន។ អ្វី​ក៏ដោយ​ដែល​អ្នក​​មាន​មិន​ថា​វា​មាន​សារៈសំខាន់​ប៉ុណ្ណា​នោះ​ទេ​ ប្រសិនបើ​អ្នក​រៀន​ទទួល​ស្គាល់ និង​មោទនភាព​ចំពោះ​​វា​ អ្នក​នឹង​មាន​ស្នាមញញឹម​រស់​នៅ​ពោរពេញ​ដោយ​ក្តី​សង្ឃឹម និង​សុភមង្គល​។

៣.ខិតខំ​ធ្វើ​​អ្វីៗ​ដែល​មាន​តម្លៃ​នៅ​ក្នុង​ជីវិត៖ ជំនួស​ឱ្យ​ការ​ផ្ដោត​អារម្មណ៍​​លើ​ភាព​​ត្រេកត្រអាល​នឹង​​សម្ភារៈ​​និយម​ ឬ​រូបរាង​ក្លែងក្លាយ​​​របស់​មនុស្ស​អ្នក​ត្រូវ​ខិតខំ​ធ្វើ​អ្វីៗ​ដែល​មាន​តម្លៃ​នៅ​ក្នុង​ជីវិត។​ អ្នក​អាច​​ផ្តល់​នូវ​​ក្តី​ស្រឡាញ់​​ឲ្យ​បាន​កាន់តែ​ច្រើន មាន​សន្តិភាព​​ផ្លូវ​ចិត្ត ផ្តល់​តម្លៃ​ដល់​​អ្នកដទៃ និង​​មាន​ភាព​អត់ធ្មត់​ជានិច្ច​។ ទាំងនេះ​គឺ​ជា​គុណសម្បត្តិ​​ដ៏​សំខាន់​​​មាន​តម្លៃ​ជាង​​ទ្រព្យសម្បត្តិ​ កេរ្តិ៍ឈ្មោះ​និង​ភាព​ជោគជ័យ​​ទៅ​ទៀត​។

៤.ប្រៀបធៀប​ខ្លួន​ឯង​ទៅ​នឹង​អតីតកាល កុំ​ប្រៀបធៀប​អ្នកដទៃ៖ នៅ​ត្រង់​ចំណុច​នេះ អ្នក​ត្រូវ​​ឈប់​យក​ខ្លួន​ឯង​ទៅ​ធ្វើ​ជា​កាកសំណល់​ចាញ់​ប្រៀប​​អ្នកដទៃ​ទៅ​​។ អ្វី​ដែល​អ្នក​ធ្វើ​គឺ​​គួរ​​ប្រៀបធៀប​ខ្លួន​ឯង ទៅ​នឹង​អ្វី​ដែល​អ្នក​ធ្លាប់​ធ្វើ​ពី​មុន​។ អ្នក​​​ត្រូវ​សួរ​ខ្លួន​ឯង​ថា តើ​ខ្លួន​អ្នក​ដើរ​ដល់​ចំណុច​ណា​ហើយ? ធ្វើ​បាន​ល្អ​ជាង​មុន​ហើយ​ឬនៅ? ​បើ​អ្នក​ទទួល​បាន​សមិទ្ធផល​ល្អ​ជាង​មុន នោះ​ជា​សញ្ញាណ​​ដ៏​ល្អ​មួយ​រួច​ទៅ​ហើយ។ អ្នក​ត្រូវ​ចាំ​ថា ការ​ប្រៀបធៀប​ខ្លួនអ្នកទៅ​នឹង​អ្នកដទៃ​បាន​​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​ជូរចត់ ប៉ុន្តែ​​បើ​អ្នក​បន្ត​ប្រកួតប្រជែង​ជាមួយ​ខ្លួន​ឯង អ្នក​នឹង​ទទួល​បាន​​ការ​អភិវឌ្ឍ​ជានិច្ច​៕

ប្រភព៖ howtobehappy

X
5s