នៅ​​ក្នុង​វ័យ​នីមួយៗ អ្នក​គួរតែ​បង្កើត​ទម្លាប់​ហិរញ្ញវត្ថុ​ដូចម្តេច​ខ្លះ​ទើប​មាន​?​



តើ​វ័យ​ណា​ដែល​​អ្នក​គួរ​រៀបចំ​គម្រោង​ហិរញ្ញវត្ថុ​? តាម​ពិត​​​ ការ​រៀបចំ​គម្រោង​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹមត្រូវ​មួយ​ គឺ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស​គ្រប់រូប​ ព្រោះ​ថា​ភាព​ជោគជ័យ​​ហិរញ្ញវត្ថុ​គឺ​ជា​គ្រឹះ​មួយ​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​រស់​នៅ​ធូរធារ​​អាច​សម្រេច​បាន​អ្វី​ដែល​អ្នក​ចង់​បាន​ភាគច្រើន។ បើ​អ្នក​មិន​ទាន់​ដឹង​ថា ​អ្នក​គួរ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជោគជ័យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​វ័យ​មួយ​ទៅ​វ័យ​មួយ​ទៀត សូម​​សាកល្បង​ធ្វើ​តាម​​ដំបូន្មាន​ខាងក្រោម​នេះ៖ ​​​

ពេល​​​មាន​អាយុ​ក្រោម ២០​ តាម​ពិត​អាយុ​ក្រោម ២០ ​ការ​រក​លុយ​​មិន​ទាន់​ក្លាយ​ជា​ទំនួល​ខុសត្រូវ​របស់​យុវវ័យ​ភាគច្រើន​នោះ​ឡើយ ពោល​គឺ​ឪពុកម្ដាយ​ជា​អ្នក​រៀបចំ​ទំនុកបម្រុង​លើ​ការ​ចាយវាយ​ផ្សេងៗ​ដូច​ជា​លើ​ការ​សិក្សា​រៀនសូត្រ​ជា​ដើម​។ យ៉ាងណាមិញ នេះ​មិនមែន​មានន័យ​ថា អ្នក​ត្រូវ​ជិះសេះ​លែងដៃ​រង់ចាំ​រហូត​ដល់​អាយុ​២០ ជាង ឬ ៣០ ទើប​គិតគូរ​នោះ​ទេ។ អ្នក​ត្រូវ​បង្កើត​ទម្លាប់​​ល្អ​មួយ​​ពី​វ័យ​នេះ​ទៅគឺ​ ១.ទម្លាប់​រៀន​សន្សំសំចៃ​ក្នុង​ការ​ចាយវាយ​​​មិន​ទិញ​អ្វីៗ​​តាមតែ​អារម្មណ៍ ២.​តាមដាន​រាល់​ចរន្ត​ចាយវាយ​របស់​អ្នក​ថា តើ​អ្នក​បាន​ចំណាយ​លើ​អ្វី​ខ្លះ​នៅ​ក្នុង​ថ្ងៃ​នីមួយៗ? ​

ពេល​មាន​អាយុ​ ២០​​ឆ្នាំ​ឡើង នៅ​វ័យ​​ខ្ទង់​២០​ឡើង គឺ​ជា​វ័យ​មួយ​ដែល​​ចាត់​ទុក​ថា អ្នក​បាន​​​សិក្សា​រៀនសូត្រ​ចប់​ថ្នាក់​មហាវិទ្យាល័យ ហើយ​ចាប់​ផ្តើម​រក​ការងារ​ធ្វើ​បង្កើត​​អាជីព​ការងារ​សម្រាប់​អនាគត​​របស់​អ្នក​បាន​ហើយ។ ដូចនេះ​នៅ​ក្នុង​វ័យ​នេះ អ្នក​គួរ​បង្កើត​ទម្លាប់​​គ្រប់គ្រង​ហិរញ្ញវត្ថុ​ដូច​ជា៖ ១.​រកលុយ​​ដោះបំណុល​ឲ្យ​បាន​ឆាប់​បំផុត​ បើ​មាន​បំណុល ២.​ធ្វើ​ការ​សន្សំ​លុយ​ទុក​​ដើម្បី​យក​ទៅ​កសាង​គ្រួសារ ​ឬ រកស៊ី​វិនិយោគ​ជា​ដើម​​​ ៣.ត្រូវ​មាន​ទម្លាប់​ចាយ​ឲ្យ​តិច​ជាង​ចំណូល ៤.រៀបចំ​គោលដៅ​ហិរញ្ញវត្ថុ​រយៈពេល​ខ្លី និង​រយៈពេល​វែង​ដូច​ជា ប្ដេជ្ញា​សន្សំ​​លុយ​ឲ្យ​បាន ១០ ០០០ ដុល្លារ​ក្នុង​​រយៈពេល​៣​ ឬ ៥​ឆ្នាំ​ជា​ដើម។ ​

ពេល​មាន​អាយុ​៣០​ឆ្នាំ​ឡើង វ័យ ៣០​ឆ្នាំ​ឡើង​ជា​វ័យ​មួយ​ដែល​អ្នក​កំពុង​សម្រួច​អាជីព​ការងារ​របស់​អ្នក​ដើម្បី​ជោគជ័យ​ហិរញ្ញវត្ថុ។ ដូចនេះ​ហើយ​ អ្នក​ត្រូវ​រៀបចំ​គម្រោង​ហិរញ្ញវត្ថុ​មួយ​ចំនួន​ដូច​តទៅ៖ ១.ត្រូវ​រៀបចំ​​ប្រាក់​សន្សំ​សម្រាប់​ការ​ចំណាយ​ពេល​មាន​អាសន្ន (Emergency Fund) យ៉ាងហោចណាស់​បាន ៣ ទៅ ៦​ខែ​ពេល​គ្មាន​ប្រាក់​ចំណូល ឬ សម្រាប់​ចំណាយ​ពេល​មាន​ឧបសគ្គ​ផ្សេងៗ ២.​​ត្រូវ​សន្សំ​ប្រាក់​​ដើម្បី​​កសាង​គ្រួសារ ឬ វិនិយោគ​រកស៊ី ៣.សន្សំ​ប្រាក់​សម្រាប់​​វិនិយោគ​លើ​អនាគត​កូនៗ​ដើម្បី​ចូលរៀន​​ចាប់​ពី​​ថ្នាក់​ក្រោម​ដល់​ថ្នាក់​មហាវិទ្យាល័យ ៤.​ចាប់​ផ្តើម​សន្សំ​ប្រាក់​សម្រាប់​​​​ការ​ចំណាយ​នៅ​ពេល​អនាគត​វែងឆ្ងាយ ឬ សម្រាប់​ចូលនិវត្តន៍

ពេល​មាន​​អាយុ​​ ៤០ ឆ្នាំ​ ឈាន​​ដល់​៤០ គឺ​ជា​វ័យ​មួយ​ដែល​អ្នក​ត្រូវ​ជោគជ័យ​ទាំង​ហិរញ្ញវត្ថុ និង​​អាជីព​ការងារ។ ប៉ុន្តែ​ការ​ធ្វើ​ការ​តែ​មួយ​មុខ ហើយ​គិត​តែ​សន្សំ​ប្រាក់​ អ្នក​មិន​អាច​ដើរ​ទាន់​​ទីផ្សារ​សាកល​នោះ​ឡើយ។ នៅ​មាន​​កិច្ចការ​មួយ​ចំនួន​ទៀត​ដែល​អ្នក​​ត្រូវ​ធ្វើ​ដើម្បី​​បង្កើន​ទ្រព្យ​ដែល​អ្នក​មាន​ស្រាប់​ឲ្យ​កាន់តែ​ច្រើន​ឡើង​​ក្នុង​នោះ​រួមមាន៖ ​ ១.ចេះ​ប្រើ​លុយ​​ដើម្បី​រក​លុយ​ ពោល​គឺ​វិនិយោគ​ដូច​ជា​ទិញ​ដីធ្លី​ទុក ចូល​ភាគហ៊ុន ឬ​ចាប់​ដៃគូ​រកស៊ី ២.ចេះ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ដោយ​ភាព​វ័យ​ឆ្លាត​​ដូច​ជា​​​ធ្វើ​ឲ្យ​​តម្លៃ​របស់​​វា​កាន់តែ​ថ្លៃ​ឡើង​ ៣.សន្សំ​លុយ​បន្ត​ទៀត​សម្រាប់​​​ការ​ចំណាយ​របស់​កូនៗ ឬ​សម្រាប់​ពេល​ចូលនិវត្តន៍ ​

នៅ​ពេល​មាន​​អាយុ ៤០ ​ឆ្នាំ​ឡើង​ទៅ ចង់​ជោគជ័យ​ហិរញ្ញវត្ថុ​​នៅ​វ័យ​ ៤០​ឆ្នាំ​ឡើង​ ​​អ្នក​ត្រូវ​រក្សា​​គោលការណ៍​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក​​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ដែល​បាន​ធ្វើ​ឡើង​តាំង​ពី​វ័យ​ជំទង់​មក។ ទន្ទឹម​នឹង​​ការ​រៀនសូត្រ​កំហុស​អតីតកាល​របស់​អ្នក ក្នុង​វ័យ​នេះ​អ្នក​ត្រូវ​សន្សំ​ប្រាក់ និង​វិយោគ​បន្ត​ទៅ​ទៀត ហើយ​នៅ​ពេល​ឈាន​ដល់​វ័យ ៥០ អ្នក​នឹង​មាន​​លុយ​កាន់តែ​ច្រើន​ដើម្បី​ត្រៀម​ឲ្យ​អ្នក​យក​ទៅ​ចាយ​វាយ​យ៉ាង​សប្បាយ​នៅ​ពេល​ចាស់​ទៅ។ កុំ​សោកស្តាយ​កំហុស​​ហិរញ្ញវត្ថុ​នៅ​ពេល​កន្លង​មក វា​មិន​ទាន់​យឺត​ពេល​ទេ។ អ្នក​អាច​រៀនសូត្រ និង​ពង្រឹង​វា​ឲ្យ​កាន់តែ​រឹងមាំ​​ឡើងៗ៕

ប្រភព៖ cnbc ​​​​​ ​​​

X
5s