នរណាជាមេក្លោងបង្កើតសង្គ្រាមលោក​ទី២ ​សម្លាប់មនុស្សតំបន់អឺរ៉ុប ២៨,៧ លាននាក់?​



ជាអតីតអ្នកនយោបាយ​ ជាជនល្មោភអំណាច ជាអ្នកបដិវត្តន៍បង្រួបបង្រួមជាតិ​ ជាប្រធានបក្សពលករសង្គមជាតិនិយម​អាល្លឺម៉ង់ ហៅកាត់ Nazi ជាអតីតអធិការបតីអាល្លឺម៉ង់ចន្លោះឆ្នាំ ១៩៣៣ ដល់ឆ្នាំ ១៩៤៥ ​ជាមេបញ្ជារការកំពូល ដឹកនាំកងទ័ពណាហ្ស៊ីអាល្លឺម៉ង់ ចន្លោះឆ្នាំ ១៩៣៤ ដល់ឆ្នាំ ១៩៤៥ បុគ្គលនោះគឺ​ Adolf Hitler។ 

លោក Adolf Hitler ត្រូវពិភពលោកទាំងមូល ចាត់ទុកជាជនផ្តាច់ការបំផុត សម្រាប់សតវត្សរ៍ទី ២០ ជាជនបំផ្លិចបំផ្លាញមនុស្សជាតិដ៏ឃោរឃៅ ជាអ្នកបង្កើតឲ្យមានសង្គ្រាមលោកលើកទី២ ក្នុងតំបន់អឺរ៉ុប តាមរយៈការ​ឈ្លានពានចូលប្រទេស​ប៉ូឡូញអំឡុងឆ្នាំ ១៩៣៩។ កើតក្នុងប្រទេសអូទ្រីស-ហុងគ្រី ​ថ្ងៃ ២០ មេសា ឆ្នាំ១៨៨៩ លោក Adolf Hitler ជាកូនទីបួន ក្នុងចំណោមបងប្អូនសរុប ៦ នាក់ មានឪពុកឈ្មោះ  Alois Hitler ជាមន្ត្រីគយ មានឈាមជ័រជាជនជាតិអាល្លឺម៉ង់ រស់ក្នុងប្រទេសអូទ្រីស-ហុងគ្រី។ Adolf Hitler ធំដឹងក្តីនៅឯទីប្រជុំជនមួយក្បែរទីក្រុង Linz ប្រទេសអូទ្រីស ដោយមានឈាមជ័រជាជនជាតិអាល្លឺម៉ង់ Hitler ក៏មិនខុសពីក្មេងៗដទៃទៀតទេ គឺបានបណ្តុះ​គំនិត​របស់ខ្លួនស្មោះត្រង់ និង​ងប់ងល់លើប្រទេសអាល្លឺម៉ង់ និងបានធ្វើ​អន្តោរប្រវេសន៍ត្រឡប់ទៅរស់នៅក្នុងប្រទេសអាល្លឺម៉ង់វិញនៅឆ្នាំ១៩១៣ ក៏ជាកន្លែង​ដែលលោកសម្រេចស្ម័គ្រចិត្ត ចូលបម្រើក្នុងជួរកងទ័ពអាល្លឺម៉ង់ អំឡុង​ពេលសង្គ្រាម​​លោកលើកទី ១ ផ្ទុះឡើង។

ប្រភពរូប៖ nationalinterest

ក្នុងឆ្នាំ ១៩១៩ អតីតមេដឹកនាំផ្តាច់ការរូបនេះ បានចូលរួមជាមួយគណបក្សពលករអាល្លឺម៉ង់ DAP ដែលក្រោយមក ត្រូវគេប្រែទៅជាគណបក្សពលករសង្គមជាតិនិយម​អាល្លឺម៉ង់ NSDAP ឬ Nazi Party ហើយនៅក្នុងឆ្នាំ ១៩២១ លោក Adolf Hitler ត្រូវគេលើកឲ្យធ្វើជាមេដឹកនាំគណបក្ស​នេះតែម្តង។ ក្នុងឆ្នាំ ១៩២៣ Hitler បានព្យាយាម​ធ្វើរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងទីក្រុងម៉ូនិក ប៉ុន្តែរដ្ឋ​ប្រហាររបស់លោក​ត្រូវបរាជ័យ ហើយត្រូវគេចាប់ដាក់ពន្ធនាគារតែម្តង។ អំឡុងពេលជាប់ពន្ធនាគារនយោបាយ Hitler បានចាប់ផ្តើមសរសេរ​សៀវភៅជីវប្រវត្តិដំបូងបង្អស់របស់លោក រៀបរាប់ពីជីវិតនយោបាយ ដោយសៀវភៅនោះមានឈ្មោះជាភាសាអាល្លឺម៉ង់ថា Mein Kampf មានន័យថា «ការតស៊ូរបស់ខ្ញុំ»។ ក្រោយបានដោះលែងចេញពីពន្ធនាគារអំឡុងឆ្នាំ ១៩២៤ Hitler បានចាប់ផ្តើម​បង្កើនប្រជាប្រិយភាពរបស់ខ្លួនពីឡើងវិញ តាមរយៈការប្រឆាំងដាច់ខាតទៅនឹងសន្ធិសញ្ញា​ទីក្រុងវែសៃ ដែលជាសន្ធិសញ្ជាតិសន្តិភាពបញ្ចប់សង្គ្រាមលោកលើកទី១ និងចាប់ផ្តើមចលនា​បង្រួបបង្រួម​ជាតិសាសនាអាល្លឺម៉ង់ Pan-Germanism ចលនាប្រឆាំងជនជាតិជ្វីសលើពិភពលោក ឈ្មោះថា Anti-Semitism និងចលនាប្រឆាំងលទ្ធិកុម្មុយនីស្ត ក៏ដូចជា ចលនាឃោសនា​បណ្តុះ​មនោគមវិទ្យា​ សម្រាប់​គោលនយោបាយរបស់ពួកណាហ្ស៊ីជាដើម។

Image result for world war 2ប្រភពរូប៖ armytimes.com

អតីតមេដឹកនាំ​ផ្តាច់ការរបស់អាល្លឺម៉ង់រូបនេះ ជារឿយៗក៏តែងជេរប្រមាថទៅលើរបបមូលធននិយមអន្តរជាតិ និងរបបកុម្មុយនីស្ត ព្រោះលោកចាត់ទុកជាការសមគំនិត សម្រាប់អំពើទុច្ចរិតរបស់ជនជាតិជ្វីស។ ក្នុងឆ្នាំ ១៩៣៣ បើទោះជាគណបក្ស Nazi របស់ Hitler បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសមាជិកសភា​អាល្លឺម៉ង់ក៏ពិតមែន ប៉ុន្តែនៅតែខ្វះសម្លេង​ភាគច្រើនសម្រាប់បង្កើតរដ្ឋាភិបាលថ្មី និងការតែងតាំងតំណែង​ជាអធិការបតីដដែល។ អំឡុងពេលនោះអតីតអធិការបតីអាល្លឺម៉ង់ លោក Franz von Papen និងបណ្តាមេដឹកនាំអភិរក្សនិយមជាច្រើនទៀត បានជម្រុញឲ្យប្រធានាធិបតី Paul von Hindenburg ជ្រើសរើសលោក Hitler ឲ្យឡើងកាន់តំណែង​ជាអធិការបតីអាល្លឺម៉ង់ជាផ្លូវការ នាថ្ងៃ៣០ ខែមករា ឆ្នាំ១៩៣៣ ហើយភ្លាមៗបន្ទាប់ពីឡើងកាន់អំណាច​ លោក Hitler បានជម្រុញឲ្យសភាជាតិអាល្លឺម៉ង់អនុម័តលើកំណែរទម្រង់ថ្មីមួយឈ្មោះ Enabling Act សម្រេចឲ្យរដ្ឋាភិបាលបណ្តោះអាសន្ន Weimar Republic ប្រគល់អំណាចទាំងស្រុងទៅឲ្យរដ្ឋាភិបាល Nazi អាល្លឺម៉ង់ ដែលជារដ្ឋាភិបាល​ផ្តាច់ការ ផ្អែកលើរបបផ្តាច់ការ និងមនោគមវិជ្ជាស្វ័យភាពនៃសង្គមជាតិ។

 

ប្រភពរូប៖ nationalinterest

ក្នុងនាមអ្នកជាតិនិយម Hitler មានមហិច្ឆិតាយូរអង្វែងមកហើយ កំចាត់ជនជាតិជ្វីសចេញឲ្យអស់ពីទឹក​ដីអាល្លឺម៉ង់ ដោយបានបង្កើតបទបញ្ជាថ្មីមួយប្រឆាំងទៅនឹងអ្វីដែល Hitler គិតថាជារឿងអយុត្តិធម៌ចាប់តាំងពីសង្គ្រាមលោកលើកទី១បញ្ចប់ ទៅដោយបទបញ្ជា​ភាគច្រើនគឺជាការគ្រប់គ្រងពីសំណាក់ចក្រភព​អង់គ្លេស និង​បារាំង។

ជាលទ្ធផលក្នុងការកាន់កាប់អំណាច​រយៈពេល៦ឆ្នាំ Hitler បានស្តារសេដ្ឋកិច្ចជាតិអាល្លឺម៉ង់ឡើងវិញ ក្រោយ​ជួបលំអោនភាពយ៉ាងធ្ងន់ធ្ងរ លប់ចោលការរើសអើង និងរឹតបន្តឹងមកលើប្រទេស​អាល្លឺម៉ង់​ ពីសំណាក់សហគមន៍អន្តរជាតិដែលកើតមានចាប់តាំងពីសង្គ្រាមលោកលើកទី១បញ្ចប់ទៅ ក៏ដូចជាគោលនយោបាយកាត់បញ្ចូលទឹកដឹកជាច្រើន ជាផ្ទះនៃ​ជនជាតិភាគតិចអាល្លឺម៉ង់រាប់លាននាក់មកស្ថិតក្រោមការគ្រប់គ្រងរួមរបស់រដ្ឋាភិបាលណាហ្ស៊ី នាំឲ្យប្រជាប្រិយភាពរបស់លោកកាន់តែខ្លាំងក្លាមួយកម្រិតទៀត។ Hitler មើលឃើញថា ទឹកដីនៅអឺរ៉ុបខាងកើត គឺសាកសមជាទីជម្រកសម្រាប់ជនជាតិអាល្លឺម៉ង់ បណ្តាលឲ្យកើតចេញនូវគោលនយោបាយឈ្លានពានបរទេស ដែលត្រូវចាត់ទុកជាហេតុផលតែមួយគត់បង្កើតឲ្យមានសង្គ្រាមលោកលើកទី២ផ្ទុះឡើងនៅតំបន់អឺរ៉ុប។ Hitler ចាប់ផ្តើមរុះរើរចនាសម្ព័ន្ធរដ្ឋាភិបាលទ្រង់ទ្រាយធំ និងបើកការឈ្លានពានប្រទេសប៉ូឡូញ នាថ្ងៃទី ១ កញ្ញា ឆ្នាំ១៩៣៩ ដែលជាលទ្ធផលនាំឲ្យចក្រភពអង់គ្លេស និងបារាំង ចេញមុខប្រកាសសង្គ្រាម​ប្រឆាំង​អាល្លឺម៉ង់។

Image result for hitler

នៅអំឡុងខែ មិថុនា ឆ្នាំ១៩៤១ Hitler បានបញ្ជាឲ្យកងទ័ពណាហ្ស៊ីរបស់ខ្លួន បើកការឈ្លាន​ពានចូលទឹកដីសហភាពសូវៀត ហើយនៅចុងឆ្នាំ១៩៤១ កងទ័ពអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តស្ថិតក្រោមសន្ធិសញ្ញា Axis Powers បានគ្រប់គ្រងទឹកដីស្ទើរទូទាំងទ្វីបអឺរ៉ុប និងអាហ្វ្រិកខាងជើង។ អំឡុងខែធ្នូ ឆ្នាំ១៩៤១ Hitler បានប្រកាសសង្គ្រាមផ្លូវការប្រឆាំងសហរដ្ឋអាមេរិក ជាថ្ងៃនាំឲ្យអាមេរិកនិងអាល្លឺម៉ង់ ធ្លាក់ផុងខ្លួនក្នុងសង្គ្រាមប្រឈមមុខដាក់គ្នាយ៉ាងក្តៅគគុក។ បរាជ័យក្នុងការឈ្លានពានសូវៀត និងវត្តមានរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមលោកលើកទី២ បានធ្វើឲ្យ​កងទ័ពអាល្លឺម៉ង់ធ្លាក់ក្នុងយុទ្ធសាស្ត្រសង្គ្រាមការពាររបស់សូវៀត និងអាមេរិក ហើយក៏ជាហេតុនាំឲ្យ​អាល្លឺម៉ង់ទទួលបរាជ័យក្នុងសង្គ្រាម​ជាបន្តបន្ទាប់ រហូតដល់ថ្ងៃចុងក្រោយនៃសង្គ្រាម គឺពេលដែលកងទ័ពក្រហមសូវៀត វាយឡុកចូលដល់ទីក្រុងប៊ែកឡាំង គឺសង្គ្រាម Battle of Berlin ឆ្នាំ១៩៤៥។

មុនចាញ់សង្គ្រាម នៅថ្ងៃ២៨ មេសា ឆ្នាំ១៩៤៥ Hitler បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តស្រីជាទីស្រលាញ់ ឈ្មោះ Eva Braun ហើយ២ថ្ងៃក្រោយមក ពោលនៅថ្ងៃ ៣០ មេសា ឆ្នាំ១៩៤៥ ពួកគេទាំងពីរសម្រេចចិត្តធ្វើអត្តឃាត ដើម្បីកុំឲ្យកងទ័ពក្រហមសូវៀតចាប់ខ្លួនបាន ខណៈសពរបស់ពួកគេទាំងពីរត្រូវគេដុត​ទៅជាផេះ។ ស្ថិតក្រោមការដឹកនាំរបស់ Hitler និងមនោគមវិជ្ជាលើកទឹកចិត្តឲ្យមានការរើសអើងពូជសាសន៍ របបណាហ្ស៊ី ជាអ្នកទទួលខុសត្រូវសម្រាប់ការសម្លាប់រង្គាលលើជនជាតិជ្វីសយ៉ាងហោចណាស់ ៥.៥លាននាក់ និងជនរងគ្រោះជ្វីសរាប់សិបលាននាក់ផ្សេងទៀតដែលរងផលប៉ះពាល់តាមរយៈទារុណកម្ម និងត្រូវបណ្តេញចេញពីសង្គម។

លើសពីនេះ Hitler និងរបបណាហ្ស៊ី ក៏ជាអ្នកទទួលខុសត្រូវសម្រាប់​ការសម្លាប់រង្គាលលើជនស៊ីវិល និងអ្នកទោសសង្គ្រាមប្រមាណ ១៩,៣ លាននាក់ ខណៈជាលទ្ធផលពីសង្គ្រាមលោកលើកទី២ គិតត្រឹមតំបន់អឺរ៉ុប កងយោធា​ និងពលរដ្ឋស៊ីវិលសរុប ២៨,៧ លាននាក់ បានស្លាប់។ សង្គ្រាមលោកលើកទី២របស់ Adolf Hitler គឺជាសង្គ្រាមធំបំផុតមិនធ្លាប់មានពីមុនមក ខណៈតួលេខអ្នកស្លាប់ដោយសារសង្គ្រាមនេះ ក៏ខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ៕  

ដោយ៖ សុវណ្ណមុនីលីតា 

X
5s