ចំណុច​សំខាន់​ដែល​អ្នក​គួរ​ដឹង​ ប្រសិន​បើ​ចង់​បើក​អាជីវកម្ម​ប្រភេទដឹក​ជញ្ជូន Logistics!​



បច្ចុប្បន្ន​វិស័យ​ពាណិជ្ជកម្ម​ ការ​នាំទំនិញ​ និង​ផលិត​ផល​​ ចេញ​ចូល​ពី​​ឬ​ទៅ​បណ្ដា​ប្រទេស​នានា​មក​កាន់​​ឬ​ចេញ​ពី​កម្ពុជា​កាន់​តែ​សម្បូរ​បែប​ដែល​បាន​បង្ហាញ​ពី​សក្ដានុពល​ និង​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​វិស័យ​នេះ។ ខាង​ក្រោម​នេះ​ គឺ​ជាការ​ចែករំលែក​របស់លោក យន់ ភិរុណ ស្ថាបនិក​ក្រុមហ៊ុន​​  Sunshine Logistics (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនកំពុងទទួលនូវប្រជាប្រិយភាព និងការគាំទ្រពីសំណាក់អតិថិជន​ Logistics ។

 

លោក យន់ ភិរុណ បាន​លើក​ឡើង​ថា ​ប្រភេទ​ក្រុមហ៊ុន​​ Logistics នេះ​ ប្រសិន​បើ​យើង​ចង់​បើក​អាជីវកម្ម​ដំបូង​យើង​ត្រូវ​ស្វែង​យល់​ពី​បែប​បទ​ និង​ពី​និតិវិធី​គយ​ឲ្យ​បាន​ហ្មត់​ចត់​ជា​មុន​សិន។ បន្ទាប់ពី​នោះ​​មក​ យើង​ត្រូវ​ធ្វើ​ការ​ប្រកាស​ពន្ធដារ ដោយ​បែប​បទ​ទាំងអស់​នេះ​យើង​​ត្រូវ​​សិក្សារ​អំពី​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជាយើង​ បន្ទាប់​ពី​នោះ​យើង​គ្រាន់​តែ​គោរព​ទៅ​តាម​ច្បាប់​គយ ច្បាប់ប្រទេស​ ក៏​ដូច​ជា​ច្បាប់​របស់​រដ្ឋ​ទៅ​គឺ​យើង​អាច​ដំណើរការ​អាជីវកម្ម​ប្រភេទ​នេះ​បាន​ហើយ ដោយ​មិន​មាន​អ្វី​ដែល​ជា​បញ្ហា​ចោទ​ទេ។

ក្នុង​នោះ​ផង​ដែរ​ ស្ថានិក​រូបនេះ បាន​ចែក​រំលែក​បន្ថែម​ទាក់​ទង​នឹងបញ្ហា​ចោទ​សម្រាប់ការ​ដំណើរ​ការ​​ក្រុមហ៊ុន​ប្រភេទ​ Logistics​នេះ ​ដោយ​លោក​បាន​លើក​ឡើង​ថា  បញ្ហា​ធំ​បំផុត​នៅ​​ក្នុង​ការ​ដំណើរ​ការ​អាជីវកម្មផ្នែក​​ដឹក​ជញ្ជូន​សព្វ​ថ្ងៃ​នេះ​គឺ ការប្រកួតប្រជែងដណ្តើមទីផ្សារ។ លោកបានបញ្ជាក់ថា ក្រុមហ៊ុនមិនត្រឹមតែត្រូវបង្កើនការជឿទុកចិត្តប៉ុណ្ណោះទេ ថែមទាំងត្រូវបង្កើនភាពងាយស្រួល និង​តម្លៃ​ឱ្យ​បានល្អដល់អតិថិជនខ្លួន ហើយនេះជាបញ្ហាធំសម្រាប់ក្រុមហ៊ុនទើបបើកថ្មី ឬក្រុមហ៊ុនដែលមិនសូវមាន​បទពិសោធន៍ក្នុងប្រតិបត្តិការច្រើន ជាពិសេសពេលមានបញ្ហាជាយថាហេតុកើតឡើងក្នុងកំឡុងពេលដឹកជញ្ជូន។

 

លោកបញ្ជាក់បន្ថែមថា កាលណាយើងយកចំណេញតិច យើងត្រូវបង្កើនចំនួនប្រតិបត្តិការ និងទាក់ទាញការបញ្ជាទិញសេវាកម្មពីអតិថិជន​ឱ្យ​បានច្រើន ទើបអាចធានាការចំណាយ​ប្រចាំខែបាន តែអ្វីដែលល្អនោះគឺ បើសិនជាក្រុមហ៊ុនទូទៅអាចធ្វើយ៉ាងនេះបាន​គឺ​អាច​ឈាន​មុខ​គេ​​​​ ក្នុងទីផ្សារ និងមាននិរន្តរភាពដូចក្រុមហ៊ុនលោកជាក់ជាពុំខាន។

បញ្ហាបន្ទាប់ខ្លះៗទៀតគឺ ការ​ឡើង​ថ្លៃ​នៃ​ក្រុមហ៊ុន​កាប៉ាល់​​ដែល​គេ​ហៅ​ថា THC (Terminal Handling Charge) ដែល​មាន​ន័យ​ថា ​ជា​ថ្លៃ​លើក​ដាក់ពី​កុងតាន័រ ពី​កាប៉ាល់​មក​ដាក់​នៅ​ចំណត​កុងតាន័រដែល​គេ​ហៅ​ថា​ CY (Container Yard) នៅ​កំពង់​ផែ ដែល​ចេះ​តែបន្ត​ឡើង​ថ្លៃមិន​ឈប់​ឈរ។

​ដូច្នេះ​បើ​ប្រៀប​ធៀប​ទៅ​នឹងប្រទេស​ជិត​ខាង​​កម្ពុជា​យើង​នៅ​មាន​តម្លៃ​ខ្ពស់​ ដែលនេះ​ ជា​បញ្ហា​នៃ​ការ​ប្រកួត​ប្រជែង​ខ្លាំង​នៅ​ក្នុង​វិស័យ​នេះដែល​ធ្វើ​ឲ្យ​អ្នក​រក​ស៊ី​នៅ​ក្នុងវិស័យ​នេះ​ពិបាកខ្លាំង​នៅ​ក្នុង​ការ​ទាក់​ទាញ​អតិថិជន។

លោក យន់ ភិរុណ  បាន​បន្ត​ដោយ​ខ្លី​បន្ថែម​ទៀត​ថា​ ៖“ប្រសិន​បើ​យើង​មាន​ឆន្ទៈ​​ស្រលាញ់​មុខ​របរ​ណាមួយ យើង​​ត្រូវ​តែ​តស៊ូ​ធ្វើ​ឲ្យ​អស់​ពី​ចិត្ត​ពី​ថ្លើម សឹង​តែ​អាច​និយាយ​បាន​ថា ​យើង​ដាក់​ជីវិត​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នោះ​ នោះយើងនឹង​រីក​ចម្រើន”​៕

អត្ថបទ៖ ជួប ស្រីរ័ត្ន

X
5s