អ្នកញ៉ាំភេសជ្ជៈគ្មានជាតិស្ករ ប្រឈមនឹងជំងឺច្រើនមុខ ជាងអ្នកញ៉ាំភេសជ្ជៈមានជាតិស្ករ
សារធាតុផ្អែមសប្បនិម្មិត គឺជាគ្រឿងផ្សំដ៏សំខាន់ដែលគេប្រើក្នុងទឹកក្រូច ឬភេសជ្ជៈគ្មានជាតិស្ករ ភាសាអង់គ្លេសហៅថា Diet Soda។ យោងតាមការសិក្សាស្រាវជ្រាវ សារធាតុផ្អែមសប្បនិម្មិត ដែលមានក្នុងភេសជ្ជៈគ្មានជាតិស្ករ គឺអាចបណ្តាលឲ្យសុខភាព និងរាងកាយមនុស្ស ប្រឈមមុខនឹងបញ្ហាមួយចំនួន ។
យោងតាមការសិក្សាមួយ ចេញផ្សាយដោយសារព័ត៌មាន Business Insider អំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ ភេសជ្ជៈប្រភេទថ្មីមួយ ត្រូវគេដាក់ចេញលក់លើទីផ្សារ។ វាគ្មានរូបរាង ពណ៌ រស់ជាតិ ប៉ុន្តែគ្រាន់តែក្នុងភេសជ្ជៈថ្មីនេះ គឺមិនត្រូវគេប្រើប្រាស់ជាតិស្ករនោះឡើយ ដោយជំនួសមកវិញនូវសារធាតុផ្អែមសប្បនិម្មិត ហើយត្រូវអ្នកនិយមទទួលទានភេសជ្ជៈរស់ជាតិផ្អែម សរសើរនឹងគាំទ្រជាខ្លាំង។ ជាមួយនឹងកាឡូរីបន្តិចបន្តួច និងគ្មានជាតិស្ករ ក្រុមហ៊ុនទឹកក្រូចគ្មានជាតិស្ករ ធ្លាប់សន្យាជាមួយអតិថិជនរបស់ខ្លួនថា នឹងធ្វើឲ្យពួកគេមានសុខភាពប្រសើរជាងទទួលទានទឹកក្រូចធម្មតា ប៉ុន្តែដូចគ្នាទៅនឹងការសន្យាទាំងឡាយក្នុងជីវិតមនុស្សគឺ ស្តាប់ពិរោះ ប៉ុន្តែការពិតប្រហែលជាមិនដូច្នេះនោះដែរ។
រហូតមកទល់នឹងសព្វថ្ងៃ គ្រប់យ៉ាងដែលមនុស្សទទួលទាន សុទ្ធតែមានផ្ទុកសារធាតុកាឡូរី។ ពេលមនុស្សទទួលទានរបស់ផ្អែម ខួរក្បាលនឹងបញ្ជូនសញ្ញាទៅលំពែង ហើយចាប់ផ្តើមផលិតអាំងស៊ុយលីន ដែលរក្សាទុកម៉ូលេគុលស្ករ នៅក្នុងកោសិការបស់មនុស្សសម្រាប់បង្កើតថាមពល។ ប៉ុន្តែពេលមនុស្សទទួលទានទឹកក្រូចគ្មានជាស្ករ បើទោះជាធ្វើឲ្យមានអារម្មណ៍ថាផ្អែម ដូចជាទឹកក្រូចធម្មតាក៏ពិតមែន ប៉ុន្តែសារធាតុបង្កើតថាមពល និងសារធាតុអាំងស៊ុយលី សម្រាប់រាងកាយមនុស្ស គឺគ្មាននោះឡើយ។
តាមការសិក្សាម្តងហើយម្តងទៀត ការទទួលទានទឹកក្រូចគ្មានជាតិស្ករជាប្រចាំ បង្កឲ្យមានជំងឺម្យ៉ាងឈ្មោះថា ម៉េតាប៉ូលីស។ ជំងឺនេះធ្វើឲ្យសុខភាពរបស់មនុស្សប្រឈមបញ្ហាមួយចំនួន មានដូចជា សម្ពាធឈាមឡើងខ្ពស់ កើនសារធាតុស្ករក្នុងឈាម ឡើងទំងន់ ដែលសុទ្ធសឹងជាហានិភ័យ នៃជំងឺទឹកនោមផ្អែម ជំងឺដាច់បេះដូង និងជម្ងឺដាច់សរសែរឈាមខួរក្បាលជាដើម។ លើសពីនេះ ការសិក្សាមួយទៀតបង្ហា្ថញថា អ្នកនិយមទទួលទានទឹកក្រូចគ្មានជាតិស្ករ គឺប្រឈមមុខខ្ពស់ជាមួយជំងឺដាច់សរសៃរឈាមខួរក្បាល និងជំងឺរង្វេង ជាងការទទួលទានទឹកក្រូចមានជាតិស្ករធម្មតា។ សម្រាប់ការសិក្សាស្រាវជ្រាវមួយទៀត ធ្វើឡើងរយៈពេល៨ឆ្នាំ ចន្លោះឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៨៨ រកឃើញដែរថា អ្នកទទួលទានទឹកក្រូច គ្មានជាតិស្ការជាមធ្យម ២១ កំពុងក្នុងមួយសប្តាហ៍ ប្រឈមមុខទ្វេរដងជាមួយបញ្ហាឡើងទំងន់ បើធៀបទៅនឹងអ្នកមិនទទួលទានទឹកក្រូចគ្មានជាតិស្ករ។
មួយវិញទៀត ការទទួលទានទឹកក្រូចគ្មានជាតិស្ករអំឡុងពេលទទួលទានអាហារ អាចបង្កើនរស់ជាតិឆ្ងាញ់នៃអាហារក៏ពិតមែន ប៉ុន្តែវាក៏អាចជាពេលវេលាអាក្រក់បំផុត សម្រាប់អ្នកនិយមភេសជ្ជៈប្រភេទនេះ ព្រោះថា កាឡូរីក្លែងក្លាយ នឹងរំខានដល់ការរំលាយកាឡូរីក្នុងរាងកាយ នាំឲ្យរាងកាយស្តុកទុកសារធាតុខ្លាំងលើកម្រិតបណ្តាលឲ្យឡើងទំងន់។ កត្តាទាំងនេះ ជាហេតុផលតែមួយគត់ សម្រាប់អ្នកចង់សម្រក់ទំងន់ គប្បីឈប់ទទួលទានភេសជ្ជៈប្រភេទនេះ ដោយងាកមកទទួលទានទឹកធម្មតាទើបជាការល្អ៕
ដោយ៖ សុវណ្ណមុនីលីតា