ធនាគារ PPCBank និងក្រុមគ្រូពេទ្យកូរ៉េសហការគ្នាផ្ដល់ការវះកាត់ភ្នែកជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ
ភ្នំពេញ៖ ធនាគារ PPCBank នឹងសហការជាមួយគ្រូពេទ្យជំនាញ ខាងផ្នែកចក្ខុរោគ (ជំងឺភ្នែក) មកពីប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើការពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃ ជូនដល់ប្រជាជនកម្ពុជាក្រីក្រ ដែលមានជំងឺភ្នែកឡើងបាយ និងភ្នែកស្រលៀង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារ PPCBank ដែលបានចេញផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ។
គម្រោងនេះមានឈ្មោះថា «New Vision 2018» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែវិច្ឆិកា នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពត។ កម្មវិធីនេះ នឹងត្រូវចាប់ផ្ដើមដោយ ការត្រួតពិនិត្យភ្នែកជាមុនសិន។ បន្ទាប់មកអ្នកជំងឺ នឹងត្រូវឆ្លងកាត់ការវះកាត់ បកភ្នែក “ឡើងបាយ” នោះចេញ រួចជំនួសដោយកែវភ្នែកសិប្បនិម្មិត ដែលអាចប្រើប្រាស់បានមួយជីវិត។ ជាងនេះទៅទៀត កម្មវិធីនេះ ក៏មានការពិគ្រោះយោបល់ និងវគ្គបណ្ដុះបណ្ដាលដល់អ្នកជំងឺ ក្នុងអំឡុងពេលដែល ភ្នែកពួកគាត់ នឹងជាសះស្បើយឡើងវិញ និងផ្ដល់ការអប់រំពួកគាត់ អំពីការថែទាំសុខភាពភ្នែក ឲ្យបានត្រឹមត្រូវផងដែរ។គោលបំណងចម្បងនៃគម្រោងនេះ ដែលធនាគារ PPCBank រំពឹងចង់បាននោះគឺ ការទប់ស្កាត់ការរីករាលដាលនៃចក្ខុរោគ ជាពិសេសគឺជំងឺភ្នែកឡើងបាយ និងជំងឺផ្នែកស្រលៀង ដែលអាចជួយឲ្យប្រជាជនកម្ពុជា ដែលបានកើតជំងឺនេះ ហើយពុំមានលទ្ធភាព ទទួលបានការព្យាបាលត្រឹមត្រូវ ឲ្យមានជីវិតល្អប្រសើរឡើងវិញ បន្ទាប់ពីបានជាសះស្បើយ។
ឆ្នាំនេះ គឺជាលើកទី២ ហើយដែលធនាគារ PPCBank បានអនុវត្តគម្រោងមួយនេះ ដើម្បីជួយកែលំអជីវិត របស់ប្រជាជនកម្ពុជា ដែលមានជំងឺភ្នែក។ កាលពីឆ្នាំទៅមិញ ធនាគារ PPCBank បានសហការជាមួយអង្គការ Khmer Sight Foundation (KSF) ដើម្បីផ្ដល់ការត្រួតពិនិត្យនិងព្យាបាលភ្នែក ជូនដល់អ្នកជំងឺប្រមាណជា ៨០០នាក់ ដែលក្នុងនោះមានប្រមាណជា២០០នាក់ បានទទួលការវះកាត់ និងព្យាបាលបានដោយជោគជ័យ។ នៅក្នុងឱកាសដ៏ពិសេសនេះ លោក Shin Chang Moo ប្រធានធនាគារ PPCBank បានលើកឡើងថា៖ “ជំងឺភ្នែកឡើងបាយ និងភ្នែកស្រលៀង គឺជាជំងឺភ្នែកធម្មតា ដែលកើតមានឡើងចំពោះប្រជាជនកម្ពុជា ជាពិសេសកើតមានឡើងចំពោះ ប្រជាជនដែលមានជីវភាពខ្សត់ខ្សោយ បើទោះបីជាការព្យាបាលជំងឺនេះ មានភាពឆាប់រហ័ស និងមានសុវត្ថិភាពក៏ដោយ។ ទោះជាយ៉ាងណាអ្នកជំងឺទាំងនោះ ភាគច្រើនត្រូវបានរារាំង ក្នុងការទទួលបានការព្យាបាលឲ្យបានត្រឹមត្រូវ និងការថែទាំសុខភាព ដោយសារតែស្ថានភាពជីវភាព មានការខ្វះខាត ដែលជាហេតុនាំឲ្យធ្លាក់ទៅក្នុងស្ថានភាព កាន់តែអាក្រក់រហូតដល់បាត់បង់សមត្ថភាព ក្នុងការបំពេញការងារប្រចាំថ្ងៃ ឬពិការភ្នែកតែម្ដង។”
“ដោយមើលឃើញពីផលវិបាកនេះ ហេតុដូច្នោះហើយបានជា នៅក្នុងគម្រោងនេះ ធនាគារ PPCBank សហការជាមួយក្រុមគ្រូពេទ្យជំនាញ មកពីប្រទេសកូរ៉េខាងត្បូង មកធ្វើការព្យាបាល ជំងឺភ្នែកឡើងបាយ និងភ្នែកស្រលៀង ដោយមិនគិតថ្លៃ ជូនដល់ប្រជាជនកម្ពុជាក្រីក្រ ដែលជួយឲ្យការមើលឃើញរបស់គាត់ បានល្អប្រសើរឡើងវិញ និងជួយកែលម្អគុណភាពជីវិត របស់ពួកគាត់ផងដែរ” លោក Shin Chang Moo បានបន្ថែម ជាមួយទឹកមុខសប្បាយរីករាយ ចំពោះគម្រោងនេះ។
យោងតាមរបាយការណ៍ របស់កម្មវិធីជាតិថែរក្សាភ្នែក និង ការមើលឃើញឆ្នាំ ២០២០ បានឲ្យដឹងថា ក្នុងមួយឆ្នាំៗ មានប្រជាជនកម្ពុជាប្រមាណ ២៨.៨០០ នាក់ បានក្លាយទៅជាមនុស្សពិការភ្នែក ក្នុងនោះមាន ៩០%នៃករណីទាំងនេះ គឺបណ្ដាលមកពី ការមិនបានទទួលការពិនិត្យព្យាបាល និងថែទាំឲ្យបានត្រឹមត្រូវ។ ជំងឺភ្នែកឡើងបាយ គឺជាជំងឺនាំមុខគេ ដែលមានចំនួន ៦៥ ភាគរយ នៃការធ្វើឲ្យពិការភ្នែក ដែលស្មើនឹង១៩.០០០ ករណីនៅក្នុងមួយឆ្នាំ។ ក្នុងចំណោមប្រជាជនសរុបចំនួនជាង ១២ លាននាក់ ប្រទេសកម្ពុជា ប្រឈមមុខនឹងបញ្ហា ដែលកំពុងកើតមានឡើងជាច្រើន ក្នុងនោះ នៅក្នុងវិស័យសុខាភិបាល បញ្ហចក្ខុរោគ ជាផ្នែកមួយផងដែរ។ ការមិនបានទទួលការថែទាំ សុខភាពឲ្យបានត្រឹមត្រូវ គឺជាមូលហេតុចម្បង នៃបញ្ហាសុខភាពទូទៅ នៅក្នុងប្រទេសកម្ពុជា ជាពិសេស ប្រជាជនដែលស្ថិតនៅក្នុងស្ថានភាពក្រីក្រ និងខ្វះខាតផ្នែកហិរញ្ញវត្ថុ។
យើងសង្ឃឹមថា តាមរយៈគំនិតផ្ដួតផ្ដើមរបស់ធនាគារ PPCBank ចក្ខុរោគ នឹងមិនសូវរីករាលដាលនៅក្នុងប្រទេសកម្ពុជា និងជួយបន្ធូរបន្ថយសម្ពោធខាងផ្នែកសេដ្ឋកិច្ចជាច្រើន ដល់អ្នកជំងឺ និងគ្រួសារ ដែលត្រូវប្រឈមដោះស្រាយនោះ៕