វិធី ៤យ៉ាងដើម្បីទប់ស្កាត់ការកើនឡើងជាតិស្ករក្នុងឈាមឲ្យមានប្រសិទ្ធភាព
អាហារទទួលទានជាច្រើនក្នុងសម័យបច្ចុប្បន្នងាយនឹងធ្វើឲ្យអ្នកកើនឡើងជាតិស្ករក្នុងឈាម និងបង្កើនហានិភ័យរបស់អ្នកពីជំងឺទឹកនោមផ្អែម។ ហេតុនេះក្រៅពីជ្រើសរើសអាហារសម្រាប់ទទួលទានប្រកបដោយការគិតគូរពីសុខភាពហើយ អ្នកត្រូវធ្វើតាមចំណុចទាំង៤ខាងក្រោមនេះទៀតដើម្បីទប់ស្កាត់អ្នកពីការកើនឡើងជាតិស្ករបាន៖
១) ហាត់ប្រាណ៖ ការហាត់ប្រាណជាប្រចាំអាចជួយឲ្យអ្នកស្រកទម្ងន់និងបង្កើនភាពធន់នៃអាំងស៊ុយលីនរបស់អ្នកបាន។ កាលណាភាពធន់នៃអាំងស៊ុយលីនរបស់អ្នកត្រូវបានបង្កើន នោះមានន័យថាកោសិការបស់អ្នកមានសមត្ថភាពអាចប្រើប្រាស់ស្ករដែលនៅសល់នៅក្នុងចរន្តឈាមរបស់អ្នកបាន។ ការហាត់ប្រាណក៏អាចជួយឲ្យសាច់ដុំរបស់អ្នកប្រើប្រាស់ស្ករទៅលើថាមពលនិងការធ្វើចលនារបស់សាច់ដុំផងដែរ។
២) គ្រប់គ្រងការទទួលទានកាបូអ៊ីដ្រាត៖ រាងកាយរបស់យើងបំបែកកាបូអ៊ីដ្រាតទៅជាស្ករ បន្ទាប់មកអាំងស៊ុយលីននាំស្ករចូលទៅក្នុងកោសិកា។ នៅពេលអ្នកទទួលទានកាបូអ៊ីដ្រាតច្រើនពេក នោះវានឹងធ្វើឲ្យដំណើរការនេះបរាជ័យហើយបណ្ដាលឲ្យជាតិស្ករក្នុងឈាមកើនឡើងបាន។ អាហារដែលសម្បូរកាបូអ៊ីដ្រាតដែលអ្នកគួរកាត់បន្ថយមានដូចជា នំប៉័ង ប៉ាស្តា នំឃុកឃី យ៉ាអួរផ្អែម ដំឡូងបារាំង ភេសជ្ជៈផ្អែម និងទឹកសូដាជាដើម។
៣) បង្កើនការទទួលទានជាតិសរសៃ៖ ជាតិសរសៃអាចពន្យឺតការរំលាយរបស់កាបូអ៊ីដ្រាតនិងការស្រូបយកជាតិស្ករ។ ហេតុនេះហើយវាអាចជួយឲ្យការកើនឡើងកម្រិតជាតិស្ករក្នុងឈាមប្រព្រឹត្តទៅដោយសន្សឹមៗ។ អាហារដែលមានជាតិសរសៃខ្ពស់អាចជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមកម្រិត១ដោយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ អាហារដែលសម្បូរជាតិសរសៃមានដូចជា បន្លែ សណ្ដែក ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។
៤) ទម្លាប់ទទួលទានទឹកឲ្យបានច្រើនជាប្រចាំ៖ បន្ថែមពីលើការការពារកង្វះខាតជាតិទឹក ការទទួលទានទឹកឲ្យបានច្រើនជួយឲ្យតម្រងនោមរបស់អ្នកបានបញ្ចេញចោលនូវជាតិស្ករដែលលើសតាមរយៈទឹកនោមរបស់អ្នក។ តែអ្នកត្រូវចៀសវាងទទួលទានភេសជ្ជៈផ្អែមៗ ដែលអាចបង្កើនកម្រិតជាតិស្ករក្នុងឈាម ឡើងទម្ងន់ និងបង្កើនហានិភ័យពីជំងឺទឹកនោមផ្អែម៕
ដោយ៖ ស្រីពៅ