៦ ជំហានប្រែក្លាយភាពបរាជ័យឆ្នាំចាស់ ឲ្យជោគជ័យនៅឆ្នាំថ្មី
ពីមួយឆ្នាំទៅមួយឆ្នាំ តើអ្នកមានបានរៀនអង្កេតមើលថា អ្នកបានបង្កើតសមិទ្ធផលតាមគោលដៅដែលអ្នកចង់បានហើយឬនៅ? បើចម្លើយថា "ទេ” នោះ នេះជាបញ្ហាមួយដែលអ្នកត្រូវគិតគូរឡើងវិញ។ គន្លឹះ ៦ ជំហានខាងក្រោមនេះ នឹងអាចជួយផ្តល់ពន្លឺដល់អ្នកក្នុងការធ្វើឲ្យគោលដៅរបស់អ្នកផុសចេញជារូបរាងឡើងនៅពេលខាងមុខ។
ជំហានទី១.សរសេរគោលដៅអ្នកចេញមក តើអ្នកអាចដឹងថា គោលដៅរបស់អ្នកត្រូវបានរៀបចំត្រឹមត្រូវដោយរបៀបណា? គោលដៅរបស់អ្នកត្រូវតែមានតម្លៃជាងបញ្ហាប្រឈមដែលនឹងកើតមានឡើងបើមិនដូច្នេះទេមានន័យថា អ្នកដើរខុសគោលដៅហើយ។ នេះទាមទារឲ្យអ្នកសួរខ្លួនឯងថា អ្នកចង់បានអ្វី? នៅពេលណា? ដោយរបៀបណា? សំនួរនេះនឹងជួយឲ្យអ្នកបង្កើតគោលដៅផ្សេងៗ ហើយប្រែក្លាយគោលដៅនោះជាការពិតបាន។ កុំយកលទ្ធផលបរាជ័យក្នុងឆ្នាំចាស់មកបញ្ឈប់ដំណើរសម្រេចគោលដៅរបស់អ្នកនៅឆ្នាំថ្មីនេះ។ អ្នកអាចដើរខុសកន្លងមក ឬក៏ធ្វើមិនបានអស់ពីលទ្ធភាព។
ជំហានទី២.សរសេរគោលដៅឲ្យកាន់តែលម្អិត នៅពេលគោលដៅរបស់អ្នកធំពេក វាអាចធ្វើឲ្យអ្នកមានភាពខ្វះចន្លោះពិបាកនឹងសម្រេចបាន។ ការពិតលទ្ធផលយ៉ាងណានោះ អ្នកមិនទាន់ដឹងនោះទេ។ ហេតុដូច្នេះហើយសូមកុំបណ្តោយឲ្យភាពមិនច្បាស់លាស់របស់អ្នកមកទាញទម្លាក់គោលដៅរបស់អ្នកឲ្យបរាជ័យម្តងទៀតអី។ អ្នកត្រូវច្បាស់ថា ចង់សម្រេចគោលដៅនោះអ្នកត្រូវធ្វើអ្វី ខ្លះ? ចាប់ផ្តើមពីកន្លែងណា? ពីដំណាក់កាលមួយទៅដំណាក់កាលមួយ អ្នកត្រូវធ្វើវាយ៉ាងម៉េច? មានដំណោះស្រាយបែបណា បើបញ្ហាប្រឈមកើតមានឡើង? យកល្អអ្នកបំបែកវាមកជាចំណែកតូចៗ ហើយធ្វើវាជាជំហានៗ។
ជំហានទី៣.ចាប់ផ្តើមអនុវត្ត គំនិតទស្សនៈផ្សេងៗពីអ្វីដែលអ្នកកំពុងធ្វើ វាមិនសំខាន់ទៀតនោះឡើយនៅក្នុងចំណុចនេះ។ អ្វីដែលអ្នកត្រូវដឹងនោះគឺ ទំនួលខុសត្រូវរបស់អ្នកក្នុងការបង្កើតវាឲ្យចេញជារូបរាងឡើង។ អ្នកត្រូវអនុវត្តគម្រោងដែលអ្នកត្រូវធ្វើ ព្រោះវាជាប្លង់ដ៏សំខាន់ដែលអ្នកបានរៀបចំគូសវាសទុករួចហើយនៅជំហានទី២ ខាងលើ។
៤.បង្ខិតដំណើរឲ្យកាន់តែកៀកគោលដៅបន្តិចម្តងៗ គោលដៅរបស់អ្នកមិនអាចសម្រេចបាននៅក្នុងរយៈពេលត្រឹមតែ១យប់ ឬ ១ ខែបាននោះឡើយ។ ភាពជោគជ័យនៃគោលដៅធំមួយ គឺវាទាមទារឲ្យអ្នកចាប់ផ្តើមសកម្មភាពបន្តិចម្តងៗឆ្ពោះទៅកាន់គោលដៅនោះ និងត្រូវមានភាពអត់ធ្មត់ទើបទទួលបានលទ្ធផល។
៥.ធ្វើរហូតកុំបោះបង់បើទោះមានឧបសគ្គ ការពិតអ្នកនឹងជួបបញ្ហាប្រឈមមួយចំនួននៅពេលអនុវត្តគោលដៅរបស់អ្នក។ ភាពភ័យខ្លាច ឬឧបសគ្គទាំងនោះនឹងរារាំងដំណើររបស់អ្នក។ ក៏ប៉ុន្តែសូមកុំប្រញាប់វាយតម្លៃលឿនពេកថា អ្នកនឹងបរាជ័យ។ អ្នកត្រូវដឹងថា ផ្លូវដែលមានឧបសគ្គគឺជាផ្លូវត្រូវហើយ ដូចនេះអ្នកត្រូវសម្លឹងមើលគោលដៅខាងមុខជារឿងសំខាន់ ហើយធ្វើបន្តរហូតឆ្ពោះទៅគោលដៅនោះ។
៦.រំលឹកគោលដៅជាប្រចាំ ចំពោះគោលដៅអ្នករៀបចំឡើង អ្នកត្រូវតែផ្ដោតលើវាជាប្រចាំ។ ការទន្ទេញជាប់មាត់ថា អ្នកនឹងសម្រេចគោលដៅឲ្យបាននៅរៀងរាល់ព្រឹក និងមុនពេលគេងនឹងជួយឲ្យអ្នកមានកម្លាំងចិត្តកាន់តែខ្លាំងឡើង។ បន្ទាប់មកអ្នកនឹងដឹងថា អ្វីដែលសំខាន់នឹងរត់មករកអ្នក ហើយអ្វីដែលមិនសំខាន់វានឹងខ្ទាតចេញពីអ្នកបន្តិចម្តងៗ។ សូមអ្នកចងចាំថា អ្នកនឹងមិនមានចម្លើយឥតខ្ចោះបំផុតណាមួយក្នុងការឆ្លើយតបគ្រប់សំនួរដែលអ្នកចោទសួរឡើងពីគោលដៅរបស់អ្នកនោះឡើយ។ ពេលវេលាមួយចំនួននឹងមិនបង្កលក្ខណៈងាយស្រួលឲ្យអ្នកនោះឡើយ។ អ្នកអាចនឹងប្រឈមបញ្ហាថ្មីៗ និងឧបសគ្គនានាដែលអ្នកត្រូវយកឈ្នះឲ្យបាន។ ការបរាជ័យគឺគ្រាន់តែជាព្រឹត្តិការណ៍ខ្លីមួយដើម្បីធ្វើពេញសមត្ថភាពរបស់អ្នកថា តើអ្នកពិតជាមានសមត្ថភាពអាចធ្វើឲ្យអ្វីៗផុសចេញជារូបរាងបានដូចអ្វីដែលអ្នកចង់បានដែរឬទេ?
ប្រភព៖ cnbc