អេ អឹម ខេ ផ្តល់ជូនឱកាសការងារចំនួនជាង ៥០០កន្លែង​



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ប្រកាសផ្តល់ជូនឱកាសការងារចំនួនប្រមាណជាង៥០០កន្លែង នៅក្នុងការតាំងពិព័រណ៍ការងារ និងផលិតភាពជាតិ ២០១៨ រៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៨ ខែតុលា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៦:០០ល្ងាច នៅមជ្ឈមណ្ឌលពិព័រណ៍ការងារ និងសន្និបាតកោះពេជ្រ។ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូវហិរញ្ញវត្ថុ ដែលផ្តោតទៅលើការជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើនក្នុងគោលបំណងជួយធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អេ អឹម ខេ មានការរីកចម្រើនទាំងតំបន់ប្រតិបត្តិការ ផលបត្រឥណទាន ចំនួនអតិថិជន ជាពិសេសចំនួនបុគ្គលិកមានការកើនឡើងគួរឱ្យកត់សម្គាល់ គឺពីចំនួនប្រមាណជា ២.៣០០នាក់ ក្នុងឆ្នាំ២០១៦ និងប្រមាណជា ២.៥០០នាក់ ក្នុងឆ្នាំ២០១៧។ គិតត្រឹមខែតុលា ២០១៨ នេះ អេ អឹម ខេ មានបុគ្គលិកកំពុងតែបម្រើការងារចំនួនជាង ២.៧០០នាក់។ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន អេ អឹម ខេ បាន និងកំពុងតែផ្តល់ឱកាសការងារជាច្រើនកន្លែងដល់បេក្ខជន ដែលមានបំណងចង់អភិវឌ្ឍ អាជីពការងារជាមួយ អេ អឹម ខេ។ លោកស្រី ពាំង ពិសាខ នាយិកាប្រតិបត្តិធនធានមនុស្សបានឲ្យដឹងថា ចំនួនបុគ្គលិក អេ អឹម ខេ បានកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ យើងដឹងហើយថា អេ អឹម ខេ គឺជាជម្រើសអាជីពការងារដ៏សាកសមបំផុតសម្រាប់បុគ្គលិកទូទៅ ដោយសារតែ អេ អឹម ខេ បានផ្តោតសំខាន់ទៅលើបីចំនុចរួមមាន៖ ១. ការអភិវឌ្ឍសមត្ថភាព ២. បរិយាកាសការងារល្អ ៣. អត្ថប្រយោជន៍បុគ្គលិក។ លោកស្រីបានបន្តទៀតថា “អ្វីដែលពិសេសនោះគឺ នៅពេលថ្មីៗនេះ អេ អឹម ខេ បានក្លាយជាសមាជិករបស់ធនាគារស៊ាងហៃពាណិជ្ជ និងសន្សំ ដែលជាធនាគារមួយ មានបទពិសោធន៍ជាង១០០ឆ្នាំលើវិស័យធនាគារ។ ដូចនេះធនាគារស៊ាងហៃមួយនេះនឹងធ្វើឱ្យ អេ អឹម ខេ ប្រែមុខមាត់ថ្មីដើម្បីក្លាយជាគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុមួយ ឈានមុខគេនៅកម្ពុជា”។ ទាក់ទងនឹងអត្ថប្រយោជន៍បុគ្គលិកវិញ លោកស្រីបានឱ្យដឹងដែរថា បុគ្គលិក អេ អឹម ខេ ទាំងអស់ទទួលបានអត្ថប្រយោជន៍ច្រើនដូចជា “ឧបត្ថម្ភក្នុងឱកាសចូលឆ្នាំខ្មែរ ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិកដែលបម្រើការងារយូរ ប្រាក់រង្វាន់លើកទឹកចិត្ត ការធានារ៉ាប់រងសុខភាព ១០០% សម្រាប់បុគ្គលិក និងអ្នកក្នុងបន្ទុក ការធានារ៉ាប់រងគ្រោះថ្នាក់២៤ម៉ោង ប្រាក់ឧបត្ថម្ភលើការសម្រាលបុត្រ ជាពិសេសបុគ្គលិកអាចព្យាបាលជំងឺនៅក្រៅប្រទេស ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត”។ លោកស្រីបានផ្តាំផ្ញើដល់ សិស្ស-និស្សិត ដែលកំពុង ឬ បញ្ចប់ការសិក្សា ឬ អ្នកដែលកំពុងតែស្វែងរកការងារធ្វើ ត្រូវចាប់យកឱកាសដ៏ល្អនេះ ដើម្បីទទួលយកការងារនៅ អេ អឹម ខេ។ លោកស្រីបន្តទៀតថា “ប្រសិនបើសាធារណជន ជាពិសេសអ្នកដែលកំពុងតែស្វែងរកការងារធ្វើទាំងអស់ មានចំណាប់អារម្មណ៍ចង់ចូលរួមជាមួយក្រុមគ្រួសារ អេ អឹម ខេ សូមអញ្ជើមកទស្សនាស្តង់ អេ អឹម ខេ គឺលេខ G39 & G40 ដើម្បីទទួលបានព័ត៌មានលម្អិតពីឱកាសការងារនៅគ្រឹះស្ថាន យើងខ្ញុំឱ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយដើម្បីធ្វើការសម្រេចចិត្ត។ អ្នកដែលមានចំណាប់អារម្មណ៍លើមុខតំណែងណាមួយដែលត្រូវជំនាញ និងបទពិសោធន៍ការងារអាចយក CV មកដាក់ដោយផ្ទាល់នៅស្តង់ អេ អឹម ខេ បាន។ ក្រុមការងារយើងខ្ញុំនឹងទាក់ទងទៅវិញប្រសិនបើ CV របស់អ្នកត្រូវនឹងមុខតំណែងណាមួយ។” គួរបញ្ជាក់ផងដែរថា នេះជាឆ្នាំទី៨ហើយ ដែល អេ អឹម ខេ បានចូលរួមក្នុងការតាំងពិព័រណ៍ការងារថ្នាក់ជាតិមួយនេះ។ អេ អឹម ខេ គឺជាគ្រឹះស្ថានដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៨ នេះ អេ អឹម ខេ មានអតិថិជនចំនួនជាង ៨៣ ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ២៤៤ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង ១៤៣ លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងមានភ្នាក់ងារជាង ៣.៥០០ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជនដូចជា៖ សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)៕
X
5s