ពិព័រណ៍អចលទ្រព្យកម្ពុជាលើកទី៣ទទួលបានភាពជោគជ័យលើសពី ការរំពឹងទុក
ពិព័រណ៍អចលនទ្រព្យរបស់ Realestate.com.kh ក្នុងឆ្នាំនេះគឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមួយនៅ ក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ការប្រមូលផ្តុំអ្នកជំនាញ អាជីវកម្ម និងអតិថិជនដ៏ច្រើនសម្បើម គឺជាព្រឹត្តិការណ៍កាន់តែធំ និងល្អជាងឆ្នាំមុន ហើយទឹកប្រាក់រាប់លានដុល្លារបានចំណាយ សម្រាប់ ការទិញលក់អចលនទ្រព្យនៅកម្ពុជា។ ធ្វើនៅសណ្ឋាគារណាហ្គាវើលនៅថ្ងៃទី ១៩ និងថ្ងៃទី ២០ ខែតុលាឆ្នាំនេះ ពិព័រណ៍មានអ្នកតំណាងមកពីក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក និងអន្តរជាតិ ភាគីធនាគារ ក្រុមហ៊ុនសំណង់ ទីប្រឹក្សាច្បាប់ ក្រុមហ៊ុនបច្ចេកវិទ្យា អ្នកសេដ្ឋកិច្ច និងក្រុមហ៊ុនជាច្រើនទៀត។
ការទិញអចលនទ្រព្យនៅក្នុងពិព័រណ៍ឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុនដែលសរុបជាទឹកប្រាក់ប្រមាន២៥លានដុល្លារ ព្រមទាំងមានការចូលរួមពីក្រុមហ៊ុនធំៗដែលបានដាក់តាំងបង្ហាញនូវគម្រោងអចនទ្រព្យជាច្រើនដូចជា គម្រោងរបស់ក្រុមហ៊ុន Prince Huan Yu, គម្រោង V-House, គម្រោង Parkway, គម្រោង One Park, ក្រុមហ៊ុន CPL Cambodia Property Limited, ធនាគារ PPCB Bank និងមានគម្រោងរបស់ក្រុមហ៊ុនជាច្រើនទៀតប្រមាណ៥០ក្រុមហ៊ុនទៀត។
ក្រៅពីវេទិការទិញលក់អចលនទ្រព្យ វគ្គសិក្ខាសាលាអប់រំក៏បានដំណើរការដោយ ឥតគិតថ្លៃ ក្នុងរយៈពេល២ ថ្ងៃនេះ ដែលមានជាភាសាខ្មែរ អង់គ្លេស និងចិន។ ហើយប្រធានបទសំខាន់ៗជាច្រើនរួមមាន៖ ដំបូន្មានពីការវិនិយោគអចលនទ្រព្យ ច្បាប់នៃកម្មសិទ្ធិ ពន្ធអចលនទ្រព្យ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការប្រៀបធៀបទីផ្សារ និងទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ការពិភាក្សា និងវគ្គសំណួរចម្លើយត្រូវបានសួរដេញ ដោលគ្នារវាងអ្នកចូលរួម និងវាគ្មិន។
ក្នុងនោះផងដែរក៏មានការចូលរួមពីសំណាក់បុគ្គលឆ្នើមនៅក្នុងវិស័យពាណិជ្ជកម្ម និងអចលនទ្រព្យ តួយ៉ាង លោកឧកញ៉ា លី ហួរ និង លោកឧកញ៉ា ចេង ខេង ក៏បានចូលរួមជាវាគ្មិនកិតិ្តយសបកស្រាយជាមួយនឹង ប្រធានបទល្អៗទាក់ទងនឹងវិស័យអចលនទ្រព្យនៅក្នុងប្រទេស កម្ពុជា។
ជាក់ស្តែង តាមប្រសាសន៍របស់លោក ឧកញ៉ា ចេង ខេង បានលើកឡើងថា ការទិញ លក់ អចលនទ្រព្យ ពិតជាមិនស្រួលដូចដែលយើងគិតទេ ផ្ទុយទៅវិញចំពោះអ្នកទិញគឺទាមទារច្រើនពីអត្ថប្រយោជន៍ និងតម្លៃសមរម្យ ក្នុងការទិញផ្ទះ បុរី និង Condo ជាដើម ដូច្នេះលោក បានអំពាវនាវដល់អ្នកចូលរួមដែលជាអ្នកលក់ទាំងអស់ថា ត្រូវគិតពីអត្ថប្រយោជន៍ដល់អ្នកទិញ និងផ្តល់សេវាកម្មមួយដ៏ល្អ ជាពិសេសតម្លៃសមរម្យតែម្តងជូនអតិថិជន។
រីឯ លោក Tom O'Sullivan នាយកប្រតិបត្តិនៃក្រុមហ៊ុន Realestate.com.kh ក៏បាននិយាយថា មនុស្សជាង ៤,០០០ នាក់បានចុះឈ្មោះចូលរួមពិព័រណ៍នៅក្នុងឆ្នាំនេះហើយ យើងរំពឹងថានឹងទាក់ទាញវិនិយោគិន និងអ្នកទិញអចលនទ្រព្យយ៉ាងហោចណាស់ជាង ៥,០០០ នាក់។លោក Tom O'Sullivan បានបន្តទៀតថាឱកាសនេះគឺបានជួយអ្នកគ្រប់គ្នាក្នុងវិស័យនេះឲ្យបានស្វែងយល់កាន់តែស៊ីជម្រៅពីកម្ពុជា។ជាមួយគ្នានេះផងដែរ ទឹកប្រាក់សរុបដែលបាន លក់នៅក្នុងកម្មវិធីពិព័រណ៍អចលនទ្រព្យបានកើនឡើងរហូតដល់១០លានដុល្លារ។