ហេតុ​អ្វី​មិន​មែន​សិស្ស​និទ្ទេស A ជោគជ័យ​បំផុតក្នុង​ពិភពជំនួញ​​?​



មាន​រឿងរ៉ាវ​ជា​ច្រើន​ដែល​​សិស្ស​វិទ្យាល័យ និង​មហាវិទ្យាល័យ​​ជួបប្រទះ​​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ ហើយ​នៅ​ពេល​នោះ​ហើយ​ដែល​​ពិន្ទុ​នៅ​សាលា​ (GPA) មិន​អាច​ជួយ​ពួកគេ​បាន​​​។ និស្សិត​ដែល​ចូល​រៀន​នៅ​​មហាវិទ្យាល័យ នឹង​មាន​សម្ពាធ​​ពី​សង្គម ជា​ពិសេស​មនុស្ស​ជុំវិញ​ខ្លួន​ប្រសិន​បើ​ពួកគេ​​ធ្វើ​មិន​បាន​ល្អ​រៀន​មិន​ពូកែ​នៅ​ក្នុង​ថ្នាក់។ ហេតុដូច្នេះ ​ក្នុង​នាម​ជា​សិស្ស​និស្សិត ពួកគេ​ត្រូវ​ប្រឹងប្រែង​ដើម្បី​ទទួល​បាន​ពិន្ទុ​ល្អ ហើយ​ព្យាយាម​ធ្វើ​បែប​នេះ​ពី​មួយ​​ជំនាន់​ទៅ​មួយ​ជំនាន់​។

សិស្ស​ដែល​មាន​ពិន្ទុ​ល្អ រៀន​ពូកែ នឹង​ទទួល​បាន​ការ​កោតសរសើរ ​​​ទាក់ទាញ​ចំណាប់អារម្មណ៍ ហើយ​ឪពុក​ម្តាយ​​លោកគ្រូ​អ្នកគ្រូ​​នឹង​សប្បាយ​ចិត្ត និង​មាន​មោទនភាព​បំផុត។ ក៏ប៉ុន្តែ នេះ​វា​គ្រាន់តែ​ជា​អារម្មណ៍​រំភើប​​រយៈពេល​ខ្លី​មួយ និង​​ជា​សេក្កីសុខ​ក្លែងក្លាយ​មួយ​នៅ​ក្នុង​ជីវិត​ក្រៅ​ថ្នាក់​តែប៉ុណ្ណោះ​។ ​ហេតុ​អ្វី? តើ​អ្នក​មាន​ដឹង​ទេ? ​បុគ្គល​ជោគជ័យ​បំផុត​នៅ​លើ​ពិភពលោក​បាន​​បង្កើត​អាជីព​​មុខ​ជំនួញ​របស់​ពួកគេ​​ដ៏​អស្ចារ្យ​នៅ​ក្នុង​វិស័យ​ឯកជន ​និង​​​វិស័យ​រដ្ឋ​​បន្ទាប់​ពី​មាន​ការ​ចាប់​អារម្មណ៍​តិចតួច​​ប៉ុណ្ណោះ​ពី​សិស្ស និង​លោក​គ្រូ អ្នក​គ្រូ​​នៅ​ពេល​កំពុង​​រៀន​នៅ​ក្នុង​ថ្នាក់។

មាន​អ្នក​ដឹកនាំ​​ល្បីល្បាញ​បំផុត​របស់​ពិភពលោក​ច្រើន​ណាស់​ដែល​​មិន​ចូលចិត្ត​​អង្គុយ​រៀន​នៅ​ក្នុង​ថ្នាក់។ បើ​ក្រឡេក​ទៅ​មើល​សង្គម​អាមេរិក​នៅ​ក្នុង​វិស័យ​រដ្ឋ គេ​សង្កេត​ឃើញ​មាន​សមាជិក​សភា John McCain អតីត​ប្រធានាធិបតី George W. Bush និង​រដ្ឋមន្ត្រី​ការបរទេស​ John Kerry ជា​ដើម​សុទ្ធតែ​ជា​អតីត​សិស្ស​​ធ្លាប់​មាន​ប្រវត្តិ​រៀន​អន់​នៅ​ក្នុង​សាលា។ បើ​ក្រឡេក​មក​មើល​វិស័យ​ឯកជន ក៏​មាន​​បុគ្គល​ល្បីៗ​មិន​ស្ទើ​ដែរ ដែល​បាន​បោះបង់​សាលា​ចោល​មក​ចាប់​ជំនួញ​របស់​ខ្លួន​ដូច​ជា Bill Gates មហាសេដ្ឋី​ក្រុមហ៊ុន Facebook លោក Mark Zuckerberg ជា​ដើម។ គេ​ក៏​មិន​​ភ្លេច​ដែរ​នូវ​កេរ្តិ៍ឈ្មោះ​បុគ្គល​ដ៏​អស្ចារ្យ​​ម្នាក់​ជា​ស្ថាបនិក​ក្រុមហ៊ុន Apple គឺ​លោក Steve Jobs ដែល​កាល​នៅ​រស់​​លោក​ធ្លាប់​បាន​ឈប់​រៀន​មុន​ពេល​បញ្ចប់​ការ​សិក្សា។

លោក Thomas Jefferson បាន​ឈប់​រៀន​បន្ទាប់​ពី​​បាន​ចូលរៀន​ត្រឹមតែ​ពីរ​បី​ខែ​ប៉ុណ្ណោះ​។ លោក John D. Rockefeller បាន​បោះ​បង់​ការ​សិក្សា​​ដែល​នៅ​សល់​តែ​ ២ ខែ​ប៉ុណ្ណោះ​គាត់​ត្រូវ​​បញ្ចប់​ ហើយ​បាន​​សម្រេចចិត្ត​ចេញ​ទៅ​​បង្កើត​ក្រុមហ៊ុន​តូច​មួយ​ឈ្មោះ​ Standard Oil ។ លោក​ Walt Disney លោក Richard Branson ​លោក Elton John លោក​ James Cameron​សុទ្ធតែ​បាន​បោះបង់​ការសិក្សា​ដើម្បី​​ងាក​មក​បំពេញ​​មុខ​ជំនួញ​ដែល​ជា​ចំណូលចិត្ត​របស់​ខ្លួន​។ ឥឡូវ​នេះ​​​គេ​អាច​​ដឹង​ថា​ មនុស្ស​ម្នាក់ៗ​មាន​ភាព​ឆ្លាតវៃ​ខុសៗគ្នា​​ ហើយ​​ពិន្ទុ (GPA) នៅ​ក្នុង​សាលា​ពិត​ជា​​គ្មាន​អ្វី​អស្ចារ្យ​សម្រាប់​បុគ្គល​ទាំង​នេះ​ឡើយ​។ ពិន្ទុ​ល្អ​ មិន​អាច​​វាស់​ស្ទង់​ពី​​មនោសញ្ចេតនា​របស់​មនុស្ស​ម្នាក់​បាន​ទេ។

វា​ក៏​មិន​អាច​​វាស់​ស្ទង់​​ថា បុគ្គល​នោះ​ជា​អ្នក​ដឹកនាំ​ដែរ​ ហើយ​ក៏​មិន​​អាច​​វាស់​ស្ទង់​ថា បុគ្គល​នោះ​ ជា​មនុស្ស​ពូកែ​គិត និង​ជោគជ័យ​នៅ​ក្នុង​ជីវិត​ជាក់ស្តែង​នោះ​ដែរ។ កម្រិត​ពិន្ទុ GPAនេះ​ក៏​មិន​អាច​ជួយ​អ្វី​បាន​​ដើម្បី​កំណត់​ថា បុគ្គល​នោះ​ជា​មនុស្ស​មាន​សមត្ថភាព អាច​ព្យាករណ៍​បាន​ពី​​តម្រូវការ​ និង​ការ​ប្រើប្រាស់​នៅ​ក្នុង​សង្គម​នោះ​ឡើយ។ ​ទន្ទឹម​នឹង​នេះ វា​ក៏​មិន​អាច​​បញ្ជាក់​ពី​សមត្ថភាព​របស់​បុគ្គល​​នោះ​​ជា​មនុស្ស​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នកដទៃ និង​​​ពូកែ​ដោះស្រាយ​បញ្ហា​នោះ​ដែរ។ ក៏ប៉ុន្តែ​អ្វី​ដែល​ពិន្ទុ​ GPA ​អាច​ជួយ​បាន​ គឺ​វា​បាន​បង្ហាញ​ថា សិស្ស​ ឬ បុគ្គល​នោះ​អាច​ឆ្លើយ​សំនួរ​បាន​ត្រឹមត្រូវ​ក្នុង​កម្រិត​ណា។ នេះ​ហើយ​​ជា​មូលហេតុ​ដែល​​​​នៅ​លើ​ភព​​ផែនដី​យើង​នេះ ភាគច្រើន​មិន​​មែន​សុទ្ធតែ​ត្រូវ​បាន​ដឹកនាំ​​ដោយ​បុគ្គល​ជា​បព្វជិត ឬ សិស្ស​និទ្ទេស​ A ពូកែ​ផុត​លេខ​នោះ​ទេ​។

មាន​​​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន (CEO) ​ច្រើន​ណាស់​ដែល​​រៀន​បាន​ពិន្ទុ​ល្អ​ (GPA)ច្រើន​ជាង ៤,០ ចុច។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា នៅ​ក្នុង​ពិភព​​ជំនួញ និង​ជីវិត​ជាក់ស្តែង ការ​មាន​គោលដៅ​ច្បាស់លាស់​មួយ ហើយ​សម្រេច​បាន​គោលដៅ​នោះ ទើប​ជា​រឿង​សំខាន់​បំផុត​សម្រាប់​​បុគ្គល​គ្រប់រូប​។ ប្រសិន​បើ​សិស្ស​ម្នាក់​គ្មាន​​មហិច្ឆតា​​​ចាប់​អារម្មណ៍​រៀន​សូត្រ​​ឲ្យ​បាន​ពូកែ​នៅ​ក្នុង​ថ្នាក់​ទេ​នោះ លទ្ធផល​របស់​សិស្ស​នោះ​នឹង​ចាញ់​សិស្ស​ដទៃ​ទៀត​ជា​មិន​ខាន​។ ក៏ប៉ុន្តែ​នេះ​មិនមែន​មានន័យ​ថា សិស្ស​ម្នាក់​នេះ​ជា​មនុស្ស​គ្មាន​មហិច្ឆតា ឬ មិន​ឆ្លាតវៃ​នោះ​ទេ ពី​ព្រោះ​​ថា​ ​មនុស្ស​ម្នាក់ៗ​​​បាន​សម្រេចចិត្ត​ធ្វើ​ដំណើរ​ទៅ​តាម​ដង​វិថី​​ជីវិត និង​​ធ្វើ​អ្វីៗ​ផ្សេងៗ​គ្នា។

អ្វី​ដែល​ត្រូវ​យក​មក​​វាស់​ស្ទង់​នៅ​ក្នុង​ជីវិត គឺ​​មនុស្ស​ម្នាក់ៗ​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​​រួមរស់​នៅ​ក្នុង​សង្គម​មួយ​ប្រកប​​ដោយ​ភាព​​ជោគជ័យ​ និង​សេចក្តី​ថ្លៃថ្នូរ​​បាន​ដោយ​របៀបណា។ នោះ​ហើយ​ជា​អ្វី​ដែល​ក្រដាស​​ពិន្ទុ​មួយ​សន្លឹក​ពី​សាលា​រៀន មិន​មាន​ឥទ្ធិពល​អ្វី​​ដល់​ជីវិត​របស់​អ្នក។ អ្នក​និពន្ធ​ដ៏​ល្បី គឺ​លោក Robert Kiyosaki ក៏​ធ្លាប់​បាន​និពន្ធ​សៀវភៅ​មួយ​ក្បាល​ ថា​ហេតុ​អ្វី​បាន​ជា​និស្សិតនិទ្ទេស​ A ធ្វើ​ការ​ឱ្យ​និទ្ទេស C ផងដែរ។ ទោះ​ជា​យ៉ាង​ណា​ មិន​មែន​អ្នក​ដែល​​ទទួល​បាន​លទ្ធផលនិទ្ទេស A សុទ្ធ​តែ​មិន​អាច​ធ្វើ​ជំនួញ​ជោគជ័យ​នោះ​ដែរ។ ដរាបណា យើង​ប្រើ​ប្រាស់​ជំនាញ  និង​ពុទ្ធិ​ដែល​ទទួល​បាន​ពី ការ​សិក្សា បូក​និង​បទ​ពិសោធន៍​ការងារ​ ហើយ​ចាប់​ផ្ដើម​អ្វី​មួយ​ដែល​ជា​ឱកាស នោះ​ភាពជោគជ័យ​ក៏​នឹង​កើត​មាន​ដូចគ្នា។

និយាយតាមបែប​ខ្លី ៖«យើង​ទទួល​បាន​លទ្ធផល​សិក្សា​អ្វី​ក៏​ដោយ ក៏​មានឱកាស​ជោគជ័យ​ដូច​គ្នាដរាបណា​យើង​ចាប់ផ្ដើម​ធ្វើ​អ្វី​ម្យ៉ាង»

ប្រភព៖ inc​​ ​​​

X
5s