តើ​​​ត្រូវ​មាន​លុយ​ប៉ុន្មាន​ ទើប​ធ្វើ​ឲ្យមនុស្ស​សប្បាយ​ចិត្ត?​



តើ​​​​ត្រូវ​មាន​លុយ​ប៉ុន្មាន​ទើប​ធ្វើ​ឲ្យ​មនុស្សសប្បាយ​ចិត្ត? សំនួរ​នេះ​ ស្តាប់​មួយ​ភ្លែត​ដូច​ជា​​គួរឲ្យ​អស់សំណើច ខណៈ​ដែល​​​ជា​ទូទៅ​​គេ​​អាច​យល់​​បាន​​ថា នៅ​លើ​លោក​យើង​នេះ​អ្នកណា​ក៏​ចង់​មាន​លុយ ហើយ​បើ​មាន​កាន់តែ​ច្រើន​គឺ​កាន់តែ​ល្អ។ ក៏ប៉ុន្តែ​អ្វី​ដែល​សំនួរ​នេះ​ត្រូវ​បាន​លើក​យក​ពិភាក្សា​ គឺ​​គេ​ចង់​រក​ឲ្យ​​ឃើញ​ថា ​តើ​លុយ​វា​មាន​ទំនាក់ទំនង​យ៉ាង​ដូចម្តេច​ទៅ​នឹង​​ភាព​សប្បាយរីករាយ​សុភមង្គល​​នៃ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ?

ចម្ងល់​​នេះ​ត្រូវ​បាន​បកស្រាយ​ដោយ​លោក​ស្រី​សាស្ត្រាចារ្យ​ Elizabeth Dunn មក​ពី​សាកលវិទ្យាល័យ British Columbia ​​នៃ​ប្រទេស​កាណាដា។ លោក​ស្រី​បាន​ស្រាវជ្រាវ​រក​ឃើញ​ថា បើ​គេ​និយាយ​ពី​ជីវិត​ដ៏​រីករាយ​មួយ​របស់​មនុស្ស​ម្នាក់ គេ​គួរ​តែ​ផ្ដោត​ទៅ​លើ​អ្វី​​មួយ​ដែល​បុគ្គល​​នោះ​សប្បាយ​ចិត្ត​​ទៅ​អ្វី​ដែល​ខ្លួន​​កំពុង​​មាន ឬ អ្វី​ដែល​ខ្លួន​​​កំពុង​ធ្វើ ជាជាង​សួរ​ខ្លួន​ឯង​ថា ​​​រក​លុយ​ច្រើន​បាន​ប៉ុន្មាន​ហើយ។

លោក​ស្រី​សាស្ត្រាចារ្យ​ Dunn បាន​​រក​ឃើញ​ថា មនុស្ស​​ចំណូល​​កណ្តាល​ដែល​មាន​ស្តង់ដារ​រស់នៅ​ខ្ពស់ សប្បាយចិត្ត​ជាង​អ្នក​ក្រ។ ប៉ុន្តែ​នៅ​សង្គម​អាមេរិក​អ្នក​ដែល​រក​លុយ​បាន​ច្រើន​ជាង ៧៥ ០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ មិន​បាន​ធ្វើ​ឲ្យ​​ភាព​សប្បាយ​រីករាយ​របស់​ពួកគេ​កើន​ឡើង​នោះ ឡើយ។ អ្នក​ទាំង​នោះ​និយាយ​ថា ចំណូល​គ្រួសារ​​​កើន​ឡើង​គឺ​វា​​​​ជាប់​ទាក់ទង​ទៅ​នឹង​​ទម្លាប់​ល្អៗ​​រាល់​ថ្ងៃ​ជា​មូលដ្ឋាន​របស់​ពួកគេ​ម្នាក់ៗ​ ប៉ុន្តែ​បើ​និយាយ​ពី​​ឥទ្ធិពល​វិជ្ជមាន​របស់​​លុយ​​​ទៅ​លើ​គ្រួសារ​វិញ បាន​ធ្លាក់​ចុះ​នៅ​ពេល​ដែល​ប្រាក់​ចំណូល​កើន​លើស​​ពី ៧៥ ០០០ ដុល្លារ។ លោក​ស្រី​សាស្ត្រាចារ្យ​ Dunn​បាន​បន្ថែម​ថា ជា​ការ​ពិត​​មាន​លុយ​កាន់តែ​ច្រើន អាច​​កាន់តែ​ធ្វើ​ឲ្យ​មាន​សុភមង្គល ប៉ុន្តែ​រឿង​នេះ​វា​កើត​មាន​ទៅ​បាន ​ដរាបណា​អ្នក​ហ៊ាន​​ចំណាយ​លុយ​​​ដើម្បី​អ្នក​ដទៃ ច្រើន​ជាង​ខ្លួន​ឯង។

ឧទាហរណ៍​ថា អ្នក​មាន​ទូរទស្សន៍​មួយ​គ្រឿង ហើយ​ចង់​ទិញ​ទូរទស្សន៍​២​គ្រឿង​ទៀត​​ទុក​មើល​តែ​ម្នាក់​ឯង​​ដើម្បី​ឲ្យ​សប្បាយ​ចិត្ត​ទ្វេឡើង​។ ជា​លទ្ធផល​នេះ​ វា​មិន​ជួយ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​​នោះ​ឡើយ ប៉ុន្តែ​អ្នក​នឹង​សប្បាយ​ចិត្ត​ប្រសិន​បើ​អ្នក​ទិញ​វា​ឲ្យ​អ្នកដទៃ​​ដែល​គ្មាន​អ្វី​មើល​សោះ​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា អ្នក​ដែល​​ចំណាយ​លុយ​​ដើម្បី​​​ខ្លួន​ឯង​កាន់តែ​តិច​​​ និង​​​​​ហ៊ាន​ចំណាយ​​​ឲ្យ​អ្នក​ដទៃ​កាន់តែ​ច្រើន​ឡើង​ បុគ្គល​នោះ​នឹង​អាច​រក​ឃើញ​សុភមង្គល​កាន់តែ​ច្រើន​ឡើង​ដែរ​។ ការ​​ចំណាយ​ដើម្បី​ទិញ​អ្វី​មួយ​ផ្គាប់​តែ​ចិត្ត​​ខ្លួន​ឯង​ ​វា​គឺ​ផ្សារភ្ជាប់​ទៅ​នឹង​ទង្វើ​មួយ​ដែល​គេ​ហៅ​ថា ជា​ភាព​ឡូយឆាយ​​​ ខណៈ​ដែល​ការ​ចំណាយ​លះបង់​ឲ្យ​អ្នកដទៃ ​ត្រូវ​បាន​​គេ​ផ្សារភ្ជាប់​ទៅ​នឹង​​សកម្មភាព​មួយ​​​ជា​​ទង្វើ​សប្បុរសធម៌​ដែល​​ទទួល​ស្គាល់​ថា ជា​​​បុគ្គល​មាន​គុណធម៌​ចំពោះ​អ្នកដទៃ។

ទាំង​ការ​ស្រាវជ្រាវ និង​ទិដ្ឋភាព​ជាក់ស្តែង​គឺ​គេ​អាច​ស្វែង​យល់​បាន​ថា មនុស្ស​ដែល​មាន​ចិត្ត​សប្បុរស ឬ​សន្ដានចិត្ត​ល្អ​ ជា​​​មួយ​អ្នក​ដទៃ ទទួល​បាន​អារម្មណ៍​ក្តី​សុខ​នៅ​ក្នុង​ជីវិត​។ ការ​ពិសោធន៍​របស់​លោក​ស្រី​សាស្ត្រាចារ្យ​ Dunn ​នៅ​​ក្នុង​ប្រទេស​អាមេរិក កាណាដា រហូត​ដល់​ឥណ្ឌា បាន​​​រក​ឃើញ​​ថា អ្នក​ដែល​​​ឲ្យ​លុយ​អ្នក​សុំ​ទាន ទិញ​របស់​​ឲ្យ​អ្នក​ខ្សត់ខ្សោយ​នៅ​តាម​ដង​ផ្លូវ​ ​ពួកគេ​សប្បាយ​ចិត្ត​ជាង​អ្នក​ដែល​ចូលចិត្ត​ចាយ​លុយ​ដើម្បី​តែ​ក្រពះ​ខ្លួន​ឯង។ នៅ​ទីបំផុត​លទ្ធផល​ស្រាវជ្រាវ​នេះ​បាន​បញ្ជាក់​ថា មិន​ចំពោះ​ថា​អ្នក​មាន​លុយ​ច្រើន​ប៉ុណ្ណា​នោះ​ទេ បើ​អ្នក​​គ្មាន​ចិត្ត​ទូលាយ បើក​បេះដូង​​​ចែក​រំលែក​ឲ្យ​អ្នកដទៃ​ឲ្យ​បាន​កាន់តែ​ច្រើន​ទេ​នោះ ជីវិត​របស់​អ្នក​ក៏​មិន​សូវ​​ជួប​ភាព​​សប្បាយ​រីករាយ និង​មាន​សុភមង្គល​នោះ​ដែរ៕

ប្រភព៖ psychologytoday ​​ ​​

X
5s