បញ្ហា​ប្រឈម​មុខ​ធំៗ​​ ដ៏​គួរឲ្យ​ភ័យខ្លាច ១០​យ៉ាង ពិភពលោក​នឹង​ជួប​នៅ​ក្នុង​ឆ្នាំ២០៥០ ខាងមុខ​​



ថ្វីត្បិត​គេ​​រំពឹង​ទុក​ថា ពិភពលោក​នឹង​​មាន​ការ​អភិវឌ្ឍ​ជាង​នេះ​ នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ​ក៏ដោយ ក៏​ការ​ស្រាវជ្រាវ​នានា​បាន​ធ្វើ​ការ​វាយតម្លៃ​ផង​ដែរ​ថា បញ្ហា​ប្រឈម​​នានា​ក៏​នឹង​កើត​​មាន​ទន្ទឹម​នឹង​គ្នា​នេះ។ ​តើ​បញ្ហា​ទាំ​ង​នោះ​​មាន​អ្វី​ខ្លះ? សូម​តាមដាន​ដូចតទៅ៖ ​​​​

១.ប្រជាជន​​​​រស់​នៅ​ទីក្រុង​នឹង​​កើន​ឡើង ៣​ដង នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ​ ប្រជាជន​សាកលលោក​ដែល​រស់​នៅ​ជនបទ ត្រូវ​បាន​គេ​វាយតម្លៃ​ថា នឹង​មាន​​​ត្រឹមតែ ៧៥០ លាន​នាក់​ប៉ុណ្ណោះ ខណៈ​ដែល​ពេល​បច្ចុប្បន្ន​ចំនួន​នេះ​មាន​រហូត​ដល់​ទៅ​ជាង ៤​ពាន់​លាន​នាក់​។ នោះ​មានន័យ​ថា ប្រជាជន​ ៦,៣ លាន​​នាក់​ផ្សេង​ទៀត ​នឹង​ប្រមូល​ផ្តុំ​គ្នា​រស់​នៅ​តាម​ទីក្រុង​នានា។ កំណើន​ប្រជាជន​ច្រើន​លើស​លប់​រស់​នៅ​ទីក្រុង​នឹង​នាំ​មក​នូវ​ជំងឺ​​កាច​សាហាវ ​វីរុស​​ថ្មីៗ ​តម្រូវ​ការ​ថាមពល​ខ្ពស់ ប្រឈម​បញ្ហា​ទឹក​ប្រើប្រាស់ និង​​ការ​បំពុល​បរិស្ថាន​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។ ​

២.ជាតិ​ពុល​ក្នុង​បរិយាកាស​កើន​ឡើង​កាន់តែ​ខ្លាំង​ បង្ក​ឲ្យ​មាន​ជំងឺ​សួត និង​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ គេ​វាយតម្លៃ​ថា មនុស្ស ៦ លាន​នាក់​ជា​រៀងរាល់​ឆ្នាំ នឹង​ស្លាប់​ដោយសារតែ​ជំងឺ​បង្ក​ឡើង​ពី​ការ​បំពុល​បរិយាកាស ដែល​កើត​​ចេញ​ពី​​ផ្សែង​ពុល​ពី​រោងចក្រ​ឧស្សាហកម្ម​ ​រថយន្ត ​និង​ពី​លំនៅឋាន​ប្រជាជន។ នេះ​​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម ប្រជាជន​​​ប្រឈមមុខ​ជំងឺ​សួត និង​ផ្លូវ​ដង្ហើម​កាន់តែ​ធ្ងន់ធ្ងរ ខណៈ​ដែល​​កំដៅ​ផែនដី​នឹង​​កើន​ឡើង​ជា​បន្តបន្ទាប់។

៣.ជាង​ពាក់​កណ្តាល​ប្រជាជន​សាកលលោក​នឹង​គ្មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ​នៅ​ពេល​បច្ចុប្បន្ន ប្រជាជន​សាកលលោក​ ១,១ ​ពាន់​លាន​​នាក់​​មិន​ទាន់​មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​ឡើយ ខណៈ​ដែល​ប្រជាជន ២,៥ ពាន់​លាន​នាក់​​ផ្សេង​ទៀត​​កំពុង​រស់នៅ​ក្នុង​​តំបន់​គ្មាន​ទឹក។ នៅ​ឆ្នាំ ២០៥០ ខាងមុខ​ ចំនួន​អ្នក​គ្មាន​ទឹក​ប្រើប្រាស់​គ្រប់គ្រាន់​​នឹង​កើន​ឡើង ២ ពាន់​លាន​នាក់​ ខណៈ​ដែល​​​មនុស្ស ៥ ពាន់​​លាន​​នាក់​​ផ្សេង​ទៀត ​នឹង​​រស់​នៅ​តំបន់​​​​​តំបន់​គ្មាន​ទឹក​ប្រើប្រាស់​។ ​

៤.ប្រភេទ​ត្រី​ដែល​មនុស្ស​លោក​បរិភោគ​សព្វ​ថ្ងៃ​នឹង​វិនាស​​​ផុត​ពូជ​ អង្គការ​សហប្រជាជាតិ​បាន​រក​ឃើញ​ថា ​​​ត្រី ៨៧% ​ដែល​យក​មក​ទទួល​ទាន​នៅ​ជុំវិញ​ពិភពលោក​សព្វថ្ងៃ​ត្រូវ​​បាន​ធ្វើ​អាជីវកម្ម​នេសាទ​យ៉ាង​ធ្ងន់ធ្ងរ។ ប្រសិន​បើ​បញ្ហា​នេះ​នៅ​តែ​បន្ត​កើត​មាន​ត​ទៅ​ទៀត ត្រី​ដែល​លោក​អ្នក​ធ្លាប់​​​​ឃើញ​នៅ​ក្នុង​ចាន​ម្ហូប​របស់​អ្នក​រៀងរាល់​ថ្ងៃ​នោះ នឹង​​ផុត​ពូជ​នៅ​ក្នុង​រយៈពេល​ជាង ៣០ ឆ្នាំ​ក្រោយ។

៥.មនុស្ស​រាប់​លាន​នាក់​នឹង​​ប្រឈមមុខ​ការ​អត់​អាហារ រៀងរាល់​ទសវត្ស​ ការ​កើន​ឡើង​កម្តៅ​ផែនដី​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​ស្បៀងអាហារ​​ដែល​កាត់​បន្ថយ​ផលិតផល​ស្បៀង​ប្រមាណ ២% ​នៅ​ជុំវិញ​ពិភពលោក។ នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ​ ​ការ​កើន​ឡើង​កម្តៅ​ផែនដី​នឹង​​កាត់​បន្ថយ​​ផលិត​ផល​ស្បៀង​កើន​ឡើង ១០% ​ខណៈ​ដែល​ចំនួន​ប្រជាជន​នឹង​កើន​ឡើង​បន្ថែម​ទៀត​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​ប្រជាជន​​រាប់​លាន​អ្នក​នឹង​ប្រឈមមុខ​​ខ្វះ​ស្បៀង។ ​

៦.ព្រៃឈើ​នឹង​ប្រឈម​ការ​​វិនាស​បាត់បង់​​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ ​យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន International Journal of Climatology ​​បាន​វាយតម្លៃ​ថា ​ព្រៃឈើ​ជិត​ពាក់​កណ្តាល​នៃ​ព្រៃ​ឈើ​សរុប​ដែល​មាន​​សព្វ​ថ្ងៃ​នឹង​បាត់​បង់​ពី​ផែនដី​យើង​​នេះ។ ​នេះ​ដោយសារតែ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ ការ​ធ្វើ​អាជីវកម្ម​ឈើ​ខុសច្បាប់​ និង​ការ​ទន្ទ្រាន​ដី​ធ្វើ​កសិកម្ម ដែល​ឈាន​ទៅ​រក​ការ​វិនាស​ហាន់​ហោច​នៃ​សត្វ​ព្រៃ​ផង​ដែរ។

៧.មនុស្ស ១០​លាន​នាក់​នឹង​ស្លាប់​ជា​រៀងរាល់​ឆ្នាំ​​ដោយសារ​តែ​បាក់តេរី​ថ្មីៗ បច្ចុប្បន្ន​មនុស្ស​ ៧ សែន​​នាក់​បាន​ស្លាប់​ជា​រៀងរាល់​ឆ្នាំ​ដោយសារតែ​មេរោគ​បាក់តេរី​នៅ​លើ​ចំណី​​អាហារ និង​ផលិតផល​​​កសិកម្ម​ដូច​ជា សត្វ បន្លែ​ផ្លែឈើ​ជា​ដើម។ នេះ​​ដោយសារតែ​​ពួកគេ​បាន​​ប្រើប្រាស់​សារធាតុ​គីមី​ដើម្បី​បង្កើន​ផលិតកម្ម ហើយ​នៅ​ក្នុង​​ឆ្នាំ ២០៥០ មនុស្ស ១០ លាន​នាក់​​នឹង​បាត់បង់​ជីវិត​ជា​រៀងរាល់​ឆ្នាំ។ ​​​​

៨.ព្យុះសង្ឃរា​ Hurricane នឹង​កើត​ឡើង​ជា​ញឹកញាប់ និង​បង្ក​គ្រោះមហន្តរាយ​កាន់តែ​ធ្ងន់ធ្ងរ​​ជាង​មុន ​ ព្យុះសង្ឃរា Hurricane ដែល​ភាគច្រើន​គេ​ឃើញ​កើត​មាន​ឡើង​នៅ​លើ​ទឹកដី​អាមេរិក​ ត្រូវ​គេ​រំពឹង​ថា វា​នឹង​កើត​ឡើង​​កាន់តែ​ច្រើន​ទៅៗ និង​កាន់តែ​សាហាវ​ជាង​មុន។ គេ​រំពឹង​ថា ​នៅ​ក្នុង​ឆ្នាំ ២០៥០​ខាងមុខ ក្មេងៗ​ជំនាន់​ក្រោយ​នឹង​​ភ្លក់​រសជាតិ​ព្យុះ​សង្ឃរា​​​នេះ យ៉ាង​ហោច​ណាស់​ក៏ ២០ ដង​​ដែរ​ក្នុង​មួយ​ជីវិត​របស់​ពួកគេ ខណៈ​ដែល​ព្យុះនេះ​នឹង​​មាន​កម្លាំងកាន់តែ​ខ្លាំង​លើស​ព្យុះ Hurricane បច្ចុប្បន្ន ដល់​ទៅ ៣០០% ក្នុង​ឆ្នាំ ២០៥០  និង ២១០០% នៅ​ក្នុង​ឆ្នាំ ២១០០។ ​​

៩.ទីក្រុង​ធំៗ​មួយ​ចំនួន​នឹង​ត្រូវ​លិចទឹក ផែនដី​ឡើង​កម្តៅ គឺ​​បាន​ផ្តល់​ផលប្រយោជន៍​ដ៏​អស្ចារ្យ​ធ្វើ​ឲ្យ​តំបន់​ប៉ូល​ទាំងពីរ​ដែល​គ្រប់​ដណ្តប់​ដោយ​ទឹកកក នឹង​​ត្រូវ​រលាយ​បន្តិច​ម្តងៗ។ នេះ​នឹង​ធ្វើ​ឲ្យ​នីវ៉ូ​ទឹកសមុទ្រ​កើន​ឡើង ហើយ​ទីបំផុត​​វា​នឹង​លេប​ត្របាក់​ទីក្រុង​​ធំៗ​​មួយ​ចំនួន​ដែល​នៅ​ជាប់​មាត់សមុទ្រ​​​ដូច​ជា ទីក្រុង​ញីវយ៉ក Calcutta និង​ទីក្រុង​ផ្សេងៗ​ទៀត​នៅ​អឺរ៉ុប​​​ឲ្យ​​​​គ្រប​ដណ្តប់​ទៅ​ដោយ​ផ្ទៃ​ទឹក។

១០.ពិភពលោក​រស់​នៅ​ក្នុង​​ភាព​ខ្មៅ​ងងឹត​​​ជា​មួយ​ជំងឺ​ថ្មីៗ​គ្មាន​ថ្នាំ​ព្យាបាល ​​ជំងឺ​​ប្លែកៗ​​គ្មាន​ថ្នាំ​ព្យាបាល​ជា​ច្រើន​ទៀត​​ដូច​ជា​ជំងឺ Ebola ឬ ផ្ដាសាយ​បក្សី​​ដែល​យើង​ធ្លាប់​ជួប​កន្លង​មក​មាន​លក្ខណៈ​កាច​សាហាវ​បង្ក​ឡើង​​ពី​បរិយាកាស​ផែនដី​ឡើង​កម្តៅ ការ​បំពុល​​បរិស្ថាន ​ព្រម​ទាំង​វត្តមាន​ប្រភេទ​គីមី​សព្វបែបយ៉ាង​នៅ​ក្នុង​ចំណីអាហារ​ ​នឹង​​ធ្វើ​ឲ្យ​ពិភពលោក​​ជួប​រឿង​ឈឺក្បាល​នៅ​ក្នុង​ឆ្នាំ ២០៥០ ខាងមុខ​។ គេ​រំពឹង​ថា ក្នុង​ករណី​មាន​ជំងឺ​ថ្មី​ដ៏​កាច​សាហាវ​កើត​មាន​ឡើង​ដោយ​មិន​បាន​ថ្នាំ​បង្ការ​ជា​មុន​នោះ ជីវិត​មនុស្ស​រាប់​លាន​អ្នក​នឹង​អាច​ស្លាប់​បាត់បង់​ក្នុង​មួយ​ប៉ប្រិចភ្នែក៕

ប្រភព៖ businessinsider

X
5s