អ្វីទៅជា មូលបត្របំណុល (Bond)?
សព្វថ្ងៃទីផ្សារភាគហ៊ុននៅកម្ពុជា ហាក់ចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនកម្ពុជា កាន់តែច្រើនខុសពីប៉ុន្មានឆ្នាំ។ ជាមួយគ្នានេះដែរ ការវិនិយោគទៅលើមូលបត្របំណុលឬ សញ្ញបណ្ណ ក៏ជាផ្នែកមួយដែលអាចគៀរគរប្រមូលនូវដើមទុនដើម្បីពង្រីកអាជីវកម្មផងដែរ។
ចុះតើអ្នកដឹងថា អ្វីទៅជាមូលបត្របំណុល ឬ សញ្ញាបណ្ណទេ? តើមូលបត្របំណុលជាអ្វី? តោះមកស្វែងយល់ពីការវិនិយោគ មូលបត្របំណុលជាមួយ Bizkhmer ទាំងអស់គ្នា! បើយោងតាមការចុះផ្សាយនៅលើគេហទំព័រ ផ្សារមូលបត្រកម្ពុជា បានរៀបរាប់ថា មូលបត្របំណុល ឬ សញ្ញបណ្ណ គឺជាកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល និងវិនិយោគិន។
បុគ្គលដែលបោះផ្សាយសញ្ញាបណ្ណត្រូវបង់ជាការប្រាក់ ឱ្យទៅវិនិយោគិនតាមវេលាជាក់លាក់និងទៀងទាត់ ព្រមទាំងត្រូវសងថ្លៃដើមដែលបានខ្ចីពីវិនិយោគិនតាមកាលកំណត់ដែលត្រូវសង។សញ្ញាបណ្ណរួមមាន សញ្ញាបណ្ណសាជីវកម្ម និង សញ្ញាបណ្ណសហគ្រាសរដ្ឋ ឬ រាជរដ្ឋាភិបាល។ ប៉ុន្ដែផ្សារមូលបត្រកម្ពុជា ទើបតែដាក់ឱ្យប្រើប្រាស់សញ្ញាបណ្ណសារជីវកម្មតែប៉ុណ្ណោះ។ សញ្ញាបណ្ណ តំណាងឱ្យភាពជាម្ចាស់បំណុល។
សញ្ញាបណ្ណ ធ្វើការទូទាត់តែការប្រាក់ដែលបានកំណត់ជាមុនប៉ុណ្ណោះ ហើយថ្លៃរបស់វា ប្រែប្រួលនៅក្នុងដែនដែលកំណត់ដោយអត្រាការប្រាក់ ពោលគឺមិនមែនកំណត់ដោយប្រាក់ចំណេញរបស់ក្រុមហ៊ុននោះឡើយ។ រីឯភាគហ៊ុន តំណាងឱ្យភាពជាម្ចាស់កម្មសិទ្ធិនៃក្រុមហ៊ុនមួយៗ។ ថ្លៃភាគហ៊ុន អាចកើនឡើងយ៉ាងឆាប់រហ័ស ប្រសិនបើក្រុមហ៊ុននោះ មានការរីកចម្រើន និងមានប្រាក់ចំណេញច្រើន។ តាមការប្រកាសស្តីពីការបោះផ្សាយលក់មូលបត្ របំណុលជាសាធារណៈចេញដោយសញ្ញាបណ្ណសាជីវកម្មអាចចែកចេញជា៖
១. សញ្ញាបណ្ណធម្មតា ( Plain Vanilla Bond) សំដៅដល់សញ្ញាបណ្ណដែលមានអត្រាគូប៉ុងថេរ មានកំណត់ឥណប្រតិទានជាមុននៅ កាលបរិច្ឆេទបោះផ្សាយ មិនមានការលើកកម្ពស់ (Enhancement) និង/ឬលក្ខណៈបន្ថែមដូចជាសិទ្ធិទិញត្រលប់ (Call Option) ឬ សិទិ្ធលក់ (Put Option) និងមិនមានការធានា។
២. សញ្ញាបណ្ណមានបុគ្គលធានា (Guaranteed Bond) សំដៅដល់សញ្ញាបណ្ណដែលផ្ដល់ការធានាថាការប្រាក់ និងប្រាក់ដើមនឹងត្រូវបានទូទាត់សងដោយភាគីទីបី ដែលជានីតិបុគ្គល ករណីដែលបុគ្គលបោះផ្សាយមិនមានលទ្ធភាពសងបំណុល (Default) ដោយមូលហេតុដូចជា អសាធនភាព ឬក្ស័យធន។
៣. សញ្ញាបណ្ណមានវត្ថុធានា (Secured Bond) សំដៅដល់សញ្ញាបណ្ណដែលមានដាក់ទ្រព្យសកម្មជាវត្ថុធានា លើកលែងតែ មូលបត្របំណុលដែលមានទ្រព្យធានា (Asset Backed Securities) ដែលត្រូវកំណត់នៅក្នុងបទប្បញ្ញត្តិដោយឡែក។ សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានទទួលលិខិតអនុញ្ញាតពី ធនាគារជាតិនៃកម្ពុជា រួចហើយស ម្រាប់ ការបោះផ្សាយមូលបត្របំណុល ជាប្រភេទសញ្ញាប័ណ្ណសាជីវកម្ម កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នេះបើយោងសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយជាសាធារណៈនៅលើគេហទំព័រហត្ថាកសិករ៕
ដោយ៖ គីម ច័ន្ទលាភ