ហេតុផលសំខាន់ៗ៣យ៉ាងដែលអ្នកត្រូវទទួលយកជាតិម៉ាញេស្យូមឲ្យបានគ្រប់គ្រាន់
ម៉ាញេស្យូមដើរតួសំខាន់នៅក្នុងដំណើរការទាំងឡាយក្នុងរាងកាយរបស់អ្នក។ ហេតុនេះហើយទើបវាគឺជាការចាំបាច់ណាស់ដែលអ្នកត្រូវទទួលយកជាតិម៉ាញេស្យូមឲ្យបានគ្រប់គ្រាន់តាមរយៈអាហារដែលអ្នកបរិភោគប្រចាំថ្ងៃ។ ខាងក្រោមនេះគឺជាហេតុផលសំខាន់ៗ៣យ៉ាងដែលអ្នកត្រូវទទួលយកជាតិម៉ាញេស្យូមឲ្យបានគ្រប់គ្រាន់៖
១) ម៉ាញេស្យូមជាប់ពាក់ព័ន្ធនៅក្នុងរាប់រយប្រតិកម្មជីវគីមីក្នុងរាងកាយរបស់អ្នក
ប្រហែល៦០ភាគរយនៃម៉ាញេស្យូមក្នុងរាងកាយរបស់អ្នកមាននៅក្នុងឆ្អឹង និងនៅសេសសល់ប៉ុន្មានមាននៅក្នុងសាច់ដុំ ជាលិកាទន់ សារធាតុរាវ និងឈាម។ គ្រប់កោសិការបស់អ្នកទាំងអស់ត្រូវពឹងផ្អែកលើវាដើម្បីដំណើរការបាន។ ប្រតិកម្មជីវគីមីដែលម៉ាញេស្យូមជាប់ពាក់ព័ន្ធមានដូចជា ជួយបម្លែងអាហារទៅជាថាមពល ជួយបង្កើតប្រូតេអ៊ីនថ្មីពីអាស៊ីដអាមីណេ ជួយបង្កើតនិងជួសជុលDNA ចលនាសាច់ដុំ និងគ្រប់គ្រងប្រព័ន្ធប្រសាទជាដើម។
២) ម៉ាញេស្យូមអាចជួយការពារពីការឈឺក្បាលប្រកាំង
ការឈឺក្បាលប្រកាំងមានការឈឺចុកចាប់ ធ្វើឲ្យអ្នកក្អួត វិលមុខ និងប្រតិកម្មជាមួយកម្ដៅថ្ងៃនិងសំឡេងកងរំពង។ ការសិក្សាមួយចំនួនបានរកឃើញថា មនុស្សដែលជួបប្រទះនឹងរោគសញ្ញានេះច្រើនតែមានការខ្វះខាតជាតិម៉ាញេស្យូមជាងមនុស្សឯទៀត។ អាហារដែលសម្បូរជាតិម៉ាញេស្យូមខ្ពស់ដូចជា គ្រាប់ល្ពៅ សូកូឡាខ្មៅ សណ្ដែកខ្មៅ គ្រាប់អាល់មុន ផ្លែប័រ និងត្រីសាលម៉ុង អាចជួយកាត់បន្ថយរោគសញ្ញានៃការឈឺក្បាលប្រកាំងនេះបាន។
៣) ម៉ាញេស្យូមអាចកាត់បន្ថយភាពធន់នៃអាំងស៊ុយលីន
ភាពធន់នៃអាំងស៊ុយលីនកើតឡើងនៅពេលដែលសមត្ថភាពរបស់សាច់ដុំនិងកោសិកាថ្លើមនៅក្នុងការស្រូបយកជាតិស្ករពីចរន្តឈាមត្រូវបានខូចខាត។ ម៉ាញេស្យូមដើរតួយ៉ាងសំខាន់នៅក្នុងដំណើរការនេះ។ ហេតុនេះហើយការបង្កើនការទទួលទានអាហារដែលមានជាតិម៉ាញេស្យូមច្រើនអាចជួយទប់ស្កាត់អ្នកពីបញ្ហានេះបាន៕
ដោយ៖ ស្រីពៅ