កម្មវិធី​សន្និសីទ​​ក្រោម​ប្រធាន​បទ “ត្រៀម​សម្រាប់​ដំណើរ​ផ្លូវ​ដ៏វែង​ឆ្ងាយ”​



ក្រុមហ៊ុន​ ANUSSA បាន​ផ្ដួច​ផ្ដើម​បង្កើត​នូវ​​កម្មវិធី​សន្និសីទ​​​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣​ក្រោម​ប្រធាន​បទ​ “ត្រៀម​សម្រាប់​ដំណើរ​ផ្លូវ​ដ៏​វែង​ឆ្ងាយ” ដោយ​មាន​ការ​ចូល​រួម​​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន​ថ្នាំ​ពណ៍​ជាតិ​ និង​សហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​Berocca ​ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៨​ កន្លង​ទៅ​នេះនៅ​ ឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC)។ នៅក្នុង​ឱកាស​នៃ​កម្មវិធី​សន្នសីទ​លើក​ទី​ ៣​ នេះ​ ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​​វាគ្មិន​កិត្តិយស​ដែល​ពោពេញ​ដោយ​ជំនាញ​និង​បទ​ពិសោធន៍​ផ្នែក​អាជីវកម្ម​ចំនួន​ ៦​រូប​ មក​ពី​វិស័យ​សំខាន់​ផ្សេងៗ​គ្នា ​បាន​ចូល​រួម​ធ្វើបទ​បង្ហាញ​រៀង​ៗ​ខ្លួន​ពាក់​ព័ន្ធ​នឹង​ប្រវត្តិ​នៃ​ការ​ចាប់​ផ្ដើម​​អាជីវកម្ម​របស់​ខ្លួន​ ក៏​ដូច​ជាការ​បង្ហាញ​ដល់​អ្នក​ចូល​រួម​ទាំង​អស់​ឲ្យទទួល​បាន​នូវ​​​យុទ្ធសាស្រ្ត​​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​​ដំណើរ​ការ​នៃ​ការ​ធ្វើ​អាជីវកម្មផង​ដែរ​។ ក្នុង​នោះ​ផង​ដែរ​លោក សេង​ ពិសិដ្ឋ ស្ថានិក​ក្រុមហ៊ុន​ ANUSSAបាន​លើក​ឡើង​ថា ​ជំនួញ​មិន​ខុស​អ្វី​អំពី​ការ​រៀន​លើ​មុខ​វិជ្ជា​ផ្សេងៗ​ទៀត​ទេ ព្រោះ​វា​ត្រូវ​ការ​ការ​រៀនដើម្បី​មាន​មូល​ដ្ឋាន​ក្នុង​ការ​ធ្វើ​​ឲ្យ​ចេញជា​លទ្ធផល​ មិន​មែន​គ្រាន់​តែ​ឃើញ​គេ​ជោគ​ជ័យ​ហើយយក​លុយ​ឪពុក​ម្ដាយ​​ធ្វើ​ជំនួញ​តាម​គេ ក្រោយមក​ខាត​បង់​ហើយ​ក៏​ខ្លាយ​​ជា​បាក់​ទឹក​​ចិត្ត​លែង​ចង់​ធ្វើ​ជំនួញ​ហើយ​ទៅ​ធ្វើ​ការ​វិញ​នោះទេ។ លោក​បាន​លើកឡើង​បន្ត​ថា ​នេះ​​ដោយ​សារ​តែ​យើង​មិន​ទាន់​បាន​រៀន​ ដូច​ជា​ពាក្យ​មួយ​គេ​លើក​ឡើង​ថា ឲ្យ​តែ​មាន​គំនិត​គឺ​មាន​លុយ ប៉ុន្តែ​យើង​មិន​ដឹង​ទេ​ថា​ ក្រៅ​ពី​គំនិត​យើង​ក៏​ត្រូវ​ការ​រៀន​ជំនាញបន្ថែម​ជា​ច្រើន​ទៀត ដូច្នេះ​ទើបANUSSA​រៀប​ចំ​​​កម្មវិធី​សន្នសីទ​នេះ​ឡើង ដោយ​លើក​​ទី​មួយ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៦ ក្នុង​គោល​ដៅ​ជម្រុញ​សហគ្រិនភាព​ដើម្បី​ឲ្យ​គ្រប់គ្នា​ចាប់​អារម្មណ៍ ក្រោយ​មក​នៅ​ក្នុង​សន្និសីទ​លើក​ទី២​និង​ទី៣​ក៏​ចាប់​ផ្ដើម​បង្វែរ​ចំណាប់រម្មណ៍​របស់​ពួកគាត់​មក​លើ​ការបង្កើត​មូល​ដ្ឋាន​ជំនួញ​ឲ្យ​រឹង​មាំ​វិញ​។   គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​កម្មវិធី​សន្និសីត​លើក​ទី​៣​ ហើយ​របស់​ក្រុមហ៊ុន​ ANUSSSA ដែល​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ជម្រុញ​សហគ្រិនភាព​របស់​យុវជនកម្ពុជា​ តាមរយៈ​ការ​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ជាក់​ស្ដែង​នូវ​បទ​ពិសោធន៍​របស់​សហគ្រិន​រៀម​ច្បង​ មេរៀន​ដែល​បាន​ឆ្លង​កាត់​ ទស្សនៈវិស័យ​នឹង​ការ​រកស៊ី​ និង​ចក្ខុវិស័យ​ទៅ​ថ្ងៃ​អនាគត៕
X
5s