បញ្ញាសិប្បនិម្មិត AI នឹងឆក់យកការងារអាស៊ាន ២៨លានកន្លែងត្រឹមឆ្នាំ ២០២៨
បើយោងតាមរបាយការណ៍ ចុះផ្សាយកាលពីពេលថ្មីៗនេះ បង្ហាញថា កំណើនដ៏ខ្លាំងក្លានៃបច្ចេកវិទ្យា បានធ្វើឱ្យមេជំនួញធំៗដូចជា លោក Elon Musk នាយកប្រតិបត្តិ Tesla Motors លោក Bill Gates នាយកប្រតិបត្តិ Microsoft និងលោក Mark Zuckerberg មេហ្វេសប៊ុក មានក្ដីបារម្ភ។
ឧស្សាហកម្មមួយចំនួន ត្រូវបាត់បង់កម្លាំងពលកម្មមនុស្ស ជំនួសមកវិញដោយបច្ចេកវិទ្យាថ្មីៗ តួយ៉ាង ស្វ័យប្រវត្តិកម្ម មនុស្សយន្ត និងការស៊ើបការណ៍ប្រើបញ្ញាសិប្បនិម្មិត (AI) ជាដើម។ ការសិក្សាថ្មីមួយមានចំណងជើងថា "បច្ចេកវិទ្យា និងអនាគតការងារអាស៊ាន" ធ្វើឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា Cisco និងក្រុមហ៊ុនវិភាគស្រាវជ្រាវ Oxford Economics បង្ហាញថា បច្ចេកវិទ្យា AI បានធ្វើឱ្យប៉ះពាល់ដល់កម្លាំងពលកម្មមនុស្ស ក្នុងប្រទេសសមាជិកអាស៊ាន មានសេដ្ឋកិច្ចធំទាំង ៦ ASEAN-6 (មាន សិង្ហបុរី វៀតណាម ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន) ។
បង្កើនកំណើនផលិតភាព ការសិក្សាបង្ហាញថា ១០ឆ្នាំខាងមុខ ការច្នៃប្រឌិតក្នុងសម័យបឌីជីថល នឹងបង្ហាញឱកាសដ៏ធំធេង សម្រាប់បណ្ដាប្រទេសអាស៊ាន ដើម្បីបង្កើនផលិតភាព និងភាពចម្រុងចម្រើនរបស់ខ្លួន។ ការប្រើប្រាស់បច្ចេកវិទ្យាមានស្រាប់ កាន់តែច្រើន រួមផ្សំនឹងភាពជឿនលឿន ក្នុងការប្រើប្រាស់ AI តាមរយៈ Software, Hardware និងមនុស្សយន្ត វាកាន់តែមានសក្ដានុពល ក្នុងការផ្លាស់ប្ដូរសមត្ថភាពអាជីវកម្ម។ មានអត្រាប្រជាជនវ័យក្មេង (ពាក់កណ្ដាល ៦៣០ លាននាក់ មានអាយុក្រោម ៣០ ឆ្នាំ) ជាមួយការប្រកួតប្រជែងអន្តរជាតិក្នុងវិស័យផលិតភាព និងកំណែទម្រង់សហគ្រាស អាស៊ាន កំពុងត្រៀមខ្លួនដើម្បីទាញយកប្រយោជន៍នេះ។
យ៉ាងណា ការផ្លាស់ប្ដូរផ្នែកឌីជីថល ក៏ធ្វើឱ្យប៉ះពាល់ដល់ការងារមនុស្សផងដែរ។ ដើម្បីស្វែងយល់ពីឱកាស និងឧបសគ្គ ក្រុមហ៊ុន Cisco របស់អាមេរិក បានធ្វើការជាមួយក្រុមហ៊ុន Oxford Economics ស្វែងរកអ្វីដែលជាការផ្លាស់ប្ដូរនៅទសវត្សរ៍ក្រោយ ថាតើនឹងកើតមានលើការងារក្នុងប្លក់អាស៊ាន។ ក្រុមអ្នកឯកទេសពហុជំនាញ បានប្រមូលផ្ដុំគ្នាគ្រប់ទិសទីក្នុងតំបន់ ដើម្បីផ្ដល់ប្រឹក្សាអំពីតួនាទីនៃបច្ចេកវិទ្យា នៅក្នុងការងារឧស្សាហកម្ម និងការងារផ្សេងទៀត នាពេលអនាគត។ ការសិក្សា បានសិក្សាលើការងារចំនួន ៤៣៣ ក្នុង ២១ វិស័យ ដើម្បីបង្ហាញពីផលប៉ះពាល់នៃបច្ចេកវិទ្យា ចំពោះកម្មករនិយោជិក ដែលមានជំនាញស្មើភាពគ្នាចំនួន ២៧៥ លាននាក់ ដែលធ្វើការនៅអាស៊ានត្រឹមឆ្នាំ ២០២៨។
ការសិក្សាបង្ហាញទៀតថា នៅត្រឹមឆ្នាំ ២០២៨ កម្លាំងពលកម្មតិចជាង ២៨ លាននាក់ ក្នុងប្រទេសទាំងនេះ ពោលគឺច្រើនជាង ១០% នៃកម្លាំងពលកម្មបច្ចុប្បន្ន នៃ ASEAN-6 (មាន សិង្ហបុរី វៀតណាម ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន) នឹងត្រូវតម្រូវឱ្យផលិត កម្រិតផលិតកម្មដូចគ្នាដូចសព្វថ្ងៃ។ នេះបង្កើតឱ្យមានកំណើនផលិតកម្ម គួរឱ្យកត់សម្គាល់ពីការអនុម័តបច្ចេកវិទ្យា ដែលរីករាលដាលកាន់តែច្រើន ជំរុញកំណើន និងបង្កើតតម្រូវការថ្មីសម្រាប់កម្មករ។ វិស័យដែលងាយរងគ្រោះជាងគេបំផុត តាមការសិក្សាទូទៅមួយ បង្ហាញថា ឆ្នាំ ២០២៨ ការងារនឹងខុសប្លែកគ្នាខ្លាំង ព្រោះកន្លែងដែលការងារត្រូវបានបង្កើត ខុសពីកន្លែងការងារដែលត្រូវបានកាត់បន្ថយ។
កម្លាំងកម្មករប្រមាណ ៦,៦ លាននាក់ នៅតំបន់អាស៊ាន នឹងត្រូវបានកាត់បន្ថយដោយ សេណារីយ៉ូបច្ចេកវិទ្យាថ្មី។ ការសិក្សា បង្ហាញថា កសិកម្ម ជាវិស័យងាយរងគ្រោះបំផុត ដ្បិតការអភិវឌ្ឍន៍ថ្មី ដូចជា ប្រព័ន្ធកំណត់ទីតាំងសកលលោក (GPS) ឧបករណ៍ Telematics និងឧបករណ៍ចាប់សញ្ញាឆ្លាតវៃ (smart sensors) នឹងត្រូវគេដាក់ពង្រាយ ដើម្បីទាញយកប្រយោជន៍ឱ្យកាន់តែមានប្រសិទ្ធភាព។ គេបានកត់សម្គាល់ថា នឹងមានកម្លាំងកម្មករពេញម៉ោងស្មើភាពគ្នា តិចជាង ៥,៧ លាននាក់ នៅក្នុងវិស័យកសិកម្មនៅត្រឹមឆ្នាំ ២០២៨ ក្នុង ASEAN-6 (មាន សិង្ហបុរី វៀតណាម ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន)។
សក្ដានុពលនៃការបង្កើតការងារក្នុងវិស័យផ្សេងទៀត ផ្ទុយទៅវិញ វិស័យជាច្រើន នឹងមានតម្រូវការការងារកើនឡើង ព្រោះតែកំណើនថាមពលចំណាយ តាមរយៈការបង្កើនផលិតភាព មានច្រើនជាងការកាត់បន្ថយការងារ ដោយបច្ចេកវិទ្យា។ វិស័យដែលនឹងមានតម្រូវការខ្ពស់ លើកម្លាំងកម្មករ គឺវិស័យលក់ដុំ និងលក់រាយ ពោលមាន ១,៨ លាននាក់ ផលិតកម្ម ០,៩ លាននាក់ សំណង់ ០,៩ លាននាក់ និងវិស័យដឹកជញ្ជូន ០,៧ លាននាក់៕
ដោយ៖ សុម៉ាលីន ប្រភព៖ www.entrepreneur.com