ពិន ពណ្ណរាយ៖ «តស៊ូពីអ្នកសម្អាតយន្តហោះរហូតក្លាយជា Ramp Supervisor និងមានអាជីវកម្មមួយយ៉ាងសមរម្យ»
ក្នុងឯកសណ្ឋានអាវ ពណ៌ស ខោពណ៌ទឹកដោះគោ ស្បែកជើង ប៊ូ តឺនុយយ៉ាង មានរបៀបរៀបរយ ក្នុងហាងកាហ្វេ មួយកន្លែង យុវជន ម្នាក់ បានរៀបរាប់ពីជីវប្រវត្តិ និងបទពិសោធន៍ជីវិត យ៉ាងក្បោះក្បាយប្រាប់ក្រុមការងារគេហទំព័រ BizKhmer។
យុវជនសម្បុរ សណ្ដែកបាយ រូបនេះ មានឈ្មោះ ពិន ពណ្ណរាយ កើតនៅភូមិ ស្លក្រាម ឃុំ ស្លក្រាម ក្រុង និង ខេត្ត សៀមរាប រស់នៅ ក្នុង ក្រុមគ្រសារ មួយដែល មានជីវភាពមធ្យមឪពុក ម្តាយ ជាអ្នកលក់ដូរ នំគូឆាយ និងលតឆាដែលមានម៉ាកយីហោត្រឹមត្រូវ។ យុវជនរូបបាននៅស្ងៀមមួយសន្ទុះ មុននឹងបន្តរៀបរាប់ប្រាប់ពីជីវិតរបស់ខ្លួនដល់ក្រុមការងារ BizKhmer។
ពណ្ណរាយ បន្តថា មុខរបរ លក់នំគូឆាយ និងលតឆានេះហើយ ដែល ធ្វើឲ្យរូបលោក និង បងប្អូន បីនាក់ផ្សេងទៀត បានរស់នៅសមរម្យ និងមានលទ្ធភាពបន្តការសិក្សា ចប់ស្ទើរតែគ្រប់គ្នាខណៈបច្ចុប្បន្ន មាន ប្អូនស្រី ម្នាក់ទៀត កំពុង រៀន ថ្នាក់អនុវិទ្យាល័យ។ យុវជនសម្បុរ សណ្តែកបាយ រាងខ្ពស់ ស្រឡះ បានដកដង្ហើម ធំៗ ហើយរៀបរាប់បន្តថា ទម្រាំបានដល់ចំណុចនេះ គ្រួសារ មួយនេះ បានឆ្លងកាត់ រឿងរ៉ាវ ជាច្រើន ការតស៊ូ ហែលឆ្លងភាពក្រខ្សត់ លំបាក ពេលខ្លះ ស្ទើរតែរក អង្ករ ច្រក ឆ្នាំងមិនបានផង នោះជាពេលដែល លោកពុក និង អ្នកម្តាយ ទើប ចាប់ដៃ គ្នាថ្មីៗ នៅពេល ដែលមានបងស្រីធំម្នាក់ និងនៅពេលចាប់កំណើតលោកម្នាក់ទៀត ទើបឳពុកម្តាយរបស់លោក មានមុខរបរ ច្បាស់លាស់ មួយនោះគឺ នំគូឆាយ លតឆា នេះឯង ដែលកាលពីមុន លោកទាំពីរ ធ្លាប់លក់ពោតកំបោរ ធ្លាប់ធ្វើនំបញ្ចុកសាច់លក់ជាដើម។
ពណ្ណរាយ និង បងស្រី មិនសូវបានស្គាល់ភាពកក់ក្តៅ អ្វីទៅដែលហៅថាការថ្នាក់ថ្នមពីឪពុកម្តាយនោះទេ ព្រោះពួកគាត់ត្រូវ រកស៊ីដើម្បីចិញ្ចឹមគ្រួសារ។ អញ្ចឹងហើយបានកូនតូចៗទាំងពីរនាក់ ត្រូវផ្ញើនឹងបងប្អូន ឲ្យគេជួយមើល ក្រោយមកទៀត បានកូនពីរទៀត ក៏ត្រូវបានបងប្អូនគេជួយមើលថែទៀត ពិសេសគឺបានយាយខាងឪពុក ជាអ្នកមើលបញ្ចុកបាយទឹកព្រឹកល្ងាចរហូតដល់យប់ទើបយកមកផ្ទះវិញ។ ឈប់និយាយពីភាពក្រខ្សត់ ទាំងអំបាលម៉ាន ងាយមកនិយាយពីប្រវត្តិសិក្សារបស់យុវជននេះវិញម្ដង។ ធំដឹងក្តីឡើង បានចូលរៀន នៅសាលាបឋមសិក្សា វត្តពោធិលង្កា អនុវិទ្យាល័យ ព្រះឥន្ទកោសា ជាបន្តបន្ទាប់ រហូតចប់ វិទ្យាល័យ ១០ មករា ១៩៧៩ និងបន្តថ្នាក់ បរិញ្ឮាបត្រ ចប់ឆ្នាំ២០១១ព្រមទាំបាន បញ្ចប់ ថ្នាក់អនុបណ្ឌិត ជំនាញ គ្រប់គ្រង ប្រកបដោយជោគជ័យ នៅឆ្នាំ២០១៤។
បទពិសោធន៍ការងារ
លោក ពិន ពណ្ណរាយ បានរៀបរាប់ដោយទឹកមុខញញឹមថា ១១ ឆ្នាំ ចាប់តាំងពីចប់ ថ្នាក់វិទ្យាល័យ លោកមានការងារធ្វើ និងឈប់សុំលុយអ្នកផ្ទះចាយ។ ត្រង់ចំណុចនេះ លោកហាក់ដូចជាអៀនបន្តិចខ្មាសបន្តិចហើយបន្តទៀតថា ប៉ុន្តែថវិកាត្រូវបង់ថ្លៃសាលា នៅតែអ្នកម្តាយ ជាអ្នកផ្គត់ផ្គង់ដ៏ដែល ព្រោះការងារដំបូងដែលទទួលបាន នោះមិន មានប្រាក់ខែឡើយ គឺបានបងប្រុសម្នាក់ គាត់នែនាំ ឲ្យធ្វើ ដើម្បីបាន បទពិសោធន៍ប៉ុននោះ តែក៏បាន លុយថ្លៃទឹកតែ ខ្លះៗគ្រាន់ដោះស្រាយ ការចាយវាយ និងចំណាយ សម្រាប់ខ្លួនឯងខ្លះដែរ នោះគឺការងារជា អ្នក យួរកាបូប ឲ្យភ្ញៀវ តាមបន្ទប់ នៅសណ្ឋាគារ(Bellboy)។
ធ្វើការងារនេះបាន ពីរខែ លោកមានឱកាស ផ្លាស់ ប្តូរការងារទៅសណ្ឋាគារថ្មី មួយទៀត មុខងារជាអ្នកលើក កាបូបដដែល ប៉ុន្តែលើកនេះ ប្រសើរជាងមុនបន្តិច ពីព្រោះជាការងារទីមួយ ដែលលោកបាន ទទួលបានប្រាក់ខែដំបូងដោយទទួលបាន ៤៥ដុល្លារ ក្នុងមួយខែ ។ មិនបានប៉ុន្មាន លោកមានឱកាសថ្មីមួយទៀត គឺប្តូរពី អ្នកយួរកាបូបតាម បន្ទាប់ មកជាអ្នកទទួលភ្ញៀវ (receptionist) ដោយទទួលបានប្រាក់ខែ តែ ៦៥ដុល្លារក្នុងមួយខែ នៅឆ្នាំ២០០៨ ។ បន្ទាប់ មកទៀត នៅឆ្នាំដដែល លោកបាន ការងារថ្មី មួយទៀត គឺជាអ្នកលក់ ផលិតផលសុខភាពនិង ជីកសិកម្ម បទពិសោធន៍ ការងារមួយនេះ គឺជាការងារមួយដែលលោក ទទួលបានច្រើនបំផុត ក្នុងជីវិតការងារកន្លង មក ពីព្រោះថា លោកបានចេះដឹងច្រើនពីសង្គម ស្គាល់មនុស្ស ស្គាល់ទីក្រុង ជនបទ ឆ្ងាយៗ ពេលខ្លះ ជាអ្នកលក់ក្នុងការិយាល័យ ពេលខ្លះ ជាអ្នកផ្សព្វផ្សាយ តាមទីផ្សារ ជនបទឆ្ងាយៗ ពេលខ្លះ ជា វាគ្មិន បកស្រាយ ចម្ងល់ អតិថិជន ទាក់ទង នឹងផលិតផល តាមវិទ្យុ ពេលខ្លះ ជាអ្នក បើកត្រាក់ទ័រ ពេលខ្លះជាអ្នក ដើរប្រមូលលុយ ។ល។
ការងារមួយនេះគឺជាការងារ ដែល លោក ចងចាំមិនភ្លេច ព្រោះវាមានអនុស្សាវរីយ៍ យ៉ាងច្រើន ជាមួយប្រធានក្រុមហ៊ុន ក៏ដូចជាបុគ្គលិករួមការងារ ទោះបីជាពេលនេះ លោកបាន ឈប់ធ្វើការជាមួយគ្នាក៏ដោយ ក៏លោកនៅតែមាន ទំនាក់ទំនង ល្អ ជាមួយក្រុមការងារចាស់ដ៏ដែល ពិសេសគឺពួកគាត់ នៅតែ មានការណាត់ ជួប ម្តងម្កាល។ សម្រាប់ ពណ្ណរាយ ប្រធានក្រុមហ៊ុនចាស់នេះហើយដែលជាប្រធានដ៏ល្អ សម្រាប់ បុគ្គលិក ដូចជារូបលោក ចងចាំ រាល់ បទពិសោធន៍ ចំណេះដឹង គឺពួកគាត់ចែករំលែក ឥតព្រំដែន។
ប៉ុន្តែ អ្វីៗតែងតែ មានការផ្លាស់ប្ដូរ ក្រោយមកទៀតលោក បាន ផ្លាស់ប្តូការងារពីក្រុមហ៊ុនទៅ អង្គការក្រៅរដ្ឋាភិបាលវិញម្តង ហើយជាអង្គការ ដែលទាក់ទង និង ផលិតផលកសិកម្មដែរ។ ក្រោយពីបំរើការងារ នៅអង្គការ បានមួយរយៈ ក៏បាន ផ្លាស់ប្ដូរ មក ការងារ នៅក្រុមហ៊ុន បច្ចុប្បន្ន គឺ អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប ដោយបានចូលបម្រើការ ដំបូងនៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១២ ជាអ្នក សម្អាត យន្តហោះ (Aircraft Cleaner )រហូត ដល់ ថ្ងៃ ១៥ ខែ កុម្ភៈ ឆ្នាំ២០១៤ ដោយការខិតខំ ប្រឹងប្រែង ទើបមានឱកាស បាន ប្ដូរមុខងារថ្មី ជា Ramp leader និង បច្ចុប្បន្ន ទទួលបានតួនាទីថ្មី ជា Ramp Supervisor រហូតដល់មកដល់បច្ចុប្បន្ន។
ពណ្ណរាយបានរៀបរាប់ដូច្នេះថា ៖« ត្រង់នេះមិនមែនខ្ញុំ ចង់អួត ពីតួនាទីឬមុខតំណែងអ្វីនោះទេ តែគ្រាន់ចង់ចែករំលែក ពីបទពិសោធន៍ និងចង់ចែករំលែកដល់ ប្អូនៗជំនាន់ក្រោយថា ដើម្បីទទួលបានជោគជ័យ គឺទាមទារ ឲ្យមានការប្រឹងប្រែង ខិតខំតស៊ូ និងព្យាយាម គ្រប់បែបយ៉ាង ដោយមិនបោះបង់។ ហើយរយៈពេលចុងក្រោយនេះ ក្រៅពីបំពេញការងារ ខ្ញុំក៏ជាអ្នក លក់ លតឆា នំគូឆាយ បានសម្រេចដែលកំពុងទទួលបានការគាំទ្រពីអតិថិជនផងដែរ»៕